៥យ៉ាង កំហុសធ្ងន់បំផុតរបស់យុវវ័យ ច្រើននាំឱ្យជីវិតបរាជ័យទាំងនៅក្មេង
- 2017-01-13 09:22:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាង កំហុសធ្ងន់បំផុតរបស់យុវវ័យ ច្រើននាំឱ្យជីវិតបរាជ័យទាំងនៅក្មេង
ចន្លោះមិនឃើញ
ដើម្បីក្លាយជាបុគ្គលជោគជ័យទាំងវ័យក្មេង តើយុវវ័យគួរមានចំណុចណាខ្លះ? ហើយចុះមូលហេតុអ្វីបានជាយុវវ័យខ្លះច្រើនមិនទទួលបានភាពជោគជ័យ? ដូចនេះចំណុចណាខ្លះគួរតែមានក្នុងភាពជាយុវវ័យ? ខាងក្រោមនេះជាការលើកឡើងរបស់យុវវ័យមួយចំនួនជុំវិញបញ្ហានេះ៖
១. ទម្លាប់អាងឪពុកម្ដាយ
និស្សិតអាហារូបករណ៍មកពី សហរដ្ឋអាមេរិកជំនាញអប់រំ កញ្ញា ប្រាក់ មុន្នីលក្ខ លើកឡើងថា៖ "ចំពោះខ្ញុំយល់ឃើញថា កំហុសធ្ងន់បំផុតរបស់យុវវ័យមួយចំនួន គឺទម្លាប់អាងលើឪពុកម្ដាយ"។ កញ្ញាបន្តទៀតថា៖ "ខ្ញុំឃើញជាក់ស្ដែងក្នុងសង្គមតែម្ដងភាគច្រើនបុគ្គលដែលជោគជ័យគឺ កើតឡើងតាមរយៈការបណ្ដុះខ្លួនឯងឱ្យមានឯករាជ្យភាព"។ ចំណុចនេះមានន័យថាអ្នកខ្លះអាងលើឪពុកម្ដាយជាអ្នកធូរធារ មិនខិតខំរៀន ឬរៀនជំនាញអ្វីមួយឱ្យច្បាស់លាស់ទេ គិតថាមិនចាំបាច់ព្រោះមិនខំក៏មិនអី ប៉ុន្តែផ្ទុយទៅវិញអ្នកខ្លះពេលឪពុកម្ដាយចែកទ្រព្យ មានរបរឱ្យរកស៊ីហើយបែរជាមិនចេះធ្វើទៅវិញ។ ដូចនេះទោះមានទ្រព្យសម្បត្តិប៉ុន្តែគ្មានចំណេះវិជ្ជាក៏មិនរីកចម្រើនដែរ។
២. មិនឱ្យតម្លៃពេលវេលា
កញ្ញា ប្រាក់ មុន្នីលក្ខ ដដែលបានបន្តទៀតថា ពេលវេលាគឺពិតជាមានតម្លៃណាស់ អ្វីៗអាចទិញបានប៉ុន្តែពេលវេលាទោះមានលុយច្រើនប៉ុណ្ណាក៏មិនអាចទិញបានដែរ។ យុវវ័យមួយចំនួន ច្រើនធ្វើរឿងដែលមិនសូវមានប្រយោជន៍ ចំណាយពេលវេលាចោលទទេៗ អ្នកខ្លះឃើញតែបង្ហោះក្នុងហ្វេសបុករឿងសប្បាយៗជាមួយមិត្តភក្ដិ ជាមួយស្នេហា ព្យាយាមស្រាវជ្រាវរកតែកន្លែងកម្សាន្តដើរលេង មិនស្រាវជ្រាវរកការងារ ឬកម្មវិធីល្អៗក្នុងសង្គមនោះទេ។ ដូច្នេះហើយបានជា យុវវ័យមួយចំនួនពេលរៀនចប់ហើយច្រើននៅចាយលុយឪពុកម្ដាយ ព្រោះដាក់ពាក្យធ្វើការមិនដែលជាប់។
៣. គ្មានផែនការក្នុងជីវិត
ត្រង់ចំណុចនេះនិស្សិតពេទ្យទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល លោក បណ្ឌិតបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា រឿងដែលយុវវ័យត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការរៀបចំផែនការក្នុងជីវិតឱ្យត្រូវជាមួយទេពកោសល្យសមត្ថភាពដែលខ្លួនមាន។ លោកបន្តទៀតថា អ្នកខ្លះមិនបានស្គាល់ពីសមាសភាពរបស់ខ្លួនឯងនោះទេ មិនបានដាក់គោលដៅឱ្យប្រាកដ មិនបានកំណត់ថា ថ្ងៃនេះធ្វើអ្វី? ថ្ងៃស្អែកត្រូវធ្វើ? ហើយធ្វើដើម្បីនោះទេ។ ដូច្នេះហើយត្រូវស្គាល់ពីខ្លួនឯងឱ្យច្បាស់ថាចង់ធ្វើអ្វី ទេពកោសល្យសមត្ថភាពទៅខាងណា កុំចេះតែធ្វើទៅតាមការប៉ានស្មាន ដោយយោងទៅលើកត្តាទីផ្សារ និងតម្រូវការការងារសំខាន់ឱ្យតែចេះអ្វីឱ្យប្រាកដក៏អាចរកលុយបានដែរ។
៤. មិនដឹងចំណុចខ្សោយរបស់ខ្លួន
លោកបណ្ឌិត និយាយមួយចំណុចទៀតថា ដើម្បីធ្វើឱ្យជីវិតប្រសើរឡើង និងទទួលបានភាពជោគជ័យនោះគឺត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួន។ ការដឹងពីចំណុចខ្សោយរបស់ខ្លួនគឺល្អជាងការដឹងតែពីចំណុចខ្លាំង ត្រូវរកឱ្យឃើញថាមូលហេតុអ្វីបានជាធ្វើរឿងនេះក៏បរាជ័យ ធ្វើរឿងនោះក៏បរាជ័យ ដាក់ពាក្យធ្វើការក៏មិនដែលជាប់ ទាំងនេះគឺបណ្ដាលមកពីមិនរកមើលពីចំណុចខ្សោយរបស់ខ្លួន។ ពេលដឹងថាចំណុចខ្សោយហើយ គឺចាត់ទុកជាចំណុចចាប់ផ្ដើមឈានទៅរកភាពជោគជ័យ ព្រោះអាចយកភាពខ្សោយរបស់ខ្លួនទៅបំពេញ និងពង្រឹងខ្លួនឯងឱ្យមានសមត្ថភាព ដើម្បីប្រកួតប្រជែងជាបន្តទៀត។
៥. មានទស្សនៈត្រូវតែសប្បាយ
កញ្ញា ផុន ធាវី និស្សិតបញ្ចប់ការសិក្សាផ្នែក ធនាគារ និងហិរញ្ញវត្ថុនិយាយថា៖ "ខ្ញុំតែងឮយុវវ័យមួយចំនួនធំច្រើននិយាយថា កុំទៅខ្វល់ពេកនៅក្មេងសោះគួរតែធ្វើរឿងសប្បាយៗទៅ តែបើក្រឡេកមើលទៅពួកគាត់ហាក់ដូចមិនទាន់មានអ្វីឱ្យប្រាកដក្នុងខ្លួនសោះ"។ ដូចនេះមានន័យថា យុវវ័យមិនមែនសំដៅលើអត្ថន័យនេះទេ យុវវ័យជាវ័យល្អបំផុតក្នុងការបង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សមានទំនួលខុសត្រូវ ចេះផ្ដល់តម្លៃឱ្យពេលវេលា ប្រមូលផ្ដុំបទពិសោធន៍ ការសិក្សាជាដើម។ ក៏ប៉ុន្តែមិនមែនមិនមានការកម្សាន្តសុទ្ធនោះទេ តែត្រូវឱ្យការកម្សាន្តសប្បាយត្រឹម ២០%បានហើយ កុំ១០០%ភាគរយក្នុងភាពជាយុវវ័យជាមួយការកម្សាន្តសប្បាយអី៕
ចុះចំណែកប្រិយមិត្តអ្នកអានវិញ គិតថានៅមានចំណុចណាទៀត?