មិត្ត​វិទ្យាល័យ​ ដែល​ខ្ញុំ​បំភ្លេច​មិន​បាន​

  • 2017-05-08 08:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង ៧​ឆ្នាំ​ហើយ ដែល​ខ្ញុំ​បែក​គ្នា​ជាមួយ​មិត្ត​សម្លាញ់ របស់​ខ្ញុំ​មិន​ដឹង​ថា ពេល​នេះ​គេ​នៅ​ទី​ណា ធ្វើ​ការ​អ្វី​នោះ​ទេ សូម្បី​តែ​ឈ្មោះ​ហ្វេស​ប៊ុក​របស់​គេ ក៏​ខ្ញុំ​រក​មិន​ឃើញ​ដែរ​។ ​រាល់​អនុស្សាវរីយ៍​ ទាំង​ឡាយ នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​ខ្ញុំ មិន​ដែល​បំភ្លេច​នោះ​ទេ ទោះ​ជា​ខ្ញុំ​ទៅ​ដល់​ទី​ណា នៅ​កន្លែង​ណា តារា​ នៅ​តែ​មនុស្ស​ ដែល​ខ្ញុំ​ចង់​ជួប និង​ត្រឡប់​មក​ធ្វើ​ជា​មិត្ត​ភក្ដិ​ស្លាប់​រស់​ដូច​ពី​មុន​វិញ​។

ពួក​យើង​ទាំង​ពីរ​នាក់​ បែក​គ្នា​ត្រឹម​ថ្នាក់​ទី ១១ ពេល​ដែល​ តារា ត្រឡប់​ទៅ​រស់​នៅ​រាជធានី​ភ្នំពេញ​វិញ ​ហើយ​ក៏​បាត់​ដំណឹង​សូន្យ​តែ​ម្ដង​។ ​ក្រោយ​ពេល​ខ្ញុំ​ប្រឡង បាក់​ឌុប​ជាប់ ខ្ញុំ​ក៏​បាន​ចាកចេញ​ពី​ស្រុក​កំណើត​ ក្នុង​ខេត្ត​កំពង់​ស្ពឺ ​មក​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា ហើយ​ខ្ញុំ​តែង​តែ​នឹក​ដល់​ តារា ជា​និច្ច​ខំ​តាម​រក ​សួរ​នាំ​មិត្ត​ភក្ដិ​របស់​គេ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា តារា នៅ​ម្ដុំ​ណា រៀន​នៅ​ឯណា​ឡើយ​។

រំឭក​ទៅ​កាន់​អតីត​កាល ខ្ញុំ​ និង​គេ គឺ​ជា​មិត្ត​ល្អ​បំផុត រាប់​អាន​គ្នា តាំង​ពី​ថ្នាក់​ទី ៩ ដល់​ថ្នាក់​ទី​ ១១។ តារា ជា​កូន​អ្នក​ភ្នំពេញ​ តែ​មក​រស់​នៅ​ជាមួយ​លោក​យាយ​របស់​ ក្នុង​ខេត្ត​របស់​ខ្ញុំ ហើយ​មូល​ហេតុ​ដែល​ខ្ញុំ និង​គេ​ក្លាយ​ជា​មិត្ត​ល្អ គឺ​មក​ពី​ធ្មេញ។ ​និយាយ​ដល់​ចំណុច​នេះ នៅ​តែ​អាណិត គេ​នៅ​ឡើយ តារា គ្រហុប​ ធ្មេញ​ទាំង​ពីរ ខាង​លើ ខណៈ​ដែល​គេ ពេញ​កំឡោះ​ស្ដូក​ទៅ​ហើយ ដោយ​សារ​មាន​ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ​ដូច្នេះ​ហើយ បាន​ជា​មិន​សូវ​មាន​អ្នក​ណា​រាប់​អាន​គេ​ទេ គ្រប់​គ្នា​គិតថា តារា ជា​កូន​ក្មេង ព្រោះ​មុខ​គេ​ក្មេង​ស្រាប់ ហើយ​បាក់​ធ្មេញ​បែប​នេះ​ទៀត​។

ចំពោះ​ខ្ញុំ​ខុស​ពី​អ្នក​ដទៃ ខ្ញុំ​ចូល​ចិត្ត​ តារា ត្រង់​ធ្មេញ គ្រហុប​នឹង​ហើយ បន្ទាប់​មក​ខ្ញុំ​ក៏​បាន​សួរ​នាំ​គេ ពី​រឿង​ហេតុ​ទាំង​ឡាយ បណ្ដាល​ឱ្យ​បាក់​ធ្មេញ តាំង​ពី​ថ្ងៃ​នោះ​មក យើង​ទាំង​ពីរ​នាក់ ក៏​ផ្លាស់​តុ​មក​អង្គុយ​ជា​មួយ​គ្នា​វិញ ពេល​រៀន​ថ្នាក់​ទី ៩​។ តារា គេ​រៀន​ភាសា​អង់គ្លេស​ពូកែ ណាស់​ ព្រោះ​តាំង​ពី​តូច​ឪពុក​ម្ដាយ​ គេ​យក​ទៅ​ផ្ញើ​នៅ​សាលា​ភាសា​អង់គ្លេស​។ និយាយ​បន្ត​ទៀត ខ្ញុំ​និង​តារា ចាប់​ផ្ដើម​ដើរ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ហើយ​ចូលចិត្ត​ទិញ​នំ​យក​ទៅ​ញ៉ាំ​នៅ​លើ​អគារ​បាក់បែក​មួយ​ក្នុង​​សាលា ហើយ​នាំ​គ្នា​និយាយ​ពី​រឿង​នេះ​រឿង​នោះ​ហូរហែ។ ទំនាក់​ទំនង​ជាមួយ​គ្នា​កាន់​តែ​ជិត​ស្និត ពេល​គេ​ខ្វះ​ខាត​លុយ​កាក់​រៀន ខ្ញុំ​ក៏​ជួយ​គេ ពេល​ខ្ញុំ​ខ្វះ​ខាត​គេ​ក៏​ជួយ​ខ្ញុំ​វិញ​។

យើង​ទាំង​ពីរ​សន្យា​នឹង​គ្នា​ថា នឹង​ស្រឡាញ់​គ្នា​ដូច​បងប្អូន រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា។ អនុស្សាវរីយ៍ ដែល​បំភ្លេច​មិន​បាន​នោះ​គឺ ថ្ងៃ​ដែល​តារា​ទៅ​លេង​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ជិះ​ម៉ូតូ ចំណែក​គេ​ជិះ​កង់។ ដូច្នេះ​ខ្ញុំ​ក៏​ត្រូវ​សណ្ដោង​គេ ដោយ​ឱ្យ​គេ​ចាប់​ដៃ​របស់​ខ្ញុំ ព្រោះ​ផ្ទះ​ខ្ញុំ​ឆ្ងាយ​ណាស់ ប្រហែល​ជា ១០​គី​ឡូម៉ែត្រ​ ពី​សាលា​។ ​ទម្រាំ​ទៅ​ដល់​ផ្ទះ​ខ្ញុំ យើង​ទាំង​ពីរ​បែក​ញើស​ឡើង​ជោគ តែ​គេ​នៅ​តែ​ញញឹម ចេញ​ធ្មេញ​គ្រហុប​របស់​គេ យ៉ាង​សង្ហា​។

មក​ដល់​ថ្នាក់​ទី ១០​ទំនាក់ទំនង​រវាង​យើង​ទាំង​ពីរ នៅ​តែ​ប្រសើរ​ និង​កាន់​តែ​ជិតស្និទ្ធ តែ​ពេល​រៀន​ដល់​ថ្នាក់​ទី ១១ គេ​ត្រូវ​ផ្លាស់​ប្ដូរ​មក​រៀន​នៅ​ភ្នំពេញ​វិញ ធ្វើ​ឱ្យ​យើង​ទាំង​ពីរ​នាក់​ត្រូវ​បែក​គ្នា ទាំង​បង្ខំចិត្ត​។ ក្រោយ​ពេល​បែក​គ្នា ចំណង​មិត្ត​ភាព​ហាក់​ត្រូវ​បាន​កាត់​ផ្ដាច់ លេខ​ទូរសព្ទ​គេ​ធ្លាប់​ប្រើ ក៏​ខល​មិន​ចូល។ ​ខ្ញុំ​តែង​ចង់​ដឹង​ពី​សុខ​ទុក្ខ​របស់​គេ ជា​និច្ច​រហូត​មក​ដល់​ពេល​នេះ​។

ចុង​ក្រោយ​ខ្ញុំ​សង្ឃឹម​ថា តារា នឹង​មិន​ភ្លេច​មិត្ត​ម្នាក់​ទេ ពេល​នេះ​ខ្ញុំ​រៀន​ចប់​បរិញ្ញាបត្រ​ហើយ ហើយ​កំពុង​រស់​នៅ​រាជធានី​ភ្នំពេញ សង្ឃឹម​ថា​ឯង នឹង​បាន​អាន​អត្ថបទ​នេះ​៕​​

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: thor.chanreth@sabay.com ឬទូរសព្ទទៅកាន់លេខ 015 828 595 ​ ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ

​ ​ ​

អត្ថបទ៖ Rith

អត្ថបទពេញនិយម
អត្ថបទថ្មី