ហម ឈរ៉ា បន្ត​អំពាវនាវអ្នក​លេង​ហ្វេសប៊ុក កុំ​សរសេរ​ពាក្យ​អង់គ្លេសជា​សំនៀង​ខ្មែរ

  • 2017-04-04 05:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ ដែល​​តារា​សម្ដែង​ជើង​ចាស់​ ហម ឈរ៉ា ​តែង​តែ​មាន​ប្រតិកម្ម​​លើ​បញ្ហា​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សរសេរ​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ ក្នុង​នោះ​មាន​ប្រិយមិត្ត​ខ្លះ​​គាំទ្រ​ ​​ខ្លះ​មិន​ពេញ​ចិត្ត​ តែ​លោក​ថា​នៅ​តែ​បន្ត​ធ្វើ​បែប​នេះ​ដើម្បី​ប្រយោជន៍​អក្សរជាតិ​ខ្មែរ។​​​​

លោក​ធ្វើ​នេះ​មិន​មែន​ជា​ប្រយោជន៍​បុគ្គល​ ឬ​​​​​​ជោរដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទេ ​តែ​ដើម្បី​ប្រយោជន៍​រួម ដើម្បី​ឲ្យ​បរទេស​ដឹង​ថា​យើង​ក៏​មាន​អក្សរ​ជាតិ​យើង​ដែរ​។ ហើយ​ការ​ដែល​សរសេរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​នេះ​វា​ធ្វើ​ឲ្យ​លោក​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ ទី១​វា​អាច​​ក្លាយ​ជា​ទម្លាប់​អាក្រក់​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចេះ​តែ​ប្រើ​វិធី​នេះ ទី២​វា​អាច​ធ្វើ​កូន​ខ្មែរ​សរសេរ​អក្សរ​ខ្មែរ​​លែង​ត្រូវ​។

​តារា​ប្រុស​ប្រចាំ​ទសវត្ស​​៨០​រូប​នេះ​បញ្ជាក់​ថា សូម​កុំ​យល់​ច្រឡំ​ថា​នេះជា​ការ​ហាម​ប្រាម​មិន​ឲ្យ​សរសេរ​អង់គ្លេស តែ​នេះ​លោក​គ្រាន់​តែសំណូម​ពរ​ កុំ​ឲ្យ​មាន​ការ​សរសេរ​ឡា​តាំង​ជា​សំនៀង​ខ្មែរ យ៉ាង​ណា​មិញ​​លោក​ក៏​មិន​មែន​ជា​បណ្ឌិត​ ឬ​អ្នក​ចេះ​ខ្លាំង​អី​ដែរ ពេល​ខ្លះ​លោក​ក៏​មាន​កំហុស​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ​ដូច​គ្នា​តែ​លោក​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ​ ព្រោះ​លោក​មាន​ឆន្ទៈ​ក្នុង​ការ​លើក​ស្ទួយ​អក្សរ​ជាតិ​។

ក្រៅ​ពី​ការ​ប្រតិកម្ម​លើ​បណ្ដាញ​សង្គម​បែប​នេះ​លោក​ក៏​មាន​គម្រោង​អំពាវនាវ​តាម​រូប​ភាព​ផ្សេង​មួយ​ទៀត​គឺ​តាម​ធ្វើ​​ស្ពត​ពាណិជ្ជកម្ម។ "ពី​មុន​បង​ក៏​ធ្លាប់​និយាយ​ជា​មួយ​ប្អូន​ សុខ ជំនោរ ​ថា​នឹង​ធ្វើ​ស្ពត​អប់​រំ​មួយ​ស្ដី​ពី​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​មក​ប្អូន​ សុខ ជំនោរ មាន​ការ​រវល់​ច្រើន​ក៏​មិន​បាន​ធ្វើ ប៉ុន្ដែ​នៅ​ពេល​ក្រោយ​បង​ជួប​គាត់​បង​នឹងរុញ​គាត់​ម្ដង​ទៀត​ទាក់​ទង​នឹង​បញ្ហា​នេះ"។ ​ហម ឈរ៉ា ថ្លែង៕

​​​​​​

អត្ថបទ៖ សុខណា