ចង់​ធ្វើ​ជា​កង់​សាគួរ​របស់​ Crush 

  • 2017-02-20 07:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"Crush"​ គឺ​ជា​ពាក្យ​ដែល​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​បណ្ដាញ​សង្គម​ "ហ្វេសប៊ុក"​។​ វា​សំដៅ​ទៅ​ដល់​មនុស្ស​ណា​ម្នាក់​ដែល​យើង​លួច​ស្រលាញ់​ដោយ​មិន​អោយ​គេ​ដឹង​ខ្លួន​។​ ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ចូលចិត្ត​ប្រើ​ពាក្យ​ណាស់​នេះ​ណាស់​ ​ដូច​ជា​នៅ​ពេល​និយាយ​ទៅ​កាន់​មិត្តភ័ក្ដិ​ធម្មតា​ ឬ មនុស្ស​សំខាន់​ ព្រោះ​ខ្ញុំ​គិត​ថា ពាក្យ​នេះ​វា​គ្រាន់​តែ​ជា​ពាក្យ​ទូទៅ ​ដែល​មិន​ធ្វើ​អោយ​នរណា​ម្នាក់​​ប្រកាន់​ តែ​ផ្ទុយ​មក​វិញ​ វា​បាន​នាំ​មក​នូវ​ស្នាមញញឹម​គ្រប់​ពេល​​ដែល​គេ​លឺ​​ពាក្យ​ថា​ Crush ​នេះ​។

បច្ចុប្បន្ន​ខ្ញុំ​គឺ​ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​វិទ្យាស្ថាន​ភាសា​បរទេស​ (IFL) ​ហើយ​ជា​ទម្លាប់​ខ្ញុំ​​តែង​ប្រើ​ពាក្យ​ "Crush" ​នេះ​ជា​ហូរហែ​ទាំង​ជាមួយ​​មនុស្ស​ប្រុស​ និង​ ជាមួយ​មនុស្ស​ស្រី ព្រោះ​ខ្ញុំ​ចង់​អោយ​ពួក​គេ​ញញឹម​គ្រប់​ពេល។​ តែ... ខ្ញុំ​ក៏​មិន​នឹក​ស្មាន​ថា​ពាក្យ​​ "Crush"​ នេះ​​បាន​​ធ្វើ​អោយ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ រំពឹង​ថា​នឹង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​បាន​យូរ​ ប្រែ​ក្លាយ​ទៅ​ជា​​ទី​បញ្ចប់​ដោយសារ​ពាក្យ​​ថា​ Crush នេះ​​សោះ​។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ឡើង​ ក្នុង​គោល​បំណង​ចង់​បាន​យោបល់ ​ឬ ​ការ​លើក​ទឹកចិត្ត​ខ្លះ​ៗ​តែប៉ុណ្ណោះ​ ពី​បណ្ដា​អ្នក​លេង​បណ្ដាញ​សង្គម​ដូចគ្នា​។ 

