អតីត Freshie Boy ថៃ នរៈពិទូ ប្រឈមជាប់ពន្ធនាគារ ពី១-៥ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកគ្រឿងញៀន
- 2017-01-12 04:50:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីត Freshie Boy ថៃ នរៈពិទូ ប្រឈមជាប់ពន្ធនាគារ ពី១-៥ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសរក្សាទុកគ្រឿងញៀន
ចន្លោះមិនឃើញ
អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ព្រមទាំងភរិយា ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ដោយចោទប្រកាន់ពីបទ រក្សាទុកគ្រឿងញៀន ដែលបទល្មើសត្រូវប្រឈមជាប់ពន្ធនាគារយ៉ាងតិច ២ឆ្នាំ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
មាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានចែងថា ការទិញ ការរក្សាទុក ឬការប្រើប្រាស់ដោយដឹងហេតុផល នៃធនធាន និង ទ្រព្យសម្បត្តិ ដែលបានមកពីបទល្មើស ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ឆ្នាំ និង ពិន័យជាប្រាក់ ប្រាំលានរៀល ដល់ ដប់លានរៀល ឬផ្ដន្ទាទោសណាមួយ ក្នុងទោសទាំងពីរ។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរគ្រឿងញៀន បានប្រាប់ Sabay ថា សមត្ថកិច្ចបានចាប់ផ្ដើមបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីបានប្រកាសផ្លូវការអំពីយុទ្ធនាការរបស់ខ្លួន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅ។ នៅក្នុងយុទ្ធនាការនេះ សមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីបោសសំអាតអំពើប្រព្រឹត្តិ ឬចែកចាយគ្រឿងញៀន ដោយមិនដឹងថា នរណាជាអ្នកតូច ឬ ធំ ឬក៏ជាតារានោះទេ។ "ខ្ញុំមិនបានដឹងដែរ ទើបតែឃើញមានព័ត៌មាននៅលើបណ្ដាញសង្គមថា សមត្ថកិច្ចយើងបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងនោះមានតារាល្បីឈ្មោះម្នាក់"។
ប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់របស់សមត្ថកិច្ចនៅខេត្តបាត់ដំបង អំពីបទល្មើសពាក់ព័ន្ធនឹង ការរក្សាទុកគ្រឿងញៀន គឺប្រឈមនឹងការជាប់ទោសពី ១-៥ ឆ្នាំ ដូចមានចែងនៅក្នុងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
គិតត្រឹមថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣៧៩ ករណី ក្នុងនោះឃាត់ខ្លួនបាន ៩២៧ នាក់ ក្នុងតួលេខនេះ មានស្រ្តី ៥៥នាក់។ តួលេខនេះក៏បូករួមបញ្ចូល អតីត Freshie Boy ថៃ នរៈពិទូ និង ភរិយាផងដែរ។ នេះបើតាមការបញ្ជាក់ពី លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរគ្រឿងញៀន៕