នៅពេលទំនេរយុវវ័យបច្ចុប្បន្នចូលចិត្តធ្វើអ្វីខ្លះ?
- 2017-03-15 09:29:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលទំនេរយុវវ័យបច្ចុប្បន្នចូលចិត្តធ្វើអ្វីខ្លះ?
ចន្លោះមិនឃើញ
តាមពិតទៅសកម្មភាពកម្សាន្តពេលទំនេរ គឺវាមានភាពខុសៗគ្នា ទៅតាមចំណាប់អារម្មណ៍របស់មនុស្សម្នាក់ៗ អ្នកខ្លះចូលចិត្តមើលទូរទស្សន៍ មើលកុន ស្តាប់ភ្លេង ញុំាអាហារ លេងកីឡា ជជែកគ្នានៅតាមហាងកាហ្វេ ជិះកង់ដើរលេង ជិះម៉ូតូដើរលេង ទៅដើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលចង់ទៅ។
យុវជន មួង បញ្ញា អាយុ ២៨ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៅសាកលវិទ្យាល័យន័រតុន បាននិយាយថា នៅពេលទំនេរពីការសិក្សា ពិសេសនៅថ្ងៃអាទិត្យ ខ្ញុំតែងតែបបួលមិត្តភ័ក្ដិជាក្រុមជួបជុំគ្នាលេងបាល់ទាត់ នៅតាមតារាងបាល់ទាត់នានាក្នុងរាជធានី និង ជួបជុំនិយាយគ្នាលេងនៅតាមទីកម្សាន្តលំហែកាយនានា ជាដើម។
យុវជនរូបនេះបានបន្តថា រយៈពេលពេញមួយអាទិត្យយើងរៀនដូច្នេះ ខ្លួនប្រាណយើងត្រូវការសម្រាក និងលំហែខ្លះដែរ ហើយខ្ញុំយល់ថាការសម្រាកស្ងៀមស្ងាត់នៅតែឯងមិនមែនជាការល្អទេ ហេតុនេះខ្ញុំតែង ទូរសព្ទហៅពួកម៉ាកប្រជុំគ្នាលេងបាល់ ដើម្បីបង្កើននូវមិត្តភាព ម្យ៉ាងវាល្អចំពោះសុខភាពខ្ញុំ និងពួកម៉ាកខ្ញុំផងដែរ។
ដោយឡែក កញ្ញា សុវណ្ណនាថ អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានជ្រើសរើសការជួបជុំមិត្តភ័ក្ដិលេងភ្លេងជាការកម្សាន្តពេលទំនេរពីការសិក្សា។ ក្រៅពីនេះកញ្ញា សុវណ្ណនាថ ចូលចិត្តមើលកុន និងញុំាអី (អាហារតាមផ្លូវ) ជាមួយមិត្តភ័ក្ដិជាដើម។
មិនខុសគ្នាប៉ុន្មាននោះទេ កញ្ញា ស្រីពេជ្យ ជានិស្សិតផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ខ្ញុំតែងជួបជុំបងប្អូន សាច់ ញាតិ ក៏ដូចជាមិត្តភ័ក្ដិ ដើម្បីដើរផ្សាររៀងរាល់ថ្ងៃទំនេរពីការសិក្សា ព្រោះខ្ញុំ និងមិត្តភ័ក្ដិចូលចិត្តការដើរផ្សារជាក្រុមបានជាគ្នា ដោយសារតែយើងអាចជួយរកម៉ូដខោអាវល្អៗឱ្យគ្នា ជួយតថ្លៃគ្នា។
កញ្ញា ស្រីពេជ្យ បានបន្តថា ជាធម្មតាខ្ញុំ និងមិត្តភ័ក្ដិចូលចិត្តដើរផ្សារនៅថ្ងៃចុងសប្ដាហ៍ ហើយផ្សារ ដែលពួកខ្ញុំចូលចិត្តទៅរួមមានផ្សារធំថ្មី ផ្សារទំនើប AEON និងផ្សារសូរិយាជាដើម ក្រោយពីចូលចិត្តដើរផ្សារ ពេលខ្លះបាន ណាត់ជួបមិត្តជួបជុំនិយាយគ្នាលេងនៅតាមហាងកាហ្វេនានា លេងហ្គីតា ច្រៀងលេងផងដែរ៕
ចុះប្រិយមិត្តអ្នកអានវិញ? តើមានចំណង់ចំណូលចិត្តអ្វីដែរ នៅពេលទំនេរ?