កោះកុង អ្នក​ផង​មើល​រំលង​ មាន​ឆ្នេរ​​ស្អាត​​វែង​អន្លាយ​មិន​ចាញ់​កោះរ៉ុង​

  • 2017-01-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះកុង​ជា​កោះ​ដ៏​ធំមួយ​ស្ថិត​នៅ​ចម្ងាយ​ជាង ២៥ គីឡូម៉ែត្រ​ពី​ខេត្ត​កោះកុង។​ នៅ​លើ​កោះ​មាន​ទេសភាពស្រស់ស្អាត​ប្រកបដោយភាពទាក់ទាញ​ ជាមួយ​ឆ្នេ​រ​វែង​អន្លាយ​​ ប៉ុន្តែ​ដោយសារ​មិន​ទាន់​មាន​ការអភិវឌ្ឍ​​រួម​ទាំង​​ការ​ផ្សព្វផ្សាយ​ច្រើន​ ​ទើប​ធ្វើ​ឲ្យ​កោះ​​ឋានសួគ៌​នេះ​​​​​ហាក់​ស្ថិត​នៅ​​សែន​ឆ្ងាយ​ពី​ក្រសែ​ភ្នែកភ្ញៀវ​ទេសចរ​​ទាំង​ឡាយ។

លោក ប៊ុន បៀវ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា កោះកុង​ជា​កោះ​ធំ​បំផុត​ក្នុង​ចំណោម​កោះ​ទាំង ២៣​ របស់​ខេត្ត​កោះកុង។ កោះ​កុងមាន​​​ឆ្នេរ​ស្អាត​មិន​​ចាញ់​កោះរ៉ុងដ៏​ល្បី​​ក្នុង​ខេត្តព្រះសីហនុ​ឬ​​​ស្អាត​ជាង​​ផង​ ប៉ុន្តែ​ដោយសារ​​ខ្វះការអភិវឌ្ឍ​ និង​ការ​ផ្សព្វផ្សាយ​ច្រើន​ ទើប​ធ្វើ​ឲ្យ​កោះ​ដែល​លោក​ហៅ​ជាកោះ​​​​ឋានសួគ៌​​នេះ នៅមិន​​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​​បាន​ច្រើន។​

​ស្ថិត​នៅលើ​ផ្ទៃទឹក​ធំ​ល្វឹងល្វើយ​​ នៅលេីកោះកុងសំបូរ​​ធនធាន​ធម្មជាតិ​ សត្វព្រៃ មច្ឆា ផ្កាថ្ម និង​ជីវៈចម្រុះ​បាត​សមុទ្រ​រួមទាំង​ឆ្នេរ​កម្សាន្ត​ ៥ កន្លែង​។ ​ភ្ញៀវ​ដែល​ចង់​មក​លេង​ អាច​ធ្វើ​ដំណើរ​តាម​ទូក​ចំណាយ​ពេល​ប្រហែល ៤០ នាទី​ចេញ​ពីក្រុង​ខេមរភូមិន្ទ។

លោក​ប្រធាន​មន្ទីរ​បានឲ្យ​ដឹង​បន្ត​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​អភិវឌ្ឍ​រមណីយដ្ឋាន​​បណ្តោះ​អាសន្ន​នៅលើ​​កោះ​​​​កុង ជាមួយ​ការ​​ផ្តល់​សេវាកម្ម​ហូប​ចុក​និង​​ស្នាក់នៅ​​ដល់​ភ្ញៀវ​ដែល​មក​កម្សាន្ត​​។

បច្ចុប្បន្ន​ តំបន់​កោះ​​ទាំង​មូល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​​របស់​អង្គភាព​យោធា​ជើងទឹក៕

អត្ថបទ៖ ប៊ុណ្ណារ៉ា