កូរ៉េខាងត្បូង និងអាមេរិក បញ្ចប់សមយុទ្ធយោធារួមគ្នា​ហើយ​ថ្ងៃ​នេះ

  • 2017-04-30 08:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​បាន​បិទ​បញ្ចប់​សម​យុទ្ធ​យោធា​រួម​គ្នា​ហើយ​ ចំ​ពេល​​ភាព​តាន​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ឡើង​កម្ដៅ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

សម​យុទ្ធ​នេះ​មាន​​ឈ្មោះ​ថា Foal Eagle ​បាន​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ទី ៣០មេសា ​ដូច​តាម​ការ​គ្រោង​ទុក។

សម​យុទ្ធ​ផ្លូវ​ទឹក​​ដ​៏​សំខាន់​ប្រចាំ​ឆ្នាំ​នេះ ​មាន​ការ​ចូល​រួម​ពី​ទាហាន​អាមេរិក​ជាង ១០ ០០០​នាក់ រួម​នឹង​ទាហាន​កូរ៉ែ​ខាង​ត្បូង​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត។ បើ​តាម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​អះអាង​ថា ​ទាហាន​អាមេរិក​ដែល​មិន​ប្រចាំ​ការ​នៅ​កូរ៉េ​ខាង​ត្បូង​នឹង​ត្រលប់​ទៅ​កាន់​មូលដ្ឋាន​ពួក​គេ​វិញ​ឆាប់​ៗ។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​សមយុទ្ធ​ខាងលើ​មាន​ការ​ចូល​រួម​ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក USS Carl Vinson យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក B-1B​ ជា​ច្រើន​ផ្សេង​ទៀត។

នាវា Vinson កំពុង​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ក្បែរ​កូរ៉េខាងត្បូង​វិញ ដើម្បី​ចូល​រួម​ហ្វឹក​ហាត់​រួម​មួយ​ផ្សេង​ទៀត​ជាមួយ​​នាវា​ចម្បាំង​កូរ៉េខាងត្បូង។

បើ​តាម​មន្ត្រី​ដដែល​អះអាង​ថា ទោះ​បី​ជា​សមយុទ្ធ Foal Eagle ​បាន​បញ្ចប់​ក៏​ដោយ ក៏​កាយវិការ​ការ​ពារ​របស់​យោធា​​ប្រទេស​ទាំង​ពីរ​ពុំ​មាន​អ្វី​ប្រែ​ប្រួល​ដែរ៕

ប្រភព៖ Yonhapnews   ប្រែ​សម្រួល៖ ឡេង ភារុណ