ចំណាយលុយ​រាប់ម៉ឺនដុល្លារ ចិញ្ចឹម​ពីងពាងពិស ១៥០០ក្បាល មិនខ្លាចញញើត​សូម្បីបន្តិច

  • 2017-05-04 06:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី វ័យ​២៨​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Ming Cu បាន​ប្រមូល​សត្វ​ពីងពាង​ពិស Tarantula ចាប់​តាំង​ពី​ឆ្នាំ​២០១០ សរុប​ប្រមាណ​ជា ១ ៥០០​ក្បាល និង​រស់នៅ​ជាមួយ​ពួកវា ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ផង ដោយ​មិន​ខ្លាច​ញញើត​សូម្បី​តែ​បន្តិច។

ជាមួយ​គ្នា​នេះ​ដែរ នាង Cu បាន​ទទួល​រហស្សនាម​ថា «Queen Tarantula» បន្ទាប់​ពី​ស្ត្រី​ក្លាហាន​រូប​នេះ ចាត់​ទុក​ពីងពាង​ពិស​ទាំងនោះ ជា​សត្វ​ចិញ្ចឹម។ មិនតែប៉ុណ្ណោះ ស្ត្រី​ដែល​ជា​អ្នក​ស្រុក Bandung រូប​នេះ ថែមទាំង​បាន​បង្កើត​គេហទំព័រ​មួយ ឈ្មោះថា «Spider Lover Pet Shop» ដែល​នាង​បាន​ដាក់​លក់​សត្វ​ចិញ្ចឹម​ដ៏​ចម្លែក​នេះ តាម​អនឡាញ​ទៀត​ផង។

នាង Cu ដែល​ជា​អ្នក​បង្កាត់​ពូជ​សត្វ​ម្នាក់ បាន​សារភាព​ថា ធ្លាប់​ត្រូវ​សត្វ​ពីងពាង​ពិស​នោះ​ខាំ​ប៉ុន្មាន​ដង​ដែរ ប៉ុន្តែ​វា​មិន​អាច​បញ្ឈប់​សេចក្ដី​ស្រលាញ់​នាង ចំពោះ​ពួកវា​បាន​ឡើយ ហើយ​បើ​ទោះ​បី​ជា​ដៃ​គូ និង​មិត្តភ័ក្ដិ​ដែល​ចាប់ផ្ដើម​ជាមួយ​គ្នា បាន​បោះបង់​អាជីព​នេះ​ចោល​ក៏​ដោយ។

«បញ្ហា​ប្រឈម​ក្នុង​ការ​ចិញ្ចឹម និង​រក្សា​សត្វ​ពីងពាង​ពិស​រាប់​ពាន់​ក្បាល​នេះ គឺ ខ្ញុំ​ធ្វើ​វា​តែ​ម្នាក់​ឯង ហើយ​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន»។ នេះ​បើ​តាម​សម្ដី នាង Cu។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នាង Cu បាន​ជាប់​ចិត្ត​ស្រលាញ់​សត្វ​ពីងពាង តាំង​ពី​៧​ឆ្នាំ​មុន នៅ​ពេល​ដែល​នាង​បាន​ថតរូប សត្វ​ពីងពាង នៅ​ខាង​ក្រោយ​ផ្ទះ។ បន្ទាប់​មក​នាង​បាន​ដើរ​ស្វែង​រក​ទិញ​សត្វ​ពីងពាង​តែម្ដង។ នាង Cu បាន​ឲ្យ​ដឹង​ថា នាង​ចំណាយ​ប្រាក់​ប្រហែល ៥៥ ០០០​ដុល្លារ​ហើយ សម្រាប់​សត្វ​ពីងពាង​ជាង ១ ៥០០​ក្បាល​នោះ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង