ញ៉ាំអីអស់​តិច​តែ​ឆ្ងាញ់ៗ​ ថ្ងៃបុណ្យចូល​ឆ្នាំខ្មែរ​នៅ​កំពង់សោម?

  • 2017-04-13 11:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឮថាស្អីៗ​ក៏ឡើងថ្លៃ​ដែរនៅ​រដូវបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ។​ ចុះតើយើង​គួរញ៉ាំអី​ទៅ​ដើម្បី​ចំណាយ​​តិច? ​អស់តិច ហើយ​ស្រួលរក! ​តោះ​សាកអាហារ​តាម​ផ្លូវនៅ​ក្រុងព្រះសីហនុ។​

១. ប្រហិតចៀនឬអាំង និងបុកល្ហុង: ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតសាច់ក្តាម ប្រហិតសាច់មាន់ និងប្រហិតដែលធ្វើពីម្ស៉ៅដែលនាំយកពីប្រទេសថៃ មានលក់ចលតតាមផ្លូវក្នុងទីប្រជុំជន និងតាមភូមិ តែកន្លែងដែលសំបូរនោះនៅជិត តោពីរ។ តម្លៃចាប់ពី ៥០០រៀល ក្នុង១ចង្កាក់ រីឯបុកល្ហុងវិញ លក់ចាប់ពី ១៥០០រៀល ឡើងទៅប៉ុណ្ណោះ។

២. មីស៊ុប: អ្នកលក់រែកតាមផ្លូវលក់នៅតាមផ្លូវ និងតាមឆ្នេរ មួយចានថ្លៃចាប់ពី ២៥០០រៀល ក្នុងមួយចានសម្រាប់មីស៊ុបសាច់គោ សាច់ជ្រូក គ្រឿងក្នុង និងប្រហិតសាច់គោជាដើម។ ចំណែកនៅអាហារដ្ឋាននៅជិតតោពីរវិញក៏មានដែរ តម្លៃចាប់ពី ៤០០០រៀល ឡើងទៅ។

៣. បង្កងប៉ាកបំពង និងមឹងអាំង: មានតូចមានធំសម្រាប់បង្កងប៉ាកបំពង តម្លៃ១ចាប់ពី ១០០០រៀល ទៅ៤០០០រៀល រីឯមឹកអាំងមានដោតចង្កាក់អាំងឈ្ងុយឆ្ងាញ់ ចំនួន ១០ទៅ១២ចង្កាក់ តម្លៃ ១០០០០រៀល ទៅ ១២០០០រៀល ដែលជារឿយៗអ្នកលក់ច្រើនលក់នៅតាមឆ្នេរអូឈើទាល ឆ្នេរអូត្រេះ និងឆ្នេរហាវ៉ៃ។

៤. មាន់បំពង់ Five Star: ជាអាហារដ្ឋាន Franchise របស់ខ្មែរ ដែលមានលក់ជាប្រចាំនៅជិតផ្សារទំនើប Orange នៅលើផ្លូវឯករាជ្យ តម្លៃត្រឹមតែ ៣៥០០រៀល ប៉ុណ្ណោះសម្រាប់ភ្លៅ ស្លាប់ និងទ្រូងមាន់មួយដុំ។ ក្រៅពីនេះ គេមានលក់ប្រហិតចង្កាក់បន្ទាប់បន្សំតម្លៃពី ១៥០០រៀល ដល់ ២៥០០រៀល។

៥. សាច់គោអាំងជាមួយនំប៉័ង: សាំងវ៉ិចបែបខ្មែរ ឈ្ងុយឆ្ងាញ់ រហ័ស និងអាចទិញហើយកាន់ដើរញ៉ាំតាមផ្លូវយ៉ាងរំភើយក៏បាន។ នៅឆ្នេរអូត្រេះ១ គេច្រើនលក់នៅម្តុំអាហារដ្ឋាន ស្រីពៅ ដោយមានដឹកដោយម៉ូតូ។ នំបុ័ងឆ្ងាញ់ ជាមួយនឹងសាច់គោ ឬប្រហិតអាំងតាមចំណង់ចំណូលចិត្ត តម្លៃត្រឹមតែ ៤០០០រៀល ក្នុងសាំងវ៉ិចមួយដែលមានសាច់ដល់ទៅ៣ចង្កាក់ និងថែមជ្រក់ទៀត៕

ដោយ​ កើត​-អ៊ូជេល​ ចន្ទ្រា

អត្ថបទថ្មី