កីឡាករបាល់បោះលេងលំដាប់ទី១អាមេរិក១០ឆ្នាំ ជាប់ចិត្តកម្ពុជាដោយសារ...
- 2017-04-27 03:08:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់បោះលេងលំដាប់ទី១អាមេរិក១០ឆ្នាំ ជាប់ចិត្តកម្ពុជាដោយសារ...
ចន្លោះមិនឃើញ
Mark Macdonald ដែលធ្លាប់លេងបាល់បោះនៅលីគលំដាប់ទី១ របស់អាមេរិកចំនួន ១០ឆ្នាំបានមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ថាជាប់ចិត្តទឹកដីកម្ពុជាដោយសារកីឡាករ និងប្រជាជននៅទីនេះរួសរាយរាក់ទាក់។
កីឡាករដែលធ្លាប់លេងនៅលីគកំពូលរបស់អាល្លឺម៉ង់ចំនួនពីរឆ្នាំផងដែរ ខាងលើមកដល់កម្ពុជាចំនួន ៥ថ្ងៃមកហើយ ក្នុងគោលបំណងបង្ហាត់បាល់បោះដល់យុវជនថ្នាលជម្រើសជាតិកម្ពុជា និងបង្ហាត់ក្រុមជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួមស៊ីហ្គេមឆ្នាំនេះ។
ក្នុងពិធីប្រកាសបើកការប្រកួតកីឡាបាល់បោះរទេះជនពិការនារី កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ កីឡាករមានបទពិសោធលេងបាល់បោះជាង១០ឆ្នាំរូបនេះបានឲ្យដឹងថា ក្រោយបង្ហាត់កីឡាករថ្នាល និងកីឡាករជម្រើសជាតិបានប៉ុន្មានថ្ងៃរូបគេពិតជាជាប់ចិត្ត និងទឹកដីកម្ពុជាមែនទែន។ ប្រជាជន និងកីឡាករនៅទីនេះមានភាពរួសរាយរាក់ទាក់ ជាពិសេសមានការប្រឹងប្រែង និងយកចិត្តទុកដាក់ហ្វឹកហាត់ខ្លាំង។
ឆ្លើយសំនួររបស់អ្នកសារព័ត៌មានដែលសួរថា តើលោកមកជួយកម្ពុជាទៀតទេ ក្នុងកំឡុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម? កីឡាកររូបនេះមិនហ៊ានសន្យាថា នឹងមកកម្ពុជាម្ដងទៀតនៅពេលណានោះទេ។ ប៉ុន្តែរូបគេ នឹងត្រឡប់មកម្ដងទៀតនៅពេលប្រទេសមួយនេះត្រូវការឲ្យជួយ។
Mark Macdonald បញ្ជាក់ទៀតថា កម្ពុជានឹងអាចទទួលបានមេដាយពីព្រឹត្តិការណ៍អន្តរជាតិក្នុងរយៈពេលណាមួយ ប្រសិនបើបន្តការខិតខំប្រឹងប្រែងដូចដែលរូបគេមើលឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ គោលបំណងបន្ទាប់របស់ Mark នឹងធ្វើដំណើរទៅឧត្ដុង្គ ខេត្តកំពង់ស្ពឺដើម្បីបង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅទីនោះ៕
សកម្មភាពបើកការប្រកួតកីឡាករបាល់បោះរទេះជនពិការនារីម្សិលមិញ