គ្រួសារ​កូន​តូចៗ​​១២​នាក់​ ​​​​ហូរ​ទឹក​​ភ្នែក​​​ ព្រោះ​មានអំ​ពូល​ភ្លើង​អាគុយ​តែ​​​​​១​ ​​ពេល​យប់

  • 2016-12-25 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ធំ​មួយ​ ដែល​មាន​​ក្មេង​តូចៗ​ចំនួន​១២​នាក់ រស់​នៅ​លើ​ផ្ទះ​តែ​១​ខ្នង​ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំ​​ក្រូច​ ស្រុក​​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ បាន​រៀប​រាប់​​ទាំង​ទឹក​​​ភ្នែក​ថា ​ពួកគេ​មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង​មែន​ទែន ខណៈ​​​នៅ​ពេល​យប់​ គឺ​មាន​តែ​អំពូល​ភ្លើងតែ​១​គត់​ ចាប់​អាគុយ​​​ ​សម្រាប់​​បំភ្លឺ​ប៉ុណ្ណោះ។

ក្មេង​តូចៗ​ចំនួន​១២​នាក់ ដែល​​រស់​នៅ​ផ្ទះ១​ខ្នង អំពូល​ភ្លើង​តែ​១

ក្រុមហ៊ុន​ Total Cambodge​ ​​ដៃ​គូ​សហការ​​របស់​គម្រោង​ «ផ្លូវ​ទៅ​ស្រុក» ​បាន​​ចែក​ជូន​អំពូល​ភ្លើង​ Solar ​ចំនួន​២ ដែល​មាន​អាយុ​កាល​៥​ឆ្នាំ​ ដល់​គ្រួសារ​ដ៏​ខ្វះ​ខាត​ខ្លាំង​មួយ​នេះ​ ក៏​ដូច​ជា​ជួយ​ដល់​ក្មេងៗ ​ដែល​រស់​នៅ​ទាំង​​លំបាក​វេទនា ​ហើយ​​ក្មេងៗ​ខ្លះ​ ត្រូវ​ការ​ពន្លឺ​ភ្លើង​​រៀន​សូត្រ​ នា​ពេល​រាត្រី​ផង​ដែរ។

អ្នកស្រី​ សន ហាន ​និង​អ្នក​ស្រី​ ​ពៅ​ ស្រី​លា​ ​បាន​រៀប​រាប់​​ទាំង​ទឹក​​ភ្នែក​រលីងរលោង​ថា ​​សព្វ​ថ្ងៃ​គ្រួសារ​​របស់​អ្នក​ស្រី​ ស៊ី​ឈ្នួល​ច្រូត​ស្រូវ​គេ។ ក្នុង​១​ផ្ទះ​នេះ​​​រស់​នៅ​៣​គ្រួសារ និង​មាន​កូន​តូចៗ​១២​នាក់ ​ហើយ​អ្នក​ស្រី​គ្មាន​លទ្ធភាព​​​​​ដាក់​ភ្លើង​អគ្គិសនី​ប្រើ​នោះ​ទេ ដោយ​​​មាន​តែ​អាគុយ​​មួយ​ប្រើ​​តែ​៣​ថ្ងៃ គឺ​​អស់​ថាមពល។ ក្រោយ​ពី​ទទួល​​​បាន​អំពូល​​ភ្លើង Solar​ ​អ្នក​ស្រី​បាន​និយាយ​ថា៖ "ខ្ញុំ​សូម​​ជូន​ពរ​ដល់​ក្រុមហ៊ុន​ Total ​​ឲ្យ​​កាន់​តែ​រីក​ចម្រើន​​​ទៅ​មុខ ​ដែល​បាន​ជួយ​ដល់​គ្រួសារ​យើង​ខ្ញុំ”។

ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ចែក​ជូនអំពូល​ភ្លើង​ Solar ​ដែល​ក្រុមហ៊ុន​ Total ឧបត្ថម្ភឲ្យ

ចំណែក​ឯ​ប្អូន​ស្រី ​របស់​អ្នក​ស្រី​ទាំង​២​នាក់​ខាង​លើ​ ​​ដែល​មាន​អាយុ​២៨​ឆ្នាំ​ ​មាន​កូន​តូចៗ​៦​នាក់​ ​បច្ចុប្បន្ន​កំពុង​សម្រាក​​ព្យាបាល​វះកាត់​​ជំងឺ​ដុះ​សាច់​ក្នុង​ក្រពះ​នៅ​ភ្នំ​ពេញ​ ខណៈ​​​ប្តី​ក៏​ទៅ​តាម​ជួយ​មើល​ថែ​ដែរ និង​សង្ឃឹម​អាច​​រស់​តិច​តួច​ណាស់។ រីឯ​កូន​តូចៗ​ទាំង​៦​នាក់​របស់​ពួកគេ​ កំពុង​រស់​នៅ​ជាមួយ​ពូ​មីង​ ទាំង​​លំបាក​វេទនា ​ហើយ​​​​ក្មេង​ខ្លះ​ពុំ​មាន​​សូម្បី​ខោ​អាវ​ស្លៀក​ពាក់​ឡើយ៕

សូម​ទស្សនា​​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ វិន ជីវ័ន្ត​