អាលែកហ្សី​​ ច្រមុះ​ ជា​ជំងឺ​តពូជ?

  • 2017-04-07 07:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត សុខ គួង បាន​ថ្លែង​ក្នុង​សន្និសីទ​ទិវា​ប្រឆាំង​ជំងឺ​អាល្លែកហ្សី​ពិភពលោក ២០១៧ នៅ​សណ្ឋាគារ ភ្នំពេញ ថ្ងៃ​ទី​៦ មេសា​នេះ​ថា អាល្លែកហ្សី​អាច​ជា​ជំងឺ​ត​ពូជ។

លោក​សុខ គួង បន្ថែម​ថា ក្មេង​អាច​កើត​អាល្លែកហ្សី ៣០% ទៅ ៥០% ប្រសិន​បើ​គាត់​មាន​ឪពុក ឬ​ម្ដាយ​កើត​អាល្លែកហ្សី ហើយ​បើ​សិន​មាន​ជំងឺ​នេះ​ទាំង ២នាក់ កូន​មាន​ឱកាស​កើត​ពី ៥០% ទៅ ៧០%។

វេជ្ជបណ្ឌិត សុខ គួង

ក្នុង​កម្មវិធី​ខាង​លើ​នេះ និយាយ​ពី​ជំងឺ​អាល្លែកហ្សី​ច្រមុះ ដោយ​មាន​វាគ្មិន ៣រូប ជា​អ្នក​ឯកទេស​ត្រចៀក ច្រមុះ បំពង់ក នៃ​មន្ទីរពេទ្យ​អង្គ​ឌួង គឺ​វេជ្ជបណ្ឌិត សុខ គួង, វេជ្ជបណ្ឌិត ឃុន ឃាង, និង​លោក​សាស្ត្រាចារ្យ សុក សំអាត ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន GSK ដើម្បី​ប្រឆាំង​នឹង​ជំងឺ​អាល្លែកហ្សី​ច្រមុះ​ក្នុង​ទិវា​ជំងឺ​អាល្លែកហ្សី​ពិភពលោក​ដែល​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២ ដល់ ៨ មេសា ២០១៧។

លោក​ឃុន ឃាង បាន​ប្រាប់​ពី​មូល​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ថា បរិស្ថាន​ខាង​ក្រៅ​ដូចជា​ដី​ហុយ បរិយាកាស​អាប់អួ​ជាដើម​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដែល​ហៅ​ថា​កត្តា​ខាង​ក្រៅ។ មួយ​ទៀត​គឺ​កត្តា​ខាង​ក្នុង​ដូចជា​បន្ទប់ មុង ភួយ​ជាដើម ដែល​យើង​មិន​បាន​សំអាត​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ក៏​បាន​ឲ្យ​គន្លឹះ​ពី​វិធី​ការពារ​ថា៖ "ប្អូន​ជា​វេជ្ជបណ្ឌិត​ព្យាបាល​អាល្លែកហ្សី​ដោយ​ខ្លួន​ឯង"។ មាន​ន័យ​ថា យើង​ត្រូវ​កត់​សម្គាល់​ដោយ​ខ្លួន​ឯង​ថា មាន​ប្រតិកម្ម​នឹង​អី ក្រោយ​ពី​ដឹង​ហើយ យើង​ត្រូវ​ការពារ​វា។

វេជ្ជបណ្ឌិត ឃុន​ ឃាង

លោក​សុក សំអាត ក៏​បាន​ចែក​រំលែក​ស្រដៀង​គ្នា​នេះ​ដែរ​ថា វិធី​ការពារ​ដ៏​ល្អ​នោះ យើង​ត្រូវ​រក​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​វា​កើត រួច​ហើយ​ទើប​យើង​អាច​ព្យាបាល​វា​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

លោក​បន្ត​ថា គួរ​កម្ចាត់ និង​ចៀសវាង​ឲ្យ​ផុត​ពី​កត្តា​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖

  • ធូលី
  • ផ្សែង​បារី
  • សំរាម
  • កាកសំណល់​ផ្សេងៗ
  • ទឹកអប់
  • គួរ​សម្អាត​បន្ទប់​គេង
  • មិន​ចិញ្ចឹម​សត្វ​ដែល​មាន​រោម​ដូចជា ឆ្មា ឆ្កែ​ជាដើម៕

អត្ថបទ៖ វិទូ