ណែនាំ ​ភោជនីយដ្ឋាន ៥ សម្រាប់​អ្នក​ទៅ​លេង​កំពង់សោម ​​ពេលចូលឆ្នាំខ្មែរ

  • 2017-04-12 05:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿយៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានអ្នករកស៊ីមួយចំនួនឆ្លៀតឱកាសតំឡើងថ្លៃលើសេវាកម្ម ទំនិញ និងអាហារជាដើម។ នៅតាមភោជនីយដ្ឋាន ឬអាហារដ្ឋានមួយចំនួនក៏ដូចគ្នា។ ជាងនេះទៅទៀត វាហាក់បីដូចជាពិបាកក្នុងការស្វែងរកកន្លែងទទួលទាន ដោយហេតុថាមានមនុស្សម្នាច្រើនក្នុងថ្ងៃបុណ្យទាន ប៉ុន្តែមានភោជនីយដ្ឋានមួយចំនួនដែលនៅបន្តតម្លៃសមរម្យ បើទោះបីជាស្ថិតក្នុងថ្ងៃចូលឆ្នាំក៏ដោយ។ ខាងក្រោមជាភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ៥កន្លែង ដែលគួរទៅទទួលទានក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រសិនបើលោកអ្នកទៅលេងក្រុងព្រះសីហនុ៖

សណ្តាន់: ជាភោជនីយដ្ឋានដែលបម្រើម្ហូបខ្មែរគ្រប់ប្រភេទ មានទីតាំងនៅជិតតោពីរ ដោយយុវជនដែលទទួលបានការបង្វឹកពីសំណាក់អង្គការម្លប់តាប៉ាង។ តាមការកត់សម្គាល់ ភោជនីយដ្ឋាននេះមានភាគច្រើនជាជនបរទេសទៅទទួលទាន ដោយរសជាតិអាចទទួលយកបានទាំងជាតិនិងអន្តរជាតិ និងមានអនាម័យល្អ ព្រមទាំងសេវាកម្មវិជ្ជាជីវៈជាទីពេញចិត្ត។

ទីតានិក: ថោក និងរសជាតិឆ្ងាញ់! ហាងទីតានិក មានអាហារទាំងខ្មែរ និងអឺរ៉ុប ដែលមានសេវាកម្មយ៉ាងរហ័សទាន់ចិត្ត។ រីឯតម្លៃវិញ សមរម្យបំផុតដូចជាអាហារលក់តាមផ្លូវដែរ ប៉ុន្តែរសជាតិប្រសើរ និងមានទឹកផ្លែឈើក្រឡុកស្រស់ៗ តម្លៃត្រឹមតែ ១ដុល្លា ប៉ុណ្ណោះ។

អូលីវ & អូលីវ: សម្រាប់អ្នកចូលចិត្តអាហារភីហ្សា ស្បាកាទី ប៉ាស្តា និងម្ហូបបែបបញ្ចឹមប្រទេស អាចមកញ៉ាំនៅទីនេះ។ អូលីវ & អូលីវ ជាភោជនីយដ្ឋានដែលល្បីបំផុត ពិសេសភីហ្សាទំហំប្រមាណជា ៣២សម តម្លៃត្រឹមតែ ៥ដុល្លា ប៉ុណ្ណោះ។ ដោយហេតុភ្ញៀវចេញចូលមិនដាច់ ធ្វើឲ្យភ្ញៀវដែលអញ្ជើញទៅទទួលទាន ពេលខ្លះរងចាំយូរបន្តិចលើកសេវាកម្ម ពិសេសនៅរដូវបុណ្យចូលឆ្នាំ។

គូកៃ: ជាភោជនីយដ្ឋានលាក់ខ្លួន ដែលសូម្បីតែផ្លាកហាងក៏មិនលើកបង្ហាញផង។ ប៉ុន្តែមិនពិបាករកទេ ដោយទីតាំងហាងនេះនៅជិត City Gold KTV។ គូកៃ មានអាហារជប៉ុនចំអិនដោយចុងភៅជនជាតិដើម ដែលមានត្រីស្រស់បំផុតនៅក្រុងព្រះសីហនុ បើកតែសម្រាប់អាហារពេលល្ងាចប៉ុណ្ណោះ។ បើសិនជាអ្នកចង់ទទួលទានអាហារនៅទីនោះ ត្រូវកត់ទុកជាមុន តាមរយៈទូរសព្ទ័លេខ 012 593 339 ។

ចម្ការស្ពៃ: ជាអាហារដ្ឋានដែលមានលក់គ្រឿងក្លែម និងអាហារសមុទ្រគ្រប់ប្រភេទ ភាគច្រើនចំអិនបែបឆាជូរអែម និងស្ងារ។ អ្វីដែលពិសេស និងល្បីនៅចម្ការស្ពៃ គឺបង្គាទឹកត្រីកោះកុង ដែលមានការពេញនិយមក្នុងការទទួលសម្រាប់អតិថិជនខ្មែរ។ រីឯតម្លៃសមរម្យ សម្រាប់អ្នកដែលចង់កម៉្មង់ធ្វើក៏អាចទាក់ទងបានតាម 015 444 663 ៕

ដោយ កើត-អ៊ូជេល ចន្ទ្រា

ដោយ កើត-អ៊ូជេល ចន្ទ្រា

អត្ថបទថ្មី