មានរឿងអ្វី​​សុខ​ៗ​ Jay Chou សម្រេចចិត្តលុបចោលការប្រគំតន្ត្រីធំ​របស់​ខ្លួន

  • 2017-03-24 07:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​របស់​តៃវ៉ាន់ Jay Chou បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត បន្ទាប់​លោក​បាន​សម្រេច​ចិត្ត​រំសាយ​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​នៃ​ប្រទេស​ចិន។

Jay Chou ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុរស​ដ៏​រវល់​ម្នាក់ បន្ទាប់​ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​ "The Invicible World Tour” របស់​លោក​កាល​ពី​ឆ្នាំ​ ២០១៦​មក​ ហើយ​ក៏​គ្រោងធ្វើ​​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​នៅ​ក្នុង​ ទីក្រុង​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ចិន​ដែរ​ ដូច​ជា​៖ ទីក្រុង​ Qingdao, Fuzhou និង​ Changsha ជាដើម​។

ប៉ុន្តែ​ក្នុង​នោះ អ្នក​គាំទ្រ​មួយ​ចំនួន​ក្នុង​​ទីក្រុង​ Chengdu ​មាន​ការ​អាក់អន់ចិត្ត​ នៅ​ពេល​ដឹង​ថា​ ការ​ប្រគំតន្ត្រី​របស់​ Jay Chou ត្រូវ​រំសាយ​ចោល​ ។

ដោយសារ​បញ្ហា​នេះ​ អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ក៏​បាន​ព្យាយាម​ស្វែងរក​នូវ​ មូលហេតុ​ នៅ​ពីក្រោយ​ការ​រំសាយ​ការ​ប្រគំតន្ត្រី​នោះ​ ។ រាល់​ចម្ងល់​ត្រូវ​បាន​ស្រាយ​ចេញ​ គឺ​ដោយសារ​ ពហុកីឡាដ្ឋាន​ "Chengdu Sports Centre Stadium” ដែល​ជារឿយ​ត្រូវ​បាន​ប្រើ​ប្រាស់​ធ្វើ​ជា​​កន្លែង​ប្រគំ​តន្ត្រី​នោះ​ មាន​ការ​ជីក​រណ្ដៅ​ នាំ​ឲ្យ​អាក់ខាន​ព្រឹត្តិការណ៍​ដ៏​ធំ​។

តាម​សេចក្ដី​រាយការណ៍​បាន​និយាយ​ថា​ វត្ថុ​សិល្បៈជា​ច្រើន​ក្នុង​សម័យ​រាជវង្ស​ “Ming” ត្រូវ​បាន​កប់​នៅ​ក្រោម​ពហុកីឡដ្ឋាន​នោះ​ ដែល​នាំ​ឲ្យ​អាជ្ញាធរ​សម្រេច​ចិត្ត​ ជីកកកាយ​​ឡើង​វិញ​។

ខាង​ផលិតកម្ម​ "JVR Music" របស់​ Jay Chou ក៏​បាន​ចេញ​មុខ​បក​ស្រាយ​ ចំពោះ​បញ្ហា​អាក់ខាន​ការ​ប្រគំ​តន្ត្រី​នេះ​ដែរ​ថា​ ពួកគេ​មិន​អាច​ស្វែង​រក​ទីតាំង​មួយ​ផ្សេង​ សម្រាប់​ការ​សម្ដែង​បាន​ទេ​ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ ពហុកីឡដ្ឋាន​នោះ​ស្ថិត​ក្រោម​ ការ​កែ​សម្រួល​។

មួយ​វិញ​ទៀត​ខាង​ផលិតកម្ម​ដដែល​ ក៏​បាន​សំណូម​ពរ​ទៅ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ សូម​ទៅ​ទស្សនាការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​ក្បែរ​ៗ​នោះ​វីញ​ ដូចជា​ ទីក្រុង​ Chongqing និង​ Kungming ជា​ដើម៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី