ចូល​ទីផ្សារ​ក្រោយ​គេ តែ​Isuzu មាន​មហិច្ឆតា​កប់

  • 2017-03-10 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​បោះជំហាន​ផ្លូវការ​ចូល​ទីផ្សារ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ប៉ុន្តែ​Isuzu បាន​បង្ហាញ​ជំហរ និង​ពង្រីក​វិសាល​ភាព​លក់​ខ្លាំង​សម្បើម ឬ​ធ្វើ​យ៉ាង​ណា​ដណ្ដើម​ឲ្យ​បាន ៣០% នៃ​ចំណែក​ទីផ្សារ​សរុប​ពី​បណ្ដា​ក្រុមហ៊ុន​ខ្លាំងៗ​ដទៃ។

កាល​ពី​ឆ្នាំ​កន្លង​ទៅ Isuzu លក់​រថយន្ត​ខ្លួន​បាន ១៣០គ្រឿង​ទាំង​ម៉ូដែល Pick-up (ជិត៥%) និង​ SUV Mu-X ។​ជុំវិញ​ផែនការ​ពន្លូត​ខ្លួន​ចូល​ទីផ្សារ​​ ឲ្យ​ឆាប់ និង​ធំធាត់​ តាមរយៈ​បង្កើន​តួលេខ​ក្នុង​កម្រិត​តិចតួច​​ឲ្យ​បាន ៣០% នៃ​ទីផ្សារ​សរុប ឬ ១ពាន់​គ្រឿង​ក្នុង​មួយ​ឆ្នាំ (តែ Pick-up) នាយក​គ្រប់គ្រង​ទូទៅ ការិយាល័យ​តំណាង​ប្រចាំ​រាជធានីភ្នំពេញ លោក អាគីរ៉ា អូដាហ្គាគិ លើក​ឡើង​ថា ពិត​ជា​អាច​ទៅ​រួច ប៉ុន្តែ​មិន​មែន​មួយ​ថ្ងៃ​ធ្វើ​បាន​ទេ។

លោក​ថា "២០១៧ យើង​សង្ឃឹម​ខ្ពស់​ថា​នឹង​លក់​ឲ្យ​បាន ២០០គ្រឿង ហើយ​៥ឆ្នាំ​ខាង​មុខ យើង​ដាក់​ផែនការ​ដល់ ១ពាន់​គ្រឿង​ទាំង​Pick-up និង​SUV។ ហើយ​ប្រាំ​ឆ្នាំ​ខាង​មុខ​នេះ យើង​នឹង​ធ្វើ​ឲ្យ​Pick-up យើង​រីក​ពី​៥% ទៅ ៣០%”។

និយាយ​ដល់​រឿង​ដៃគូ​ប្រកួតប្រជែង​ (រថយន្ត​ថ្មី) អូដាហ្គាគិ​ថា​ ក្រុមហ៊ុន​លោក​មក​ក្រោយ​គេ​ជា​បញ្ហា​ចម្បង ក្រៅ​ពី​នេះ​ទីផ្សារ​រថយន្ត​ជជុះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​Isuzu បារម្ភ​ដែរ។

Pick-up ត្រកូល​ D-max របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​តម្លើង​រោងចក្រ​ផលិត​ចំនួន២​នៅ​ថៃ ជា​Pick-up ដែល​លក់​ដាច់​បំផុត​នៅ​ទឹកដី​ថៃ។

បច្ចុប្បន្ន​ការិយាល័យ​តំណាង​ក្រុមហ៊ុន​ខាង​លើ​បាន​សម្រេច​ចិត្ត​ប្រកាស​ផ្លូវការ​កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ហើយ​យក​រថយន្ត​តែ​ ២ម៉ូដែល​ប៉ុណ្ណោះ​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា គឺ៖ ១/ ប្រភេទ​Pick-up៖ D-Max ម៉ាស៊ីន​2.5L/3.0L មាន​ជម្រើស​ទាំង​លេខ​ដៃ ឬ​អូតូ។ តម្លៃ​ចាប់​ពី​ ២៨ ០០០ ទៅ ៤៥ ៩០០​ដុល្លារ​អាមេរិក។ ២/ ប្រភេទSUV៖ Mu-X ម៉ាស៊ីន​3.0Lដែល​មាន​តម្លៃ​ ៤៧ ០០០ ឬ​៥៦ ០០០​ដុល្លារ​អាមេរិក។

អត្ថបទ៖ ខ្លាឃ្មុំតូច