​ចូល​ដល់​សាច់​រឿង​វិញ​ម្ដង​...​វា​ប្រហែល​ជា​កំហុស​របស់​ខ្ញុំ​ ដែល​កើត​មក​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​ ព្រោះ​ដោយសារ​រឿង​នេះ​ក៏​ថា​បាន​ បាន​ជា​ទំនាក់ទំនង​ពួក​យើង​ត្រូវ​បញ្ចប់​ទៅ​ ដោយ​​ភាព​ស្ងប់ស្ងៀម​បែប​នេះ​។ "រ" គឺ​ជា​សិស្ស​ប្អូន​មួយ​ជំនាន់​ រៀន​នៅ​ IFLដូចគ្នា​ តែ​គេ​​ចាប់​យក​ទំនាក់ទំនង​អន្តរជាតិ​ (DIS) មិនមែន (BA) ដូច​ខ្ញុំ។ ជា​ការ​ពិត​ណាស់​ដែល​ខ្ញុំ លួច​ crush "រ" តាំង​ពី​ថ្ងៃ​ឃើញ​គេ​ដំបូង​​មក​ម្ល៉េះ​ ខ្ញុំ​ចាំ​បាន​ថា​ គេ​មក​រក​ជួល​បន្ទប់​នៅ​ម្ដុំ​បន្ទប់​របស់​ខ្ញុំ​ ​ហើយ​ក៏​ត្រូវ​រ៉ូវ​តម្លៃ​គ្នា​ រួច​គេ​ក៏​មក​​ស្នាក់​នៅ​ជាមួយ​ពូ​របស់​គេ​តែ​ម្ដង​។​ រាល់​ពេល​ដែល​ខ្ញុំ​ដើរ​ចេញ​មក​​ខាង​ក្រៅ​គឺ​ខ្ញុំ​តែង​តែ​លួច​សម្លឹង​រក​គេ​រហូត​ តែ​នៅ​ពេល​ដែល​គេ​បើក​ទ្វា​ឡើង​ ​ហើយ​​កំពុង​ដេក​ចុច​ទូរសព្ទ​ ខ្ញុំ​មិន​ដែល​ងាក​​ចំ​​ទៅ​គេ​នោះ​ទេ​ គឺ​បាន​ត្រឹម​ដៀង​មើល​ដោយ​​កន្ទុយ​ភ្នែក​ប៉ុណ្ណោះ​​។ ​អស់​រយៈពេល​ជា​យូរ​ដែល​ខ្ញុំ​បាន​ត្រឹម​តែ​ crush ​លើ​គេ​ម្នាក់​នោះ​ តែ​មិន​ដឹង​ត្រូវ​និយាយ​រក​ ឬ ​រាក់ទាក់​គេ​ដោយ​វិធី​ណា​នោះ​ទេ​។ ​យូរ​ៗ​ទៅ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដក​អារម្មណ៍​មក​វិញ​ ថា​វា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​មើល​ទៅ​គេ​ ស្អាត​ សង្ហា​ ដូច​តារា​ រឿង​អី​គេ​មក​ចាប់​អារម្មណ៍​ជាមួយ​យើង​ ត្រឹមតែ​ជា​មនុស្ស​រាង​ទន់ជ្រាយ​ ​ញ៉ិកញ៉ក់​ ហើយ​មុខ​ក៏​យ៉ាប់​បែប​នេះ​!​

​ចៃដន្យ​ល្ងាច​មួយ​នោះ​ ក្រោយ​ចេញ​ពី​សាលា​ ខ្ញុំ​ជិះ​កាត់​តាម​ផ្លូវ​លំ​ចូល​មក​ផ្ទះ​ ក៏​បាន​ឃើញ​បងស្រី​ម្នាក់​ខូច​ម៉ូតូ​ ដេរ​មិន​ឆេះ​ទាល់​តែ​សោះ​។​ ខ្ញុំ​​បាន​ជិះ​កាត់​ទៅ​ហួស​​រួច​ហើយ​ តែ​ដោយ​សារ​ចូលចិត្ត​យក​ អាសា​អ្នកដទៃ​ និង ​ចូលចិត្ត​ធ្វើ​បុណ្យ​ផង​ ខ្ញុំ​ក៏​បត់​ម៉ូតូ​មក​​ក្រោយ​វិញ​ ​ដើម្បី​មក​ជួយ​មើល​ម៉ូតូ​បង​ស្រី​ម្នាក់​នោះ​។​ ​បង​ស្រី​ក៏​មិន​ប្រកាន់​​អ្វី​ដែរ​ ​នៅ​ពេល​ខ្ញុំ​ចង់​ផ្ដល់​ជំនួយ​ ពេល​នោះ​ខ្ញុំ​ជួយ​ធាក់​ម៉ូតូ​គាត់​ តែ​រាង​យូរ​ដែរ​មិន​ឆេះ​សោះ​។​ ​ដឹង​អត់​!ពេល​នោះ​មាន​រឿង​អី​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​សម្រាប់​ខ្ញុំ​?​ គឺ​ "រ" ​បាន​មក​ឈរ​ក្បែរ​ខ្ញុំ​តាំង​ពី​ពេល​ណា​មិន​ដឹង​ មក​ចង់​ជួយ​ស្អី​ណា​ដែរ​ ​(ហាហា)​។​ ខ្ញុំ​ឃើញ​​បែប​នឹង​ ក៏​ភាំង​មួយ​ភ្លែត​ដែរ​ ក្រោយ​ពេល​ឃើញ​ crushមក​ឈរ​ក្បែរ​។ ​​ម៉ូតូ​បង​ស្រី​ម្នាក់​​នោះ​​ធាក់​ឆេះ​ ហើយ​គាត់​ក៏​អរគុណ​​ដល់​ពួក​យើង​ ចំណែក​​ខ្ញុំ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ដែរ​ រីឯ​ "រ" ក៏​ជិះ​ទៅ​ទិញ​ម្ហូប​ពេល​ល្ងាច​​ទៅ​។

