ធ្វើ​រួច​​ភ្លាម​ ​ស្ពាន​ឫស្សី​កោះ​ប៉ែន​ចាប់​ផ្តើម​ទាក់​ទាញ​អ្នក​ដំណើរ​ខ្លាំង

  • 2017-01-04 01:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​មិន​ដាច់​​ឡើយ​ អ្នក​ដំណើរ​បាន​ឆ្លង​កាត់​ស្ពាន​ឫស្សី​​ពី​​​ទី​រួម​ខេត្ត​កំពង់ចាម​​ឆ្ពោះ​​ទៅ​កោះ​ប៉ែន​ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​​យប់​ បន្ទាប់​ពី​ស្ពាន​នេះ​ត្រូវ​បាន​ធ្វើ​រួច​រាល់​មិន​ទាន់​បាន​មួយ​ខែ​ផង​នោះ។ ដើម្បី​បំពេញ​តម្រូវ​ការ​ឆ្លង​កាត់​កាន់​តែ​ច្រើន​ និង​បង្ក​ភាព​ងាយ​ស្រួល​ ម្ចាស់​ស្ពាន​បាន​​កំពុង​ធ្វើ​ស្ពាន​បន្ថែម​មួយ​ទៀត​ដែល​ពេល​នេះ វា​បាន​ក្លាយ​ជា​ ស្ពាន​ឫស្សី​ភ្លោះ​កោះ​ប៉ែន។

លោក​ យ៉ុង អូន​ ​ម្ចាស់​ស្ពាន​ឫស្សី​កោះ​ប៉ែន

លោក​ យ៉ុង អូន​ ​ម្ចាស់​ស្ពាន​ឫស្សី​កោះ​ប៉ែន​បាន​​ប្រាប់​ថា​ ​សម្រាប់​ឆ្នាំ​នេះ​ លោក​បាន​ចាប់​​ផ្តើម​ធ្វើ​ស្ពាន​កាល​ពី​ខែ​តុលា​​ និង​​ទើប​តែ​ដាក់​ឲ្យ​ឆ្លង​កាត់​នៅ​ដើម​ខែ​ធ្នូ។ ស្ពាន​នេះ​មាន​ប្រវែង​​៩០០​ម៉ែត្រ​ និង​មាន​ទទឹង​៣​ម៉ែត្រ។ ​ស្ពាន​ឫស្សី​ដែល​​​ត្រូវ​ប្រើ​ប្រាស់​​ឫស្សី​អស់​ចំនួន​៤​ម៉ឺន​ដើម​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣​ទៅ​៤​តោន។ ដើម្បី​​ងាយ​ស្រួល​ដល់​ការ​ឆ្លង​កាត់​ លោក​បាន​ធ្វើ​ស្ពាន​បន្ថែម​​មួយ​ទៀត​​ដែល​វា​បាន​ក្លាយ​ជា​ស្ពាន​ភ្លោះ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​​ការ​ធ្វើ​ស្ពាន​ភ្លោះ​ បន្ទាប់​ពី​ឆ្នាំ​​២០១៥​កន្លង​ទៅ​​​បាន​​ធ្វើ​ម្តង​ហើយ​ ប៉ុន្តែ​​ចាប់​ពី​ឆ្នាំ​ដំបូង​រហូត​ដល់​ឆ្នាំ​២០១៤​មាន​ស្ពាន​តែ​មួយ​ប៉ុណ្ណោះ។ ​​

ម្ចាស់​ស្ពាន​ឫស្សី​រូប​នេះ​បន្ត​ថា​ ​ដើម្បី​​ការពារ​សុវត្ថិភាព​​ អ្នក​នៅ​ក្នុង​រថយន្ត​ត្រូវ​ចុះ​ដើរ​ អ្នក​បើក​ត្រូវ​ដោះ​ខ្សែក្រវាត់​ចេញ​ ប៉ុន្តែ​សម្រាប់​​​ម៉ូតូ​វិញ​ជិះ​ធម្មតា។ ទោះ​បី​យ៉ាង​ណា​ ចាប់​តាំង​ពី​លោក​ធ្វើ​ស្ពាន​​ឫស្សី​នេះ​រយៈ​ពេល​១០​ឆ្នាំ​មក​គឺ​មិន​ធ្លាប់​មាន​បញ្ហា​សុវត្ថិភាព​ណា​មួយ​​កើត​ឡើង​ឡើយ។ នៅ​ខាង​មុខ​ស្ពាន​​មាន​ដាក់​ស្លាក​ណែនាំ​ និង​លេខ​ទូរសព្ទ​ដែល​​អ្នក​បើក​រថយន្ត​ភាគ​ច្រើន​បាន​តេ​ទូរសព្ទ​ទៅ​សួរ​នាំ​មុន​​​ពេល​ឆ្លង​ជា​ពិសេស​សម្រាប់​ប្រភេទ​រថយន្ត​ដែល​​មាន​ទម្ងន់​ចាប់​ពី​៣​តោន​ឡើង។​

សូម​ទស្សនា​វីដេអូ​បទ​សម្ភាសន៍

សម្រាប់​ឆ្នាំ​នេះ​ បន្ទាប់​ពី​​ស្ពាន​មួយ​បាន​​ធ្វើ​រួច​រាល់​ ភ្ញៀវ​ចាប់​ផ្តើម​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ហូរ​ហែ​​ក្នុង​នោះ​មាន​ទាំង​អ្នក​ដើរ​ ​ជិះ​កង់​ រទេះ​សេះ​ ម៉ូតូ​ និង​រថយន្ត។ ជា​ពិសេស​ពេល​ល្ងាច​ចាប់​ពី​ម៉ោង​៤​ទៅ​សំបូរ​​យុវវ័យ​ជិះ​ម៉ូតូ​ទៅ​លេង​កោះ​ប៉ែន​ណាស់​ ខណៈ​ឆ្នេរ​ខ្សាច់​កំពុង​លេច​ចេញ​ពណ៌​មាស​ជា​បណ្តើរ​ៗ​ ហើយ​កន្លែង​អង្គុយ​​លំហែ​កាយ​​​លើ​ខ្សាច់​មាត់​ទឹក​ក៏​​ត្រូវ​បាន​ធ្វើ​ច្រើន​ហើយ​ដែរ។

ចំពោះ​តម្លៃ​​វិញ​ ​អ្នក​​ដើរ​ត្រូវ​បង់​៥០០​​​រៀល អ្នក​ជិះ​កង់​​តម្លៃ​៥០០​រៀល​ ម៉ូតូតម្លៃ​១០០០​រៀល អ្នក​ជិះ​ម៉ូតូ​ជា​ជន​បរទេស​តម្លៃ​៤០០០​រៀល និង​រថយន្ត​តម្លៃ​១​ម៉ឺន​រៀល​ ​ប៉ុន្តែ​​​ប្រភេទ​រថយន្ត​ដឹក​នាំ​​ទំនិញ​ខ្នាត​តូច​ជា​ដើម​ក៏​គិត​តម្លៃ​​ផ្សេង​ទៀត​៕

អត្ថបទ៖ ជាន ចាន់រ៉ា