ក្បាច់ពិសេស ៥យ៉ាងយកទៅប្រើពេលម៉ាក់ប៉ាខឹង ធានាថាមានប្រសិទ្ធភាព
- 2017-02-02 05:29:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់ពិសេស ៥យ៉ាងយកទៅប្រើពេលម៉ាក់ប៉ាខឹង ធានាថាមានប្រសិទ្ធភាព
ចន្លោះមិនឃើញ
ពេលម៉ាក់ប៉ាខឹងម្ដងៗពិតជាពិបាកចិត្តណាស់មែនអត់? ហើយមិនដឹងថាត្រូវធ្វើដូចម្ដេចទើបលោកឈប់ខឹងមែនទេ? ខាងក្រោមនេះជាវិធីសាស្ត្រពិសេសដើម្បីឱ្យម៉ាក់ប៉ាឈប់ខឹង ពីអ្នកជំនាញលួងម៉ាក់ប៉ា។
១. សន្យាជាមួយម៉ាក់ប៉ា
ស្នៀតពិសេសរបស់យុវតីវ័យក្មេង កញ្ញា វាសនា ជានិស្សិតរៀនជំនាញគ្រប់គ្រងប្រាប់ថា៖ "ចំពោះខ្ញុំពេលប៉ាម៉ាក់ខឹងម្ដងៗមានតែសន្យាជាមួយគាត់ ប្រាប់ថាថ្ងៃក្រោយឈប់ធ្វើចឹងទៀតហើយ"។ វាសនា និយាយថា កន្លងមកឧស្សាហ៍ធ្វើឱ្យម៉ាក់ប៉ាខឹងញឹកញាប់ដែរ ព្រោះពេលខ្លះ វាសនា ដើរលេងញឹកញាប់ជាមួយមិត្តភក្ដិក្នុងថ្ងៃឈប់សម្រាក មិនសូវមានពេលវេលាផ្ដល់ឱ្យម៉ាក់ប៉ា។
២. គក់ច្របាច់
ចំពោះ សុជាតិ វិញជានិស្សិតរៀនជំនាញគ្រប់គ្រងជាមួយវាសនាដែរ បានប្រាប់ពីគន្លឹះពិសេសរបស់ខ្លួនថា ពេលម៉ាក់ប៉ាខឹង វិធីសាស្ត្រល្អបំផុតគឺទៅគក់ច្របាច់ឱ្យលោកទាំងពីរទៅ ជាពិសេសម៉ាក់តែម្ដងដែលចិត្តទន់ជាប៉ា។
៣. ធ្វើការងារផ្ទះ
ក្បាច់ពិសេសមួយទៀតរបស់ សុជាតិដដែលនោះគឺ ពេលម៉ាក់ ឬប៉ាខឹងម្ដងៗ ដើម្បីធ្វើឱ្យលោកទាំងពីរបាត់ខឹងវិញនៅថ្ងៃនោះគួរតែធ្វើការងារផ្ទះឱ្យច្រើន។ សុជាតិប្រាប់ថា ការងារផ្ទះទាំងនោះដូចជាប្រមូលខោអាវម៉ាក់ប៉ាយកទៅបោកគក់ បោសសំអាតផ្ទះ ឬធ្វើការងារជាច្រើនទៀតដើម្បីឱ្យម៉ាក់ប៉ាឃើញ។
៤. ធ្វើលំហាត់ មើលមេរៀនឱ្យម៉ាក់ប៉ាឃើញ
សុជាតិ យុវតីសម្បូរក្បាច់លួងម៉ាក់ប៉ារូបនេះនិយាយថា ៖ "វិធីសាស្រ្តដ៏ល្អមួយទៀតនោះគឺនៅពេលគាត់ខឹងចឹង គួរតែយកសៀវភៅ ឬធ្វើលំហាត់នៅមុខគាត់ ដើម្បីឱ្យគាត់ឃើញ ហើយគាត់អាចឈប់ខឹង បន្ទាប់មកញញឹមដាក់វិញ"។
៥. កុំចង់យកឈ្នះជាមួយម៉ាក់ប៉ា
សារ៉ន យុវជនសម្បុរស្រអែម ទើបតែបញ្ចប់ការសិក្សាជំនាញសំណង់ស៊ីវិល ប្រាប់ថា ចំពោះលោកពេលម៉ាក់ប៉ាខឹងមិនមានវិធីសាស្រ្តអ្វីច្រើនទេ គឺគ្រាន់តែកុំតមាត់ជាមួយលោកទាំងពីរទៅបានហើយ។ សារ៉នបន្តទៀតថា ម៉ាក់ប៉ា ស្ដីបន្ទោសព្រោះចង់ឱ្យកូនល្អ ដូច្នេះហើយជាកូនល្អមិនគួរចង់ចាញ់ឈ្នះជាមួយអ្នកមានគុណនោះទេ៕