​វិស្វកម្ម​គីមី​-​អាហារ​ មុខ​ជំនាញ​ដែល​កម្ពុជា​​​កំពុង​ត្រូវ​​ការ​ និង ទៅ​អនាគត​​

  • 2017-02-10 08:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​នេះ​​ ​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នូវ​​​បញ្ហា​មួយ​ចំនួន​​លើ​ផ្នែក​ចំណី​អាហារ​មាន​​ដូច​ជា​ ការ​ប្រើ​ប្រាស់​សារធាតុ​គីមី​ហាម​ឃាត់​ទៅ​ក្នុង​អាហារ​ និង ការ​​ខ្វះខាត​នូវ​រោង​ចក្រ​​​​ធំ​ៗ​ដើម្បី​កែច្នៃ​​ចំណី​អាហារ​ជា​ដើម​។​​​

​បើ​តាម​​ការ​លើក​ឡើង​របស់​ កញ្ញា​ ​ហោ​ ស៊ីវ​ម៉ី​ ជា​​អនុប្រធាន​ដេប៉ាតឺម៉ង់​​ទេពកោសល្យ​គីមី​ និង អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ មុខ​ជំនាញ​ គីមី​ និង អាហារ​គឺ​ជា​​ជំនាញ​បច្ចេកទេស​មួយ​មាន​សារៈសំខាន់​​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​​មាន​សេដ្ឋកិច្ច​ពឹង​ផ្អែក​​លើ​វិស័យ​កសិកម្ម​។​​ ​​​​

*កញ្ញា​ ​ហោ​ ស៊ីវ​ម៉ី​*

កញ្ញា​បាន​បន្ត​ថា​​ មុខ​ជំនាញ​​នេះ​គឺ​សិក្សា​​មួយ​ផ្នែក​ផ្ដោត​​​ទៅ​លើ​​​​​វិស្វកម្ម​​គីមី​ និង​ ​មួយ​ផ្នែក​ទៀត​​គឺ​ទាក់​ទង​នឹង​វិស័យ​​ចំណី​អាហារ​។​ ​​ក្នុង​នោះ​រួម​មាន​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ចំណី​អាហារ​ ​ការ​ថែរក្សា​ចំណី​អាហារ​ ​​បច្ចេកទេស​នៃ​​ការ​វេច​ខ្ចប់​ និង​ ការ​​សិក្សា​លើ​ពពួក​អតិ​សុខុម​ប្រាណ​​នៅ​ក្នុង​អាហារ​ជា​ដើម​។

​​លើស​ពី​នេះ​ទៅ​ទៀត​​ ប្រទេស​កម្ពុជា​​​មាន​សក្ដានុពល​​លើ​ផ្នែក​ធនធាន​​ចំណីអាហារ​ជា​​ច្រើន​​ប្រភេទ​ដូច​ជា​ ត្រី​ទឹក​សាប​ ស្រូវ​ ​​គ្រាប់​ធញ្ញជាតិ​ និង ផ្លែឈើ​ជា​ដើម​។​ ទាំង​អស់​នេះ​​គឺ​សុទ្ធ​តែ​អាច​​កែ​ច្នៃ​ជា​ចំណី​អាហារ​ដែល​មាន​​អនាម័យ​ និង ស្រប​តាម​ស្តង់​ដា​អន្តរជាតិ​សម្រាប់​ការ​នាំ​​ចេញ​ទៅ​​ក្រៅ​ប្រទេស ​បាន​។​ តួ​យ៉ាង​ការ​ផលិត​ប្រហុក​ត្រី​ដែល​មាន​គុណភាព​ ការ​ផលិត​​អាហារ​ក្រៀម​ តំណាប់​ផ្លែ​ឈើ​ ​និង ការ​កែ​ច្នៃ​ជា​​ទឹក​ផ្លែ​ឈើ​កំប៉ុង​ជា​ដើម​។ ប្រការ​នេះ​នឹង​ជួយ​​ដល់​ការ​ពង្រីក​​ទីផ្សារ​សម្រាប់​កសិករ​ផង​ ជួយ​បង្កើន​តម្លៃ​ផលិត​ផល​កសិកម្ម​ផង​ និង ជួយ​លើក​ស្ទួយ​ជីវភាព​​របស់​ពួក​គាត់​ផង​​ដែរ​។​​​

​ជាក់ស្ដែង​ ​កន្លង​មក​នេះ​ ​​​ដេប៉ាតឺម៉ង់​​ ​គីមី​ និង អាហារ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​បាន​ធ្វើ​ការ​​ស្រាវជ្រាវ​​​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា​ ការ​សិក្សា​​លើ​សារធាតុ​ចិញ្ចឹម​របស់​​បន្លែ​ផ្លែ​ឈើ​​​ក្នុង​​ប្រទេស​កម្ពុជា​ ការ​កែច្នៃ​ចំណី​អាហារ​ប្រកប​ដោយ​ស្តង់​ដា​អន្តរជាតិ​​ ព្រម​ទាំង​ការ​​សិក្សា​​ស្រាវ​ជ្រាវ​ទៅ​លើ​គម្រោង​គាំ​ទ្រ និង ថែរក្សា​បរិស្ថាន​ជុំវិញ​​បឹង​ទន្លេសាប​ទៀត​ផង​។​ ​​​​​​​​​​​​

​​​សរុប​មក​ ​ជំនាញ​គីមី​ និង ​ចំណី​អាហារ​​មាន​សារប្រយោជន៍​​ជា​ខ្លាំង​សម្រាប់​​ប្រទេស​កម្ពុជា​​ទាំង​ពេល​បច្ចុប្បន្ន​ និង ទៅ​អនាគត​ ព្រោះ​​រក្សា​នូវ​​សុវត្ថិភាព​ចំណី​អាហារ​​ ការ​កែ​ច្នៃ​អាហារ​ចេញ​ពី​ប្រភព​ធម្មជាតិ​​ដែល​សម្បូរ​បែប​ និង ​ការ​ពង្រីក​ទី​ផ្សារ​​​​ផ្នែក​​ចំណី​អាហារ​​ជូន​​ដល់​ប្រជាជន​កម្ពុជា​ទៀត​ផង​។

អត្ថបទ៖ ចន្ថា