ទិដ្ឋភាព​កម្រ ​​​​របៀប​​​​​​​រើ​​ផ្ទះ​​​ពី​ដូន​តា​ខ្មែរ​ ​​​នៅ​មាន​នៅ​ឡើយ

  • 2016-12-27 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធីសាស្ត្រ​​រើ​ផ្ទះ​ទាំង​មូល​​ តាំង​ពី​ដូនតា​ខ្មែរ ​​ដើម្បី​ផ្លាស់​ប្ដូរ​ទីតាំង​​​ នៅ​ឃើញ​មាន​នៅ​ឡើយ​​ នៅ​ភូមិ​ថ្នួង​ ឃុំ​​បុស​ខ្នុរ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម។

ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧១ នៅ​ខេត្ត​កំពង់ចាម​ ក៏​ប្រទះ​ឃើញ​ទិដ្ឋភាព​ដ៏​កម្រ​នេះ​ ​ដោយ​ឃើញ​បង​ប្អូន​អ្នក​ភូមិ​សាមគ្គី​គ្នា​យ៉ាង​សកម្ម​​ ជួយ​គ្នា​រំកិល​អូស​​ផ្ទះ ទៅ​​ដាក់​នៅ​ទីតាំង​ថ្មី​មួយ​ទៀត ចម្ងាយ​ជាង​២​គីឡូម៉ែត្រ។

លោក​​តា​ សុខ​ សឿង​ ដែល​ជា​ម្ចាស់​ផ្ទះ​ បាន​​​ឲ្យ​ដឹង​ថា ​​អ្នក​​ដែល​មក​ជួយ​លោក​​តា​​អូស​ផ្ទះ​នេះ​ មាន​ចំនួន​ជាង​ ៣០​នាក់ ហើយ​ពួកគេ​មិន​បាន​យក​ឈ្នួល​អ្វី​ទេ គឺ​​មក​ដើម្បី​ជួយ​គ្នា​​ ក្នុង​​នាម​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ឬ​អ្នក​ជិត​ខាង។ លោក​តា​បន្ត​ថា ​​វិធី​សាស្ត្រ​រើ​ផ្ទះ​ (អូស) ទាំង​មូល​នេះ​ ជា​ប្រពៃណី​ដូន​តា​ខ្មែរ​មួយ ហើយ​ធ្វើ​បាន​តែ​​ប្រភេទ​ផ្ទះ​ឈើ​ទេ។ ពី​មុន​គេ​ប្រើ​កម្លាំង​មនុស្ស​ច្រើន​នាក់​ ដើម្បី​សែង​ផ្ទះ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ភូមិ​ចេះ​វិធី​ច្នៃ​យក​គោយន្ត​អូស​ពី​មុខ​ ដើម្បី​ជំនួយ​កម្លាំង។

សម្រាប់​ផ្ទះ​លោក​តា គឺ​ត្រូវ​ប្ដូរ​​ទៅ​ទីតាំង​ថ្មី​ចម្ងាយ​ជាង​ ២​គីឡូម៉ែត្រ​ ពី​ទីតាំង​ចាស់ ខណៈ​ដែល​វិធីសាស្ត្រ​អូស​ផ្ទះ​នេះ​ នៅ​​តែ​មាន​ជា​រឿយៗ​ សម្រាប់​អ្នក​ភូមិ​ថ្នួង៕

អត្ថបទ៖ វិន ជីវ័ន្ត​