អ្នកនិពន្ធបទ "រាំអ៊ីចេះ" ត្រៀមបញ្ចេញបទថ្មីៗច្រើនថែមទៀត
- 2017-03-09 07:01:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធបទ "រាំអ៊ីចេះ" ត្រៀមបញ្ចេញបទថ្មីៗច្រើនថែមទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីចុះកុងត្រាជាមួយផលិតកម្មហង្សមាស ឌីជេ ក្ដឹប បានបញ្ចេញស្នាដៃរបស់ខ្លួនចំនួន២បទមកហើយ មានបទ"រាំអ៊ីចេះ" ច្រៀងដោយលោកព្រាប សុវត្ថិ និង កញ្ញា ឱក សុគន្ធកញ្ញា និង១បទទៀតគឺបទ "ថើប" ច្រៀងដោយខ្លួនលោកផ្ទាល់ ។
ឌីជេ រូបនេះបានបង្ហើបឲ្យដឹងថា នៅមានបទចម្រៀងជាច្រើនទៀត គ្រោងចេញឆាប់ៗខាងមុខនេះ។ Djក្ដឹប បានចូលជ្រកក្នុងផលិតកម្មផលិតកម្ម"រស្មីហង្សមាស" ជាង២ខែមកហើយពោល គឺតាំងពីដើមឆ្នាំ២០១៧នេះ ចំនួនឆ្នាំកុងត្រាលោកមិនបានបញ្ជាក់ឲ្យដឹងឡើយ ។ តួនាទីរបស់លោក ក្នុងផលិតកម្ម គឺជាតារាចម្រៀងផងនិងជាអ្នកនិពន្ធផង។
បទ"រាំអ៊ីចេះ" ដែលកំពុងតែពេញនិយមរាល់ថ្ងៃ គឺជាការតែងនិពន្ធឡើង ដោយលោក និងមិត្តភ័ក្ដិម្នាក់ទៀត ។ លោក ចាន់ សំណាង ហៅ Djក្ដឹប បានឲ្យដឹងថា បទ "រាំអ៊ីចេះ" ជាមេឡូឌីថ្មី ប៉ារូលថ្មី មិនញាក់ខ្លាំង ងាយស្រួលរាំលេង ដោយចង្វាក់ភ្លេងមួយនេះលោកបានព្យាយាមសិក្សាពីប្រទេសជិតខាង ក៏ដូចជាប៉ែកអឺរ៉ុប ជាយូរណាស់មកហើយ។
ការសរសេរបទនេះឡើង Djក្ដឹប ថា លោកបានគិតទៅលើអត្តចរិត និង កម្រិតនៃសំលេងរបស់អ្នកចម្រៀងផងដែរ។ មិនមែនមានតែបទ "រាំអ៊ីចេះ" នោះទេ តាមការបង្ហើបរបស់ Dj ក្ដឹប ខ្លួនកំពុងតែធ្វើបទចម្រៀងច្រើនបទផ្សេងទៀតដែលសុទ្ធសឹងតែជាមេឡូឌីថ្មីឲ្យ តារាចម្រៀងក្នុងផលិតកម្មច្រៀង។ ចំពោះតារាចម្រៀងរូបណាត្រូវច្រៀងនោះ សូមមិនទម្លាយឲ្យដឹងឡើងព្រោះជាការសម្ងាត់របស់ក្រុមហ៊ុន។
មិនត្រឹមតែសរសេរបទចម្រៀងឲ្យតារាចម្រៀងក្នុងផលិតកម្មច្រើនឡើយ លោកក៏បានតែងនិពន្ធបទចម្រៀងឲ្យខ្លួនឯងផងដែរ សម្រាប់វ៉ុលចូលឆ្នាំថ្មីនេះ ។ Djក្ដឹប បង្ហើបបន្ថែមថា លោកក៏មានបទចម្រៀងជាច្រើនបទផងដែរ ប៉ុន្តែសូមមិនទាន់បញ្ចេញឲ្យដឹងឡើយ ។ ជាមួយស្នាដៃបទបន្តបន្ទាប់ដែលគ្រោងចេញឆាប់ខាងមុខនេះ Djក្ដឹប មិនហ៊ានរំពឹងថា និងល្បីប្រហាក់ប្រហែលឬខ្លាំងជាង បទ"រាំអ៊ីចេះ" ឡើយ ដោយលោកស្នើទស្សនិកជនរង់ចាំតាមដាននិងជាអ្នកដាក់ពិន្ទុចុះ៕