​តាំង​ពី​រឿង​ចៃដន្យ​នោះ​កើត​ឡើង​រួច​មក​ រាល់​ពេល​ដែល​ខ្ញុំ​ និង ​"រ"​ ជួប​គ្នា​ គឺ​តែង​តែ​​ញញឹម​ និង​សួរ​នាំ​ពីនេះពីនោះ​ (ជា​ពិសេស​ខ្ញុំ​នេះ​តែ​ម្ដង​ ហិច​ណាស់​ ?)។​ ខ្ញុំ​រក​សុំ​ Facebookគេ​ជា​ច្រើន​ដង​ តែ​ដូចជា​ពិបាក​ហា​មាត់​សុំ​ណាស់!​ តែ​ថ្ងៃមួយ​​ពេល​ខ្ញុំ​​ជិត​ប្ដូរ​ទី​តាំង​ទៅ​កន្លែង​​​ស្នាក់​នៅ​ថ្មី​មួយ​ទៀត​ ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​រក​គណនី​ហ្វេសប៊ុក​ពី​គេ​។​ គ្រាន់​តែ​សួរ​ភ្លាម​ គេ​មិន​កំណាញ់​ទេ​ ថែម​ទាំង​ហុច​មក​ដល់​ដៃ​ទៀត​ មើល​ទៅ​គេ​រួសរាយ​មិន​ធម្មតា​មែន​ ទឹកមុខ​គេ​ញញឹម​គ្រប់​ពេល​ ហើយ​គួរ​អោយ​ស្រលាញ់​ទៀត​។​

រូបតំណាង

ក្រោយ​ពេល​ add​ រួច​មិន​ដល់​ ៣នាទី​ ផង គេ​ក៏​ confirm​ ​បាត់​ ពេល​នោះ​ មិន​ដឹង​អារម្មណ៍​ខ្ញុំ​ហោះ​ទៅ​ដល់​ទីណា​ទេ​ គឺ​ថា​មួយ​ថ្ងៃ​ពេញ​ ញញឹម​ៗ​ ញញឹម​រហូត​បង​សួរ​ថា​ " ហ្អែង​ឆ្កួត​មែន​!"​។​ខ្ញុំ​ផ្ដើម​ chat ​ទៅ​គេ "Thanks idol del confirm xD" រួច​ក៏​ Chat បន្ត​​ទៅ​ទៀត​ តែ​​មិន​ច្រើន​ទេ​ ព្រោះ​ក្នុង​ chat messenger មិន​ដូច​នៅ​ក្រៅ​ឡើយ​ គេ​មិន​សូវ​ seen​ ឬ​គ្រាន់​តែ​ seen​ ចោល​មិន​reply​។ ឬ​មួយ​ក៏​ដោយសារ​តែ​ក្នុង​សារ​មួយ​នោះ​ ខ្ញុំ​ប្រើ​ពាក្យ​ Crush​?​ ព្រោះ​​ក្រោយ​ពាក្យ​នេះ​ហោះ​ចេញ​ទៅ​ គេ​ដូច​រាង​ប្លែក​ជាង​មុន​ ​ដោយ​​គេ​និយាយ​ថា "Why always me?"​ខ្ញុំ​ក៏​ប្តូរ​ពាក្យ​និយាយ​ ដោយ​និយាយ​ថា​ "I'm just kidding bro xD"...។​ Chat... Seen... Not Reply... ​រហូត​ជិត​ដល់​ចូល​ឆ្នាំ​ចិន​ មាន​ពាក្យ​ជូន​ពរ​ជាច្រើន​ ​ដែល​មិត្តភ័ក្ដិ​​​ផ្ញើ​មក​ខ្ញុំ។​ ខ្ញុំ​ចុច​ forward បន្ត​ទៅ crush ​ដោយ​ប្រើ​ពាក្យ​ថា​ "សុំទោស crush ដែល​ខ្ញុំ​ផ្ញើ​ទៅ​រាង​យឺត​ ព្រោះ​ខ្ញុំ​រវល់​, Happy Chinese New Year!"។

"Tet aii bro" ... គឺ​ជា​ពាក្យ​ដែល​ឆ្លើយ​តប​ពី​មាត់​ crush។​ ខ្ញុំ​ក៏​សុំទោស​គេ​ម្ដង​ទៀត​ ដោយ​សារ​វា​ជា​កំហុស​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ឈប់​ប្រើ​ពាក្យ​នេះ​បន្ត​ទៀត​។​ បើ "រ" មិន​ពេញ​ចិត្ត​ ​ខ្ញុំ​នឹង​មិន​បន្ត​ទៀត​ទេ​។​ បន្តិច​ក្រោយ​មក​ "រ" ​ថា​ "Calm down bro ចំពោះ​គេ​មិន​អី​ទេ គឺ ​ok, តែ​គេ​ខ្លាច​សង្សារ​គេ​ឃើញ​ពេល​ពួកគេ​ជួប​គ្នា​ ព្រោះ​នាង​នឹង​សួរ​ជីក​ ឬស ជីក​គល់​ពី​រឿង​ទាំងឡាយ​ដែល​មាន​ក្នុង​ឆាត​។" ខ្ញុំ​ក៏​និយាយ​បន្ត​ហើយ​ក៏​ភ្ញាក់​ដែរ​ ក្រោយ​ដឹង​ថា​គេ​មាន​របស់​ហើយ​ "បើ​ចឹង​ អត់​អី​ទេ ខ្ញុំ​នឹង​ mark as spam ចោល​ ព្រោះ​នេះ​ជា​កំហុស​​របស់​ខ្ញុំ​​ ដែល​ខ្ញុំ​ចូលចិត្ត​និយាយ​ពាក្យ​ឆ្គួតៗ​ទាំងនេះ​ ម្យ៉ាង​ខ្ញុំ​មិន​ចង់​អោយ​នរណា​ម្នាក់​មាន​បញ្ហា​ (ឈ្លោះគ្នា)​ដោយ​សារ​តែ​ខ្ញុំ​ឡើយ​។​គេ​ក៏​តប​មក​វិញ​យ៉ាង​ខ្លី​ថា​ "up to u bro, no one force you"​។​

ក្រោយ​ឃើញ​ពាក្យ​នេះ​ហើយ​ មួយ​ថ្ងៃ​ពេញ​ ដែល​ខ្ញុំ​មិន​ញញឹម​ដូច​រាល់​ដង​ តែ​យ៉ាង​ណា​ក៏​រឿង​វា​បញ្ចប់​ហើយ​ដែរ​ ព្រោះ​សារ​ទាំងអស់​ mark as spamរួច​រាល់​ហើយ​។​ តាំង​ពី​ថ្ងៃ​នោះ​មក​ ​ខ្ញុំ​និង​ "រ" ​លែង​បាន​និយាយ​រក​គ្នា​ទៀត​ហើយ​។​ ខ្ញុំ​មិន​ដាច់​អាល័យ​ពី​គេ​ទេ​ តែ​សម្រាប់​គេ​វិញ​ ខ្ញុំ​មិន​បាន​ដឹង​ឡើយ​ថា​ តើ​គេ​គិត​យ៉ាងម៉េច​មក​​លើ​ខ្ញុំ​?​

ថ្ងៃមួយ​ ពេល​ដែល​ខ្ញុំ​មក​យក​សៀវភៅ​នៅ​បន្ទប់​ចាស់​ ខ្ញុំ​ឃើញ​ "រ" ចុច​ទូរសព្ទ​ទាំង​ចំហ​ទ្វា​ដូច​សព្វ​មួយ​ដង​ តែ​ក្រោយ​ឃើញ​ខ្ញុំ​ "រ"​ ក៏​គេច​ទៅ​ក្រោយ​​បាត់​ ហើយ​ទ្វា​ក៏​ផ្អឹប​ជិត​បាត់​ដែរ​​។​ សាច់​រឿង​ក៏​បាន​បញ្ចប់​ត្រឹម​នេះ ​ហើយ​​ចប់​ដោយ​មាន​មនុស្ស​ម្នាក់​នៅ​ញញឹម​ជាមួយ​មនុស្ស​ដែល​​គេ​ស្រលាញ់​ និង ​មនុស្ស​មនុស្ស​ម្នាក់​ទៀត​ដែល​កំពុង​ញញឹម​ជាមួយ​ក្ដី​ស្រមៃ​​ដែល​គេ​ធ្លាប់​ expect។ ​ក្រោយ​ពី​អាន​ចប់​ ខ្ញុំ​គ្រាន់​តែ​​ចង់​សួរ​ទៅ​កាន់​អ្នក​លេង​បណ្ដាញ​សង្គម​ដូចគ្នា​​ថា​​ ​គ្រាន់​​តែ​និយាយ​ពាក្យ​ crush​ ចេញ​មក​ ​តើ​វា​ខុស​ធ្ងន់​ដល់​កម្រិត​ណា​? ​បើ​អ្នក​មិន​យក​ពាក្យ​​នោះ​ជា​ការ​ពិត​​​ទេ​​ ​តើ​អ្នក​ចាំ​បាច់​ខ្លាច​ធ្វើ​​អ្វី​? តើ​អ្នក​គិត​ថា​ គ្រាន់​តែ​​​ពាក្យ​​មួយ​នេះ​​រឺ​ ដែល​អ្នក​ចង់​បញ្ចប់​ទំនាក់ទំនង​​មិត្តភាព​ជាមួយ​នរណា​ម្នាក់​?​ មួយ​ទៀត​ ខ្ញុំ​ខុស​អត់​ ដែល​កើត​មក​​មាន​ចិត្ត​ខុស​ពី​កាយ​បែប​នេះ​? ប្រហែល​ជា​គេ​ស្អប់​ខ្ញុំ​ខ្លាំង​ហើយ​មើល​ទៅ​។​

“ crush! ​ខ្ញុំ​មិន​សុំ​អោយ​អ្នក​និយាយ​រក​ខ្ញុំ​វិញ​ទេ​ ​គឺ​គ្រាន់​តែ​ធម្មតា​ៗ​ដូច​មុន​ទៅ​បាន​ហើយ​។​ ​ស្តាយ​ណាស់​ ដែល​ខ្ញុំ​មិន​អាច​កែប្រែ​អតីតកាល​បាន​ កុំ​អី​ខ្ញុំ​មិន​ជួយ​យក​អាសា​បង​ស្រី​ដែល​ខូច​ម៉ូតូ​ពី​ថ្ងៃ​មុន​ទេ​។​ បើ​ខ្ញុំ​មិន​ជួយ​គាត់​ ខ្ញុំ​ក៏​មិន​ជួប​អ្នក​ដែរ​ ខ្ញុំ​ក៏​នៅ​តែ​មិន​ហ៊ាន​និយាយ​រក​អ្នក​ដែរ​ ហើយ​អ្វីៗ​ ទាំង​អស់​ក៏​នឹង​បញ្ចប់​ដោយ​ភាព​រីករាយ​ទាំងអស់​គ្នា​ជាក់​ជា​មិន​ខាន​។​ ខ្ញុំ​ទទួល​ស្គាល់​ថា​ វា​ជា​កំហុស​ខ្ញុំ​ ដែល​លូកលាន់​រឿង​​គេ​ ​ទាំង​​ដែល​គេ​មិន​ចូលចិត្ត​តាំង​ពី​ដំបូង​​​។​”

មក​ទល់​ពេល​នេះ​ ខ្ញុំ​នៅ​តែ​នឹក​​ "រ" មិន​បាត់​។​ ខ្ញុំ​នៅ​តែ​ចង់​និយាយ​ជាមួយ​គេ​ដូច​កាល​ពី​មុន​ តែ​វា​មិន​អាច​ទៅ​រួច​នោះ​​ទេ​ ដែល​របស់​ដែល​បែក​ហើយ​ ព្យាយាម​ធ្វើ​​វា​អោយ​ស្អាត​ដូច​ថ្មី​នោះ​!! ​កុំ​បារម្ភ​ ទោះ​ជា​ប្រើ​ពេល​យូរ​ ក៏​ខ្ញុំ​ត្រូវ​តែ​បំភ្លេច​ "រ" អោយ​បាន​។​ ពេល​ខ្លះ​ ខ្ញុំ​នៅ​តែ​នឹក​គេ​ ហើយ​ចង់​ធ្វើ​ជា​កង់​សាគួរ​ដើម្បី​លួងលោម​គេ​ ពេល​គេ​ត្រូវ​គ្រាំ​ចិត្ត​ដោយ​សារ​សង្សារ​គេ​។​ ​តែ​វា​មិន​អាច​ទៅ​រួច​ទេ​ វា​មិន​មែន​ជា​រឿង​ភាគ​មនោសញ្ចេតនា​ថៃ​នោះ​ឡើយ​។​ ​តែ​ខ្ញុំ​ក៏​ជូនពរ​crushអោយ​ស្រលាញ់​​សង្សារ​គេ​​នោះ​​រហូត​ទៅ​។​

ជា​ចុង​ក្រោយ​ ខ្ញុំ​គ្រាន់​តែ​ចង់​អោយ​អ្នក​អាន​ វាយ​តម្លៃ​ និង ​ផ្ដល់​មតិ​រិះគន់ ​ឬ​ លើក​ទឹកចិត្ត​ខ្ញុំ​ផង​។​ ​តែ​យ៉ាង​ណា​ៗ​ ខ្ញុំ​ក៏​សុំ​ទោស​ម៉ាក់ប៉ា​ដែរ​ ដែល​កូន​ជា​កូន​ចោរ​ម្សៀត​ ជា​កូន​មិន​ដូច​គេ​ ជា​កូន​មិន​បាន​ការ​។​​ ដោយ​សារ​តែ​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា​នេះ​ហើយ​​ បាន​ជា​ខ្ញុំ​ចូល​ចិត្ត​យក​អាសា​​អ្នក​ដទៃ​ ​និង​ ​ធ្វើ​អំពើ​ល្អ​រហូត​មក​ ដោយ​សង្ឃឹម​ថា​អំពើ​ល្អ​នានា​ដែល​ខ្ញុំ​ខំ​កសាង​មក​ទាំងនោះ​ នឹង​ជួយ​​អោយ​ខ្ញុំ​ក្លាយ​ជា​កូន​ត្រឹមត្រូវ​ កូន​ល្អ​ របស់​ម៉ាក់​ប៉ា​វិញ​ជាតិ​ក្រោយ​៕

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.visal@sabay.com

ឬទូរសព្ទទៅកាន់លេខ 015 209 699

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

អត្ថបទ៖ មនុស្ស​ខូច​ចិត្ត