រឿង​ទាំង ១០ ដែល​អាច​ដាក់​សម្ពាធមនោសញ្ចេតនា​​ប្រុសៗ ឲ្យ​ទប់​ទឹក​ភ្នែក​មិន​បាន

  • 2017-05-11 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ភាគ​ច្រើន​និយាយ​ថា​ប្រុស​ៗ​មិន​ងាយ​យំ​ទេ។ មនុស្ស​ស្រី​ទើប​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ទន់​ជ្រាយ​ និង​ងាយ​យំយែក​។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ប្រុស​រឹង​មាំ​ខ្លះ​ក៏​អាច​ស្រក់​ទឹក​ភ្នែក​បាន​ដោយ​សារ​តែ​មើល​រឿង​ដែរ។ បើ​មិន​ជឿ​ទាល់​តែ​សាក​មើល​ខ្លួន​ឯង​ទើប​ដឹង៕ តោះ!​អីចឹង​មក​ដឹង​ពី​រឿង​ទាំង​១០​នេះ​ទាំង​អស់​គ្នា!

១. Hachi: A Dog's Tale (២០០៨)

គ្រូ​បង្រៀន​ភ្លេង​ម្នាក់​បាន​ជួប​កូន​ឆ្កែ​មួយ​នៅ​តាម​ផ្លូវ​មក​ពី​ធ្វើ​ការ។ បន្ទាប់​មក​លោក​គ្រូ​នោះ​ក៏​យក​ឆ្កែ​នោះ​ទៅ​ផ្ទះ ដោយ​មិន​បាន​នឹក​គិត​ថា​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​មាន​រហូត​ដល់​រាប់​សិប​ឆ្នាំ​ ដែល​ជា​ឧទាហណ៍​មួយ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​និង​ស្មោះ​ត្រង់​របស់​ឆ្កែ​មក​កាន់​មនុស្ស។ វា​ត្រូវ​បាន​បញ្ជាក់​ជា​ច្រើន​សារ​ហើយ​ថា រឿង​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​ហេតុការណ៍​ជាក់​ស្តែង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​ទប់​ទឹក​ភ្នែក​បាន។

២. Knokin' on Heaven's Door (១៩៩៧)

អ្នក​ជំងឺ​២​នាក់​ស្នាក់​នៅ​មន្ទីរពេទ្យ​ជាមួយ​គ្នា​ សុទ្ធ​តែ​មាន​ជំងឺ​មិន​អាច​ព្យាបាល​បាន​ ព្រម​ទាំង​មាន​ពេល​មិន​ច្រើន​ទេ​សម្រាប់​រស់​