ពុកមាត់ឆ្មាមានលក្ខណៈពិសេសខ្លាំង ដែលមនុស្សភាគច្រើនមិនដឹង
- 2017-02-26 02:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពុកមាត់ឆ្មាមានលក្ខណៈពិសេសខ្លាំង ដែលមនុស្សភាគច្រើនមិនដឹង
ចន្លោះមិនឃើញ
សត្វឆ្មាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលស្លូត រហ័សរហួន និង ពូកែចាប់កណ្ដុរណាស់។ វាជំនាញខាងលោតផ្លោះ ចុះឡើងនៅតាមរបងផ្ទះ និង តាមដំបូលផ្ទះជាដើម។ ប៉ុន្តែបើអ្នកចាប់ឆ្មា យកទៅកាត់ពុកមាត់ចោល នោះវានឹងជួបបញ្ហាមួយចំនួនជាមិនខាន។
តាមសៀវភៅ "ហេតុអ្វី?" ដែលរៀបរៀងដោយ សាស្ត្រាចារ្យ ហ៊ុន គឹមស៊ា បានពន្យល់អំពីរឿងនេះថា ប្រសិនបើសត្វឆ្មាត្រូវបានគេកាត់ពុកមាត់របស់វាចោលអស់ នោះវានឹងបាក់លោង ទៅជាយឺតស្តូក មមីងមមាំង ហើយទោះឃើញសត្វកណ្ដុររត់កាត់មុខក៏ដោយ ក៏វាលែងហ៊ានដេញតាមចាប់ដែរ។
មូលហេតុគឺថា សត្វឆ្មាតែងប្រើពុកមាត់លាតសន្ធឹងរបស់វា ដើម្បីប៉ាន់ស្មានទំហំខ្លួនរបស់វា។ មានន័យថា ពេលដែលវាដេញចាប់សត្វកណ្ដុរទៅដល់រន្ធ វានឹងប្រើពុកមាត់វាដើម្បីវាស់។ បើកាលណាពុកមាត់វាទើស នោះវាដឹងថា រន្ធនោះតូចចង្អៀត គឺចូលទៅមិនរួចទេ រឺ ចូលទៅនឹងត្រូវជាប់ខ្លួនមិនខាន ប៉ុន្តែបើពុកមាត់វាមិនទើសនឹងរន្ធវិញ នោះវានឹងដឹងថា រន្ធនោះមានទំហំទូលាយដែលអាចអោយវាលូនចូលបាន។ ផ្ទុយទៅវិញ បើវាគ្មានពុកមាត់ នោះវានឹងគ្មានអ្វីសម្រាប់វាស់ខ្លួនរបស់វាទៀតទេ ម្ល៉ោះហើយទើបទៅជាលែងហ៊ាន លោតហក់ រឺ រត់លូនចូលកន្លែងចង្អៀតៗតទៅទៀត។
មិនតែប៉ុណ្ណោះ ចំណុចពិសេសមួយទៀត គឺសត្វឆ្មាបានប្រើប្រាស់ពុកមាត់របស់វា ជាកាយវិញ្ញាណសម្រាប់អោយដំណឹងពេលមានសត្វអ្វីមកជិតខ្លួនវា។ ចំណុចនេះគឺស្រដៀងគ្នានឹងរោមភ្នែករបស់មនុស្សយើងដែរ ព្រោះពេលមានរុយហើរមកជិត គឺយើងនឹងមានអារម្មណ៍ដឹងភ្លាម។