ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់
- 2017-04-18 06:50:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេសចរចិនទៅដល់អង្គរវត្តមានជិត៧០ម៉ឺននាក់
ចន្លោះមិនឃើញ
ទេសចរចិន ដែលបានទៅទស្សនានៅរមណីយដ្ឋានអង្គរកាលពីឆ្នាំ២០១៦ គឺមានចំនួន ជិត៧០ម៉ឺននាក់ ក្នុងចំណោមទេសចរបរទេសសរុបជាង២លាននាក់។
របាយការណ៍របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ ភ្ញៀវទេសចរចិន បានទៅកាន់រមណីយដ្ឋានអង្គរមានចំនួន៦៦៦.២៨៥នាក់ក្នុងកំណើនជាង៣០ភាគរយ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៥។
របាយការណ៍ បានឲ្យដឹងទៀតថា ទេសចរបរទេសទៅកាន់តំបន់ទេសចរណ៍មួយនេះ មានជាង២លាន២សែននាក់ មកពី១៨៨ប្រទេស។ ក្នុងចំណោមនេះ ទេសចរចិន គឺស្ថិតនៅលើលេខរៀងទី១ ខណៈទេសចរពីប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ និងទេសចរមកពីសហរដ្ឋអាម៉េរិកជាប់ចំណាត់ថ្នាក់លេខ៣។
ប្រភពបានបញ្ជាក់ថា ចំណូលដែលបានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋាន ក្នុងឆ្នាំកន្លងទៅនេះ បានកើនដល់ជាង៦២,៥លានដុល្លារអាម៉េរិក។
តាមការណ៍ព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក បានឲ្យដឹងថា ប្រទេសចិននឹងក្លាយជាប្រទេសដែលនឹងទទួលទេសចរអន្តរជាតិច្រើនជាងគេ ហើយប្រជាជនប្រទេសនេះ ក៏នឹងចេញធ្វើទេសចរទៅក្រៅប្រទេសច្រើនជាងគេនៅលើពិភពលោក។ នៅត្រឹមឆ្នាំ២០២០ ប្រជាជនក្នុង ប្រទេសមហាយក្សនៅតំបន់អាស៊ីមួយនេះ នឹងចេញធ្វើទេសចរណ៍ក្រៅប្រទេសប្រមាណ២០០លាន នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រាប់ឲ្យដឹងថា កម្ពុជាមានផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិនឲ្យបាន២លាននាក់ នៅត្រឹមឆ្នាំ២០២០។ គោលដៅទេសចរណ៍ ដ៏ធំបំផុតដែលកម្ពុជាអាចទាក់ទាញប្រជាជនក្នុងប្រទេសមហាយក្សនៅតំបន់អាស៊ីមួយនេះ គឺប្រាសាទ្ធវប្បធម៌បុរាណដូចជាអង្គរវត្តនេះជាដើម។
អង្គរវត្ត ប្រជុំទៅដោយប្រាង្គប្រាសាទដ៏ធំបំផុតនៅក្នុងលោក ដែលសាងសង់ឡើងតាមបែបជំនឿព្រហ្មញ្ញសាសនា ក្នុងរជ្ជកាលស្តេចខ្មែរ ព្រះបាទ សូរ្យវ្ម័នទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ តំបន់អង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ប្រជុំដោយប្រាសាទចំនួន៩១កន្លែង មានលក្ខណៈល្អវិចិត្រ និងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យ កណ្តាលព្រៃឈើជិត៦ពាន់ហិកតា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ដើម្បីប្រយោន៍ផ្តល់ការជ្រោមជ្រែងថែរក្សា និងអភិរក្ស ព្រមទាំងចូលរួមផ្សព្វផ្សាយផ្នែកទេសចរណ៍ទៅកាន់ពិភពលោក៕