ជំនឿ​គួរ​ឱ្យ​ខ្លាច​បែប​នេះ​ហើយ​ ទើប​ចាស់​ៗ​ហាម​មិន​ឱ្យ​ថត​រូប​៣​នាក់​ដាច់​ខាត​

  • 2017-05-04 07:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រប់​ពេល​ថត​រូប​ ប្រសិន​បើ​ថត​គ្នា​ ៣​ នាក់​ចាស់ៗ​តែង​ហាម​កូន​ចៅ​មិន​ឱ្យ​ថត​ឡើយ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​មិន​ដែល​ហ៊ាន​ថត​​រូប​ ៣ នាក់​ដែរ។ ចំណែក​អ្នក​គ្រួសារ​ខ្លះ​ ស្ដី​បន្ទោស​កូន​ចៅ​រឿង​ថត​រូប​ ៣​នាក់​ទៀត​ផង​។ ​តើ​មាន​ជំនឿ​អ្វី​នៅ​ពី​ក្រោយ​រឿង​នេះ ទើប​ចាស់​ៗ​ហាម​មិន​ឱ្យ​ថត​រូប​គ្នា​ ៣​នាក់​?

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​តា​អាចារ្យ គង់​​ ណេរ ​បាន​ប្រាប់​ថា​មូល​ហេតុ​ ដែល​ចាស់​ៗ​តែង​ហាម​មិន​ឱ្យ​ថត​រូប​មាន​គ្នា ៣​នាក់​ព្រោះ​មាន​ជំនឿ​ថា អាច​នាំ​រឿង​ហេតុ​មិន​ល្អ​កើត​ឡើង​ដល់​នរណា​ម្នាក់​ក្នុង​ចំណោម ​មនុស្ស​ទាំង​បី​ក្នុង​រូប​ថត​នោះ​ ភាគ​ច្រើន​គឺ​អ្នក​កណ្ដាល​។

តាម​ជំនឿ​តៗ​គ្នា ​កាល​ណា​ថត​រូប​មាន​គ្នា ៣​នាក់​អាច​មាន​គ្រោះ​រហូត​ដល់​ថ្នាក់​បាត់​បង់​អាយុ​ជីវិត​ទៀត​ផង​។ ​មូល​ហេតុ​នេះ លោក​តា ប្រាប់​ថា ៣​ជា​ចំនួន​សេស​ ធ្វើ​អ្វី​មួយ​ចាស់​មិន​សូវ​ប្រើ​ចំនួន​ ៣​ទេ សូម្បី​តែ​ថ្ងៃ​សិរី​មង្គល​ ថ្ងៃ​បុណ្យ​ ឬ​ធ្វើ​ពិធី​រំដោះ​គ្រោះ ក៏​មិន​យក​ថ្ងៃ​ទី​៣​ដែរ​ ព្រោះអាចមានខ្មោចបិសាចតាមយីយា។ ​ហើយ​ម្យ៉ាង​វិញ​ទៀត មនុស្ស​៣​នាក់​ឈរ​ថត​ទន្ទឹម​គ្នា ហាក់​បង្ហាញ​ភាព​សោក​សៅ ស្រងេះស្រងោច​ បង្កប់​អត្ថន័យ​មិន​ល្អ ដល់​អ្នក​ទាំង​ ៣​ក្នុង​រូប​ថត​នោះ​។

ដោយ​សារ​មាន​ជំនឿ​បែប​នេះ​ហើយ កាល​ណា​ឃើញ​រូប​ថត​មាន​គ្នា​៣​នាក់ ចាស់​ៗ​តែង​យក​កន្ត្រៃ​កាត់​ចេញ​មួយ​វិញ ព្រោះ​ខ្លាច​មាន​គ្រោះ​។ ​លោក​តា ក៏​លើក​ឡើង​ផង​ដែរ​ថា ទោះ​បី​ជា​មិន​មាន​អំណះអំណាង​ណា​មួយ​មក​បញ្ជាក់​ តែ​នេះ​ជា​ជំនឿ​ក្នុង​សង្គម​ខ្មែរ ហើយ​តែង​ប្រតិបត្តិ​តាំង​ពី​ដើម​រាង​មក​។ ​លោកតា​និយាយ​ទៀត​​ថា ក្មេងៗ​ឥឡូវ​មិន​សូវ​ស្ដាប់​ចាស់​ទេ តែ​រឿង​មួយ​ចំនួន​មិន​ស្ដាប់​ពេក​ក៏​មិន​បាន​ដែរ​៕ ​

អត្ថបទ៖ វឌ្ឍនៈ