ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ខ្សែ​ជីវិត​ពិត​របស់​ក្រុម​ក្មេង​ខ្មែរ

  • 2016-12-25 03:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បីល្បាញ​នៃ​បទ​ចម្រៀង​របស់ ក្មេង​ខ្មែរ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ចង់​ដឹង​ពី​ខ្សែ​ជីវិត​តស៊ូ​របស់​ពួក​គេ ដែល​មាន​ទេពកោសល្យ​អាច​និពន្ធ និង​ច្រៀង​រួមគ្នា​បាន​យ៉ាង​ល្អ។ ជឿ​ថា អ្នក​គាំទ្រ​ប្រាកដ​ជា​ចង់​ដឹង​ឈ្មោះ​ពិត ប្រវត្តិ​ពិត​របស់​អ្នក​ទាំង​ពីរ ថា​តើ​ពួកគេ​រៀន​បាន​កម្រិត​ណា ស្រុក​កំណើត​នៅ​ខេត្ត​ណា ចេះ​និពន្ធ និង​ច្រៀ​ង​តាំង​ពី​ពេល​ណា ជួប​ឧបសគ្គ​ឆ្លង​កាត់​​ភាព​លំបាក​បែប​ណា​ខ្លះ ទើប​អាច​ក្លាយ​ជា​តារា​ចម្រៀង​វ័យ​ក្មេង​ដូច​បច្ចុប្បន្ន?

សមាជិក​ក្រុម "ក្មេង​ខ្មែរ" មាន​ឈ្មោះ​ពិត គឺ កៅ ពន្លឺ និង ជា សុជាតិ។

  • ពន្លឺ មាន​ជំនាញ​ខាង រ៉េប និពន្ធ និង​មាន​អាយុ ២៤ ឆ្នាំ និង​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូង​ឃ្មុំ បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស ឯកទេស​គ្រូ​បង្រៀន​នៅ IFL ជា​ក្មេង​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រៀន​សូត្រ ទំនេរ​ពី​ការ​សិក្សា​ច្រៀង​លេង​កម្សាន្ត និង​ស្រមៃ​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​ចម្រៀង​យុវវ័យ​ម្នាក់។
កៅ ពន្លឺ (ខាងឆ្វេង)

- សុជាតិ ដែល​មាន​ជំនាញ​ខាង​ច្រៀង និពន្ធ លេង​ហ្គីតា មាន​អាយុ ២១ ឆ្នាំ ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ ជា​យុវជន​ស្វះស្វែង​រៀន​សូត្រ រហូត​ត្រូវ​គេ​ទទួល​ស្គាល់​ជា​សិស្ស​ពូកែ និង​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង និង​អ្នក​និពន្ធ​ចម្រៀង​ម្នាក់។ ភាព​ជឿ​ជាក់ និង​ឆន្ទៈ​ដ៏​មោះមុត​របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​របស់​ពួកគេ​បាន​ក្លាយ​ជា​ការ​ពិត។

សូម​ស្វែង​យល់​ជីវិត​ពិត​របស់​ក្មេង​ខ្មែរ​ឲ្យ​កាន់​តែ​ច្បាស់​តាម​រយៈ​កិច្ច​សម្ភាស​តាម​ទូរសព្ទ​រវាង​ក្រុម​ក្មេង​ខ្មែរ និង​ក្រុម​ការងារ​ម៉េកណូលា គីងកុ ភ្លឹស រយៈ​ពេល ១៥ នាទី៖

សំណួរ៖ ប្អូន​មាន​ចិត្ដ​ស្រឡាញ់​តន្ត្រី​ចម្រៀង​នេះ​តាំង​ពី​តូច​មក​ឬ​មែន?

  • ពន្លឺ៖ ខ្ញុំ​ចូល​ចិត្ត​ច្រៀង​បែប​រ៉េប​ខ្លាំង​ណាស់ តាំង​ពី​តូច​ដល់​ធំ ដើរ​ទៅ​ណា​មក​ណា ខ្ញុំ​តែង​រ៉េបរ​ហូត ហើយ​ឥឡូវ​នេះ ក្រៅ​ពី​ច្រៀង​រ៉េប ខ្ញុំ​ក៏​ខិតខំ​ហ្វឹកហាត់​ច្រៀង​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត។
  • សុជាតិ៖ ចំណែក​ខ្ញុំ​វិញ ចូល​ចិត្ត​ហាត់​រៀន​លេង​ហ្គីតា តាំង​ពី​អាយុ ៨ ឆ្នាំ ហើយ​បច្ចុប្បន្ន​ខ្ញុំ​ក៏​បាន​ពង្រឹង​បន្ថែម​លើ​ជំនាញ​ច្រៀង និង​រាំ​របស់​ខ្ញុំ​ជា​បន្ត​បន្ទាប់​ដែរ។

សំណួរ៖ ប្អូន​គិត​ថា ប្អូន​ជា​សិស្ស​ល្អ​ម្នាក់​ដែរ​ឬ​ទេ? ការ​សិក្សា​សំខាន់​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្អូន?

  • ពន្លឺ៖ ការ​សិក្សា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ពួក​ខ្ញុំ។ កាល​នៅ​រៀន ពួក​យើង​បាន​ប្រឹង​ប្រែង​រៀន​យ៉ាង​ខ្លាំង រហូត​បាន​ក្លាយ​ជា​សិស្ស​ពូកែ។

សំណួរ៖ ចំណេះ​ដឹង​អ្វី​ខ្លះ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​ពី​ការ​សិក្សា ហើយ​បាន​យក​ទៅ​អនុវត្ត​ជា​ប្រយោជន៍​សម្រាប់​អាជីព​ចម្រៀង​របស់​ប្អូន​សព្វ​ថ្ងៃ?

  • សុជាតិ៖ បាទ បង! គឺ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​ចងចាំ​ខ្ពស់។ ក្នុង​នាម​ជា​អ្នក​និពន្ធ​ចម្រៀង​ដោយ​ខ្លួន​ឯង ពួក​ខ្ញុំ​ចាំបាច់​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​ជួន​រណ្តំ ដើម្បី​និពន្ធ​ចម្រៀង​មួយ​បទ​ឲ្យ​ស្តាប់​ទៅ​ពីរោះ មាន​អត្ថន័យ​គ្រប់​គ្រាន់ និង​ច្បាស់​លាស់ ទោះ​បី​ជា​ឃ្លា​រ៉េប​ក៏ដោយ។

សំណួរ៖ ដើម្បី​ក្លាយ​ជា​គូ​ចម្រៀង​ដ៏​ស័ក្តិសម ប្អូន​សហការ​គ្នា​យ៉ាង​ដូច​ម្ដេច?

  • ពន្លឺ៖ ពួក​យើង​បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​ការងារ​ឲ្យ​ស៊ី​សង្វាក់​គ្នា។ ពេល​ខ្លះ​ពួក​យើង​ក៏​មាន​បញ្ហា​ទាស់​យោបល់​គ្នា​ដែរ តែ​ពួក​យើង​មិន​បាន​បោះ​បង់​ចោល​ឆន្ទៈ​រួម​របស់​យើង​នោះ​ឡើយ ពួក​យើង​ព្យាយាម​ស្វែង​យល់​ពីគ្នា យោគ​យល់​គ្នា និង​គោរព​ស្រលាញ់​គ្នា ព្រោះ​ការ​សាមគ្គី​ជា​ធ្លុង​មួយ ពិត​ជា​កម្លាំង​សំខាន់​ដើម្បី​ក្ដី​ស្រមៃ​រួម​របស់​យើង​ទាំង​ពីរ។

សំណួរ៖ អ្វី​ដែល​ជំរុញ​ទឹក​ចិត្ត​អ្នក​ទាំង​ពីរ នៅ​ពី​ក្រោយ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មួយ​ដែល​អាច​ទទួល​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយ​ខ្ពស់ ដូចជា​បទ បុណ្យ​ភូមិ នេះ?

  • ពន្លឺ៖ អ្វី​ដែល​អស្ចារ្យ​នៅ​ពី​ក្រោយ​បទ បុណ្យ​ភូមិ នេះ គឺ​ពួកយើង​បាន​និពន្ធ​ចម្រៀង​នេះ​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​មិត្តភ័ក្តិ យើង​ធ្វើ​ចម្រៀង​នេះ​ឡើង​ទាំង​អស់​គ្នា ដើម្បី​កែ​លម្អ​បទ​ចម្រៀង "បុណ្យ​ភូមិ" នេះ​ឲ្យ​កាន់​តែ​ល្អ​ដូច​អ្វី​ដែល​បង​ប្អូន​គ្រប់​គ្នា​បាន​ស្តាប់ និង​ស្រឡាញ់​ចូល​ចិត្ត។ ទាំង​នេះ​គឺ​ជា​លទ្ធផល​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គី​ភាព​របស់​ពួក​យើង ព្រោះ​ពួកយើង​បាន​ចំណាយ​ទាំង​ពេល​វេលា ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​យ៉ាង​ច្រើន ទម្រាំ​បាន​ចេញ​ជា​ផ្លែផ្កា​ដូច​នេះ។

សំណួរ៖ ប្អូន​ធ្លាប់​គិត​ថា​បទ​ចម្រៀង​នេះ នឹង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​អ្នក​គាំទ្រ​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ​ឬ​ទេ?

  • ពន្លឺ៖ ពួក​ខ្ញុំ​សង្ឃឹម​ថា បទ​ចម្រៀង​នេះ​នឹង​ទទួល​ការ​ពេញ​និយម ប៉ុន្តែ​ពួក​ខ្ញុំ​មិន​បាន​គិត​ថា​បទ​នេះ​នឹង​ល្បី​ខ្លាំង​យ៉ាង​នេះ​ឡើយ។ ពួក​ខ្ញុំ​មាន​មោទន​ភាព និង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​អ្នក​ទាំង​អស់​គ្នា​គាំទ្រ​ស្នាដៃ​របស់​ពួក​ខ្ញុំ។ សព្វថ្ងៃ​នេះ​នៅ​តាម​ពិធី​មង្គលការ បង​ប្អូន​និយម​យក​បទ "បុណ្យ​ភូមិ" មក​រាំ ច្រៀង​យ៉ាង​សប្បាយ​រីករាយ ហើយ​នេះ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប និង​ពិសេស​ខ្លាំង​មែន​ទែន។

សំណួរ៖ ប្អូន​មាន​ដំបូន្មាន​អ្វី​ខ្លះ​ដល់​សិស្ស​ឯ​ទៀត​នៅ​ពេល​បច្ចុប្បន្ន​នេះ?

  • សុជាតិ៖ ការ​សិក្សា ជា​ទ្រព្យធន​ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ ហើយ​វា​ក៏​ជា​ធនធាន នឹង​អាច​ជួយ​សម្រេច​ក្ដី​ស្រមៃ​ឲ្យ​ក្លាយ​ជា​ការ​ពិត ដូច្នេះ​សូម​ប្អូនៗ​ទាំង​អស់​គ្នា​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​បាន​ច្រើន ចេះ​ច្រើន​ចម្រើន​អនាគត។

សំណួរ៖ ប្អូន​មាន​ផែន​ការ​អ្វី​ខ្លះ​សម្រាប់​អនាគត? និង​គម្រោង​ចេញ​បទ​ចម្រៀង​ថ្មី​ដែរ​ទេ?

  • ពន្លឺ៖ មាន​បង! គឺ​យើង​ខិត​ខំ​រក​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ដើម្បី​និពន្ធ​បទ​ភ្លេង និង​ចម្រៀង​ពីរោះៗ ត្រូវ​នឹង​ស្ថានភាព​យុវជន និង​ចំណូលចិត្ត​របស់​ពួក​គាត់​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។ ឆ្នាំ​ថ្មី​២០១៧ នេះ ពួក​យើង​នឹង​ចេញ​បទ​ចម្រៀង​ថ្មីៗ ហើយ​សង្ឃឹម​ថា​បង​ប្អូន មិត្ត​យុវវ័យ​ទាំង​អស់​នឹង​ចូល​ចិត្ត ហើយ​គាំទ្រ​ពួក​យើង​ដូច​បទ បុណ្យ​ភូមិ ផង​ដែរ។

សំណួរ៖ ប្អូន​ធ្វើ​យ៉ាងណា​ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ?

  • សុជាតិ៖ តាម​ធម្មតា ខ្ញុំ​ចូលចិត្ត​លេង​កីឡា គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​ទឹក​ដោះ​គោ គីងកុ ព្រោះ​ខ្ញុំ​ត្រូវ​ការ​ថែទាំ​សុខភាព និង​ខួរ​ក្បាល​ឲ្យ​បាន​ល្អ ដើម្បី​ខិត​ខំ​រៀនសូត្រ និង​ធ្វើការ។
  • ពន្លឺ៖ សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ផ្ដោត​លើ​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀង​ទាត់ និង​ហាត់​ប្រាណ មិន​ប៉ះ​ពាល់​គ្រឿង​ស្រវឹង ឬ​ក៏​គ្រឿង​ញៀន​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព។

សំណួរ៖ ជា​ចុងក្រោយ មាន​ពាក្យពេចន៍​អ្វី​ផ្ញើ​ជូន​អ្នក​គាំទ្រ​របស់​ប្អូន​ដែរ​ឬ​ទេ?

  • ពន្លឺ៖ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​មិត្ត​យុវវ័យ​ទាំង​អស់​គ្នា ខ្ញុំ​ក៏​ជា​យុវជន​ម្នាក់​ដែរ ខ្ញុំ​ដឹង​ថា​យុវវ័យ​ចូល​ចិត្ត​ធ្វើ​អ្វី​សប្បាយៗ តែ​កុំ​សប្បាយ​ភ្លេច​ខ្លួន កុំ​លលេង​ជា​មួយ​គ្រឿង​ញៀន វា​បំផ្លាញ​អនាគត​របស់​អ្នក "យុវជន​ល្អ ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន" បើ​អ្នក​អផ្សុក​ចង់​កម្សាន្ត សូម​យក​ពេលវេលា​នោះ​មក​ស្តាប់​បទ​ចម្រៀង​វិញ។
  • សុជាតិ៖ ចំណែក​ខ្ញុំ​សូម​ឲ្យ​មិត្ត​យុវវ័យ​យក​ចិត្ត​ទុក​ដាក់​ខំ​រៀន​សូត្រ ទាន់​ខ្លួន​នៅ​ក្មេង ចំណេះវិជ្ជា​គឺ​ជា​ស្ពាន​ចម្លង​យើង​ទៅ​រក​ភាព​ជោគជ័យ និង​ក្តី​ស្រមៃ​របស់​ខ្លួន ពុំ​មាន​អ្នក​ណា​ម្នាក់​អាច​ជួយ​យើង​បាន​ឡើយ បើ​យើង​មិន​អាច​ជួយ​ខ្លួន​ឯង​នោះ។ ហើយ​បើ​ធុញថប់ អ្នក​អាច​សម្រាក ទៅ​លេង​កីឡា​ដើម្បី​សុខភាព៕

ដោយ៖ សុផាត