ភាគ​ថៃ​ល្បីៗ ២ រឿង នឹង​បញ្ចាំង​ដើម​ខែ​កុម្ភៈ នៅ​ភីអិនអិន

  • 2017-01-30 08:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈ​​ខ្សែ​ភាពយន្ត​ភាគ​ថៃ ២ រឿង គឺ «ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ» និង «សុភាព​បុរស​បវររុត» ដែល​កំពុង​ចាក់​បញ្ចាំង​ក្នុង​ម៉ោង ៩:០០-១០:០០ យប់ កាន់​តែ​ជិត​ដល់​ភាគ​បញ្ចប់ រឿង​ភាគ​ថៃ​ថ្មី ២ រឿង​ផ្សេង​ទៀត គឺ​រឿង «សុភាព​បុរស​ភុតធិផាត់» និង​រឿង «ផ្កា​រីក​ក្រោម​ពពក» នឹង​មក​អង្រួន​បេះដូង​ប្រិយមិត្ត​ទស្សនិកជន ដោយ​នាំ​មក​ជាមួយ​រសជាតិ​គ្រប់​បែប​ក្នុង​សាច់​រឿង​ទាំង​ពីរ​នេះ។

«ផ្កា​រីក​ក្រោម​ពពក» នឹង​មក​ជំនួស​រឿង «ភ្លើង​ស្នេហ៍​ភ្លើង​គំនុំ» ដែល​នឹង​ចប់​នៅ​ថ្ងៃ​ទី​១ កុម្ភៈ នេះ។ ភាព​យន្ត​នេះ​ចូលរួម​សម្តែង​ដោយ​ស្រី​ស្រស់​ប្រុស​សង្ហា ដូចជា Denkhun Ngamnet (Prince Tawinnaron) ចាប់​ដៃគូ​ជាមួយ Tisha Tantiprasut (Mei/Meya) រួម​ទាំង​តារា​ឆ្នើមៗ​ជា​ច្រើន​ដួង​ទៀត។

«ផ្កា​រីក​ក្រោម​ពពក» ជា​ខ្សែ​ភាព​យន្ត​បែប​ថ្មី​មួយ​ទៀត តម្រូវ​ឲ្យ​ព្រះអង្គ​ម្ចាស់ ថាវីន រាជទាយាទ​នៃ​វាំង​ថនឺន ត្រូវ​រត់​គេច​ពី​ការ​តាម​សម្លាប់​របស់​ឧត្ដមសេនីយ៍ ៣ នាក់។ ការ​រត់​គេច​នេះ​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ដល់​ប្រទេស​ថៃ ហើយ​ក៏​បាន​ជួប​ជាមួយ​នារី​ម្នាក់​គឺ​នាង ចម្ប៉ា។ បន្ទាប់ពី​បាន​ជួបគ្នា នាង​ចម្ប៉ា ក៏​សម្រេច​ចិត្ត​រត់​គេច​ជាមួយ​ព្រះអង្គ​ម្ចាស់ ថាវីន រហូត​ដល់​ក្រុង​បាងកក និង​លាក់​ខ្លួន​នៅ​កន្លែង​លោត​ម៉ុង​សាយ របស់​ហ៊ា​ឆូត​ណាំ​ឆ័យ ដោយ​លាក់​ពី​ប្រវត្តិ​ខ្លួន និង​ហាត់​លោត​ម៉ុង​សាយ​រហូត​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​អ្នក​ជំនាញ​លោត​ម៉ុង​សាយ។ ប៉ុន្តែ​ការ​រស់​នៅ​របស់​ព្រះអង្គ​ម្ចាស់​មិន​បាន​សុខ​ស្រួល​រហូត​ទេ ដោយ​សារ​តែ​ឧត្ដមសេនីយ៍​ទាំង​៣​នាក់​នោះ នៅ​តែ​ស៊ើបអង្កេត និង​ព្យាយាម​តាម​សម្លាប់​ព្រះអង្គ។

អ្វី​ជា​មូលហេតុ​ពិត​បណ្ដាល​ឲ្យ​ឧត្ដមសេនីយ៍​ទាំង​៣​នាក់​នោះ​តាម​សម្លាប់​ព្រះអង្គ​បែប​នេះ? តើ​ខ្សែ​ជីវិត​ព្រះអង្គ​អាច​រត់​គេច​ពី​ការ​តាម​សម្លាប់​នេះ​ដោយ​របៀប​ណា? បើ​ចង់​ដឹង​ច្បាស់ សូម​កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​រឿង «ផ្កា​រីក​ក្រោម​ពពក» ដែល​នឹង​ផ្សាយ​ជូន​ទស្សនា​ចាប់​ពី​ថ្ងៃ​ទី​១ កុម្ភៈ រាល់​ថ្ងៃ​ចន្ទ ដល់ ពុធ វេលា​ម៉ោង ៩:០០ យប់ត​ទៅ។

ដោយ​ឡែក ភាគ​ថៃ​មួយ «សុភាព​បុរស​ភុតធិផាត់» នឹង​មក​បម្រើ​អារម្មណ៍​ប្រិយមិត្ត​បន្ទាប់​ពី​រឿង «សុភាព​បុរស​បវររុត»។

«សុភាព​បុរស​ភុតធិផាត់» ជា​សុភាព​បុរស​ទី​៣​នៃ​សុភាព​បុរស​ទាំង​៥។ ប្រិយមិត្ត​ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ​ជាមួយ​ភាព​យន្ត​មួយ​នេះ ដោយ​សារ​តែ​តារា​ដែល​គ្រង​ដំណែង​ក្នុង​រឿង​នេះ គឺ​លោក James Jirayu (Khun Chai Puttipat) និង​កញ្ញា Bella Ranee (Krongkaew) រួម​នឹង​តារា​សម្តែង​ល្បីៗ​ជា​ច្រើន​ទៀត។

តួអង្គ ភុតធិផាត់ សម្តែង​ដោយ James Ji ក្នុង​រឿង​នេះ គឺ​ជា​គ្រូពេទ្យ​កំលោះ​ដ៏​សង្ហា និង​ជា​កូន​អ្នក​ជំនួញ​ចិន​ដ៏​មាន​ទ្រព្យ​ម្នាក់។ វាសនា​បាន​តម្រូវ​ឲ្យ​គ្រូ​ពេទ្យ​កំលោះ​ម្នាក់​នេះ​ជួប​នារី​ធម្មតា​ម្នាក់ (Krongkaew) ហើយ​ក៏​មាន​ចិត្ត​ស្រលាញ់ និង​បាន​ជួយ​នាង​ឲ្យ​រួច​ផុត​ពី​ស្រី​ស្នំ​របស់​ស្តេច ដោយ​រៀប​គម្រោង​រៀប​ការ​ក្លែងក្លាយ ទាំង​លាក់​អារម្មណ៍​ពិត​រៀងៗ​ខ្លួន ព្រោះ​តែ​មិន​យល់​ពី​ចិត្ត​គ្នា។

«សុភាព​បុរស​ភុតធិផាត់» នឹង​បញ្ចាំង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ រាល់​ថ្ងៃ​ព្រហស្បតិ៍ ដល់ សៅរ៍ វេលា​ម៉ោង ៩:០០ យប់ បន្ទាប់​ពី​រឿង «សុភាព​បុរស​បវររុត»៕

ដោយ៖ សុផាត