ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ព័ត៌មាន​ប្រាប់​ពី​តម្លៃ​ទិញ​ដី​ធ្វើ​ទី​លាន​ជូន​យុវជន​កោះ​សូទិន

  • 2017-02-15 03:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម ​ខៀវ​ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន​បាន​ទិញ​ដី​មួយ​កន្លែង​​ដើម្បី​ធ្វើ​​ទី​លាន​បាល់ទាត់​ជូន​​​ភូមិ​១៣​ ​ឃុំ​កោះសូទិន ​ស្រុក​កោះសូទិន ​ខេត្ត​កំពង់​ចាម​​សម្រាប់​ឲ្យ​យុវជន​នៅ​ទី​នោះ​មាន​ទី​លាន​លេង​បាល់ទាត់​ទៀង​ទាត់។​

ឯកឧត្តម ខៀវ កាញ៉ារិទ្ធ

- ប្រគល់​ដី​ទី​លាន​តម្លៃ​ជាង៧ពាន់​ដុល្លារ

  • ជូន​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ទាំង​ពីរ

  • ចែក​សម្ភារៈ​កីឡា

  • ចែក​នំប័ង​ Tour les Jour ដល់​អ្នក​ចូល​រួម​ទស្សនា

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ម្សិល​មិញ​ ឯក​ឧត្តម ​ខៀវ​ កាញារីទ្ធ ​បាន​ចុះ​ទៅ​ផ្តល់​ទី​លាន​បាល់ទាត់​​ជា​ផ្លូវ​ការដល់​អាជ្ញាធរ​ឃុំ​កោះសូទិន​​ និង​មាន​ទាំង​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​យុវជន​កោះសូទិន​ និង​ក្រុម​យុវជន​ក្រសួង​ព័ត៌មាន។ ឯក​ឧត្តម​មាន​ប្រសាសន៍​ថា ៖«​យើង​ចង់​ឲ្យ​មន្ត្រី​ក្រសួង​​ជា​យុវជន​បាន​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​នឹង​យុវជន​នៅ​តាម​មូលដ្ឋាន​ ដូច្នេះ​ក្រសួង​បាន​រួម​គ្នា​ដើម្បី​ទិញ​ទី​លាន​បាល់ទាត់​នេះ​មួយ​សម្រាប់​ជូន​យុវជន​នៅ​កោះសូទិន​ដើម្បី​ហាត់​ទាត់​បាល់។ ទន្ទឹម​ជា​មួយ​គ្នា​នេះ​ យើង​ក៏​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ដើម្បី​រឹត​ចំណង​មិត្តភាព​​ដែរ។ ចំពោះ​តម្លៃ​នៃ​ការ​ទិញ​ដី​​គឺ​អស់​៧៥០០​ដុល្លារ​អាមេរិក​ »។

ឯកឧត្តម ខៀវ កាញ៉ារិទ្ធ និងលោក​ជំទាវ

ជា​មួយ​គ្នា​នេះ​ លោក​ ផុស សុវណ្ណ​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​មុន​យុវជន​នៅ​ទី​​នោះ​បាន​សំណូមពរ​​សុំ​តារាង​បាល់ទាត់​មួយ​ដល់​ក្រសួង​ព័ត៌មាន​ ដោយ​សារ​នៅ​ទី​​នោះ​គ្មាន​កន្លែង​លេង​ពិត​ប្រាកដ។ ​ពួក​គាត់​ក៏​បាន​ប្រាប់​ពី​តម្លៃ​ដី​ដែល​មាន​គេ​លក់។ ក្រុម​ការងារ​ក្រសួង​បាន​ជម្រាប​ជូន​​បញ្ហា​នេះ​ដល់​​ ឯក​ឧត្តម​រដ្ឋ​មន្ត្រី​ ​ខៀវ​ កាញារីទ្ធ​​ ហើយ​ឯកឧត្តម​បាន​​សម្រេច​ឲ្យ​ទិញ​ដី​នេះ​ជូន​យុវជន​នៅ​កោះសូទិន​តែ​ម្តង។​

លោក​អគ្គនាយក​បាន​បន្ថែម​ថា​ ក្រោយ​ពេល​មាន​ទី​លាន​ពិត​ប្រាកដ​ហើយ​ ​ក្រុម​ការងារ​ក្រសួង​បាន​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ភូមិ​ឃុំ​​ដើម្បី​រៀប​ចំ​ទី​លាន​នេះ​ឲ្យ​កាន់​តែ​ស្អាត​ និង​គ្រោង​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ ឬ​ពាន​មិត្តភាព​ប្រចាំ​ឆ្នាំ​តែ​ម្តង​នា​ពេល​ខាង​មុខ។

លោក ផុស សុវណ្ណ​

នៅ​​ភូមិ​១៣​ ​ឃុំ​កោះសូទិន ​ស្រុក​កោះសូទិន ​ខេត្ត​កំពង់​ចាម​ជា​តំបន់​ខ្មែរ-ឥស្លាម​ដែល​មាន​យុវជន​ច្រើន​ចូល​ចិត្ត​លេង​បាល់ទាត់​រាល់​ថ្ងៃ​ ប៉ុន្តែ​ពួកគាត់​អាច​លេង​បាន​លើ​ទី​វាល​ស្រែ​អ្នក​ភូមិ​នៅ​ពេល​ណា​ដែល​មិន​ទាន់​ដាំ​ដំណាំ។ ប៉ុន្តែ​នៅ​ពេល​ដី​ស្រែ​ទាំង​នោះ​ត្រូវ​បាន​ដាំ​ដំណាំ​ ពួក​គាត់​គ្មាន​ទី​កន្លែង​លេង​ ដូច្នេះ​ហើយ​ទើប​បាន​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​សម្រេច​ទិញ​ដី​នេះ​ជូន​យុវជន​នៅ​ទី​នោះ​តែ​ម្តង។

ក្នុង​ពិធី​ប្រគល់​ទី​លាន​កាល​ពី​ម្សិល​មិញ ឯកឧត្តម​រដ្ឋ​មន្ត្រី​ក៏​បាន​ផ្តល់​​ប្រាក់​​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បាល់ទាត់​ទាំង​ពីរ​​ដែល​មួយ​ៗ​ក្រុម​ទទួល​បាន​១​លាន​រៀល​ បាល់​ចំនួន​៤០​គ្រាប់​ សំណាញ់ទី​លាន​១ឈុត​ សំណាញ់​បាល់ទះ​២​ ​ចែក​នំ​ប័ង​ Tour les Jour ដល់​សិក្សានុសិស្ស​ និង​អ្នក​ភូមិ​​​​ដែល​បាន​​ចូល​រួម​កម្មវិធី​នេះ​ដែរ៕

សូម​ទស្សនា​ប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ និង ផុស សុវណ្ណ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម