ធនាគារ ស្ថាបនា ប្រកាសប្ដូរ Logo របស់ខ្លួនឆាប់ៗនេះ
- 2017-02-24 11:43:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា ប្រកាសប្ដូរ Logo របស់ខ្លួនឆាប់ៗនេះ
ចន្លោះមិនឃើញ
តាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលទើបបង្ហោះលើបណ្ដាញសង្គមប៉ុន្មាននាទីមុននេះ ធនាគារ ស្ថាបនា ភីអិលស៊ី ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ MARUHAN Japan Group បានបញ្ជាក់ថានឹងប្ដូរ Logo (និមិត្តសញ្ញា) របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ ដោយបច្ចុប្បន្នកំពុងសិក្សាឲ្យបានច្បាស់។
ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនទី៣ ដែលត្រូវផ្លាស់ប្ដូរ Logo របស់ខ្លួន ដើម្បីកុំឲ្យច្រឡំជាមួយស្ថាប័នរដ្ឋ។ កន្លងមក ស្ថាប័នហិរញ្ញវត្ថុធំ២ ដែលត្រូវបានណែនាំឲ្យប្ដូរ Logo (និមិត្តសញ្ញា) របស់ខ្លួន និងកំពុងផ្លាស់ប្ដូរ។ ក្នុងនោះ មានធនាគារអេស៊ីលីដា កំពុងដំណើរការប្ដូរ ដែលត្រូវចំណាយទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ។ ចំណែក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យប្ដូរ Logo បន្ទាន់កាលពីពេលថ្មីៗនេះ ដោយត្រូវចំណាយទឹកប្រាក់ក្នុងរង្វង់ប្រមាណ ១លានដុល្លារ។
កាលពីថ្ងៃទី២១ កុម្ភៈកន្លងទៅ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ដោយស្នើគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ ដែលមាន Logo (និមិត្តសញ្ញា) ស្រដៀងក្រសួង-ស្ថាប័នរដ្ឋ ដូចជាមានរូប “៛” ឬរូប “សឹង្ហ” ជាដើម ធ្វើការផ្លាស់ប្ដូរចេញ ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំថាជារបស់រដ្ឋ។
ធនាគារជាតិបានបញ្ជាក់តាមសេចក្ដីជូនដំណឹងនោះថា ជាក់ស្តែង គ្រឹះស្ថានទាំងនោះ គឺជាគ្រឹះស្ថានឯកជន ធ្វើអាជីវកម្មរកប្រាក់ចំណេញ ។ ដូច្នេះរាល់ការខ្ចីប្រាក់ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងប្រើប្រាស់តាមគោលដៅ ព្រោះរាល់ការខ្ចី ត្រូវសងវិញតាមលក្ខខណ្ឌក្នុងកិច្ចសន្យាដែលមានសុពលភាពផ្លូវច្បាប់។
ម៉្យាងវិញទៀត ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុទាំងអស់ ប្ដូរនិមិត្តសញ្ញា (Logo) ដែលមានលក្ខណៈស្រដៀងគ្នានឹងនិមិត្តសញ្ញារបស់ស្ថាប័នរដ្ឋ ដូចជា រូប “៛” “រូបសឹង្ហ” ជាដើម ដែលអាចនាំឱ្យមានការភាន់ច្រឡំថាគ្រឹះស្ថានទាំងនោះ ជាគ្រឹះស្ថានរបស់រដ្ឋ៕