វីរបុរស​អាល្លឺម៉ង់​ Philipp Lahm ​ប្រកាស​ចូលនិវត្តន៍​ ពី​ពិភព​បាល់ទាត់

  • 2017-02-08 03:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​​ក្រុម​ជម្រើស​ជាតិ​​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​​ Philipp Lahm ​​និង​ជា​ប្រធាន​ក្រុម​ Bayern Munich ​​បាន​ប្រកាស​​​យប់​មិញ​ថា ​នឹង​ចូល​និវត្តន៍​​ពី​ពិភព​បាល់ទាត់​ នៅ​ចប់​រដូវ​កាល​នេះ​ហើយ។

Philipp Lahm អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

បន្ទាប់​ពី​ជួយ​ Bayern ឈ្នះ​ Wolfsburg ១-០ ​នៅ​ German Cup វគ្គ​១៦​ក្រុម​យប់​មិញ ​កីឡាករ​​វ័យ​​៣៣​ឆ្នាំ​ ​បាន​និយាយ​ថា៖ "ខ្ញុំ​នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ នៅ​ចប់​រដូវ​កាល​នេះ។ ខ្ញុំ​បាន​ពិចារណា​ចូល​និវត្តន៍​ ជាង​១​ឆ្នាំ​មក​ហើយ។ ខ្ញុំ​បាន​ជូន​ដំណឹង​ដល់​ក្លឹប​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។ ខ្ញុំ​អាច​បន្ត​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម​ ដោយ​ព្យាយាម​ហ្វឹកហាត់ និង​លេង​ឲ្យ​បាន​ល្អ​បំផុត​ រហូត​ដល់​ចប់​រដូវ​កាល​នេះ”។

Lahm ​លេង​ឲ្យ​ក្រុម​ Bayern តាំង​ពី​តូច​ និង​ជាប់​ឈុត​ធំ​ តាំង​ពី​ឆ្នាំ​២០០២។ ​ខ្សែ​ការពារ​ស្ដាំ​រូប​នេះ ​​បង្ហាញ​ខ្លួន​ឲ្យ​ Bayern សរុប​៥០១​ប្រកួត​ ​ឈ្នះ​ពាន​ Bundesliga ៧​, German Cups ​៦ និង​ UEFA Champions League ​១ដង។ ​​រីឯ​នៅ​ជម្រើស​ជាតិ​វិញ ​​Lahm ​​លេង​បាន​១១៣​ប្រកួត​ និង​ជា​ប្រធាន​ក្រុម​ដ៏​ឆ្នើម​ ដែល​ជួយ​ឲ្យ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​​លើក​ពាន​ FIFA World Cup ​កាល​ឆ្នាំ​២០១៤ ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​