ងួន សុភាព៖ អំណោយ​ល្អ​បំផុត​មិន​មែន​បាយ មិនមែន​លុយ គឺ​ចំណេះវិជ្ជា

  • 2017-02-01 04:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ងួន សុភាព ស្ថាបនិក​របស់ "​ភូមិ​បុត្តាយា" បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ក្រោម​ការ​សហការ​ពី​អ្នក​ឧបត្ថម្ភ​នានា ដោយ​ចែក​អំណោយ​ដល់​កុមារ​ក្រីក្រ​ចំនួន ២០០​នាក់ កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ។ ក្នុង​ឱកាស​នោះ លោក​បាន​លើក​ឡើង​នូវ​ពាក្យ​មួយ​ឃ្លា​ថា "អំណោយ​ល្អ​បំផុត​មិន​មែន​បាយ មិនមែន​លុយ គឺ​ចំណេះវិជ្ជា"។

កុមារ​ទាំង ២០០នាក់​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​មួយ​ចំនួន​នោះ មក​ពី​​សាលា​បឋមសិក្សា​ភ្នំពេញ​ថ្មី ។ ចំណែក​កម្មវិធី​ចែក​អំណោយ​សប្បុរសធម៌​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ចូល​ឆ្នាំ​ចិន​នៅ​ទីតាំង​របស់ "ភូមិ​បុត្តាយា" ផ្លូវ​លេខ១៩៦៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។

​លោក ងួន សុភាព ស្ថាបនិក​របស់ "​ភូមិ​បុត្តាយា" បាន​និយាយ​ថា៖ «ធ្វើ​ម៉េច​យើង​កើត​មក​ក្រ ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​ត្រូវ​ខំ​រៀន ដើម្បី​អនាគត​ភ្លឺស្វាង។ មាន​តែ​ចំណេះ​ទេ​ដែល​អាច​អោយ​យើង​មាន​អនាគត​ភ្លឺ​ស្វាង​បាន ភ្លឺ​ស្វាង​ទាំង​ខ្លួន​ឯង ទាំង​សង្គម​ផង។ ថ្ងៃ​នេះ​ខ្ញុំ​ជា​អ្នក​ផ្ដល់​អំណោយ សង្ឃឹម​ថា២០ឬ ៣០ឆ្នាំ​ក្រោយ ប្អូនៗ​ទាំង​អស់​គ្នា​ជា​អ្នក​ផ្ដល់​អំណោយ​អោយ​អ្នក​បន្តបន្ទាប់ ប៉ុន្តែ​អំណោយ​ដែល​ល្អ​បំផុត​មិនមែន​ជា​អំណោយ​បាយ មិនមែន​ជា​សៀវភៅ ក៏​មិនមែន​ជា​អំណោយ​លុយ​ដែរ គឺ​អំណោយ​នៃ​ចំណេះ​វិជ្ជា»។

លោក​បាន​បន្ត​ថា អ្វី​ដែល​លោក រួម​ទាំង​អ្នក​ឧបត្ថម្ភ​នានា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​រឿង​ធុំ​ដុំ​អ្វី​ទេ គ្រាន់​តែ​ជា​រឿង​តូច​តាច​មួយ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អាច​ធ្វើ​បាន។ លោក​បាន​លើក​ឡើង​ទៀត​ថា មិន​ចាំ​បាច់​ទាល់​តែ​ធ្វើ​​ធំ​ទេ គឺ​អាច​ចាប់​ផ្ដើម​ពី​តូច​ទៅ ដើម្បី​ជា​គំរូ​ដល់​អ្នក​ដទៃ និង​ដើម្បី​ចូលរួម​សកម្មភាព​នេះ​កាន់​តែ​ផុលផុស​ឡើងៗ។ បច្ចុប្បន្ន​សង្គម​ខ្មែរ​ត្រូវការ​អ្នក​ចេះ​ដឹង ត្រូវការ​អ្នក​មាន​បេះដូង​ល្អ បាន​ន័យ​ថា មាន​ទាំង​ខួរ​ក្បាល មាន​ទាំង​បេះដូង​ដើម្បី​ធ្វើ​អោយ​សង្គម​យើង​កាន់​តែ​រីក​ចម្រើន៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម