Yamaha កំណត់​គោលដៅ​បង្កើន​បរិមាណ​លក់​ម៉ូតូ​ឲ្យ​បាន ៤ ដង​ក្នុង​ឆ្នាំ ២០១៧

  • 2017-04-25 03:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha បាន​កំណត់​គោលដៅ​ក្នុង​ឆ្នាំ ២០១៧ នឹង​បង្កើន​បរិមាណ​លក់​ម៉ូតូ​ឲ្យ​បាន ៤ ដង​ដើម្បី​ឈាន​ទៅ​កាន់​កាប់​ចំណែក​ទីផ្សារ ២០ ភាគរយ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។

ការ​ដាក់​ផែនការ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ផលិត​ម៉ូតូ​មាន​មូលដ្ឋាន​មកពី​​ជប៉ុន​នេះ​បាន​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​គ្រប់គ្រង ​និង​បាន​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ចំនួន​ ដើម្បី​ជំរុញ​ទីផ្សារ​លក់​ម៉ូតូ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​យ៉ាម៉ាហា​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ជា​គោលដៅ​ឆ្នាំ ២០១៧ ​ក្រុមហ៊ុន​ត្រូវ​ខិតខំ​សម្រេច​ឲ្យ​បានការ​​បង្កើនបរិមាណ​លក់​ម៉ូតូ Yamaha​ ​ឲ្យ​បាន ៤ ដង​លើ​ចំនួន​លក់​បច្ចុប្បន្ន​។

លោក​មើល​ឃើញ​តម្រូវការ​ប្រើប្រាស់​ម៉ូតូ​របស់​ពលរដ្ឋ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ ទោះ​បី​ទីផ្សារ​មាន​​ភាព​ចង្អៀត​ស្រប​ពេល​មាន​ការ​ប្រកួតប្រជែង​គ្នា​ពី​ម៉ាក​ក្រុមហ៊ុន​កាន់​តែ​ច្រើន។

លោក​​បញ្ជាក់​ថា ដើម្បី​​អាច​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ ក្រុមហ៊ុន​ប្រើ​យុទ្ធសាស្ត្រ​ពង្រីក​បណ្ដាញ​ដៃគូ​ចែកចាយ​និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ខ្លាំង​ជាង​មុន។ ​ក្រុមហ៊ុន​បាន​អភិវឌ្ឍ​លើ​ស៊េរី​ម៉ូតូ​ជំនាន់​ថ្មី​​ទាំង​កម្លាំង​ម៉ាស៊ីន​និង​កម្រិត​ស៊ីសាំង​ប្រសើរ​ជាង​មុន ដើម្បី​បំពេញ​តម្រូវការរបស់​អតិថិជន។

យ៉ាងណា លោក​មិន​បាន​បញ្ជាក់​បរិមាណ​ដែល​ក្រុមហ៊ុន​គ្រោង​លក់​ក្នុង​ឆ្នាំ ២០១៧ នោះ​ទេ។

ចាប់ផ្តើម​បើក​ទីផ្សារ​ក្នុង​ឆ្នាំ ២០០៨ ម៉ូតូ Yamaha ត្រូវ​បាន​គេ​ស្គាល់​ច្រើន​តាម​រយៈ​ការ​ចេញ​បង្ហាញ​រូបរាង​របស់ Fino និង​បន្ត​មក​មាន FZ។ យ៉ាង​ណា​ប្រជាប្រិយភាព​របស់​ម៉ូតូ Fino បាន​ធ្លាក់​ចុះ ដោយសារ​បញ្ហា​ស៊ីសាំង​។ ប៉ុន្តែ​លើ​ម៉ូដែល​ក្រោយៗ ក្រុមហ៊ុន​ Yamaha បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​​​ម៉ាស៊ីន​​​​ជំនាន់​ថ្មី​ដែល​ធ្វើ​ឲ្យ​ម៉ូតូ Fino ស៊ីសាំង​តិច​ជាមុន​ដើម្បី​​ប្រជែង​ម៉ូតូ Scoopy របស់ Honda និង​ម៉ូតូ​របស់ Suzuki។

លោក គង់ នួន ​ទទួល​ស្គាល់​ថា ចំណែក​ទីផ្សារ​ម៉ូតូ Yamaha នៅ​តិច​បើ​ធៀប​គូប្រជែង​ធំៗ ប៉ុន្តែ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ជំរុញ​ទីផ្សារ​នេះ លោក​​រំពឹង​ថា​នឹង​អាច​​បង្កើន​​ចំណែក​ទីផ្សារ​ Yamaha ប្រសើរ​​ជាង​មុន។

ម៉ូតូ Yamaha ​ដែល​​នាំ​មក​លក់​ស្រុក​ខ្មែរ​ ភាគច្រើន​នាំ​ចូល​មក​មក​ពី​ថៃ វៀតណាម​និង​ឥណ្ឌា​និង​មួយ​ចំនួន​ក៏​បាន​ដំឡើង​នៅ​ក្នុង​ស្រុក។

អត្ថបទ៖ ប៊ុណ្ណារ៉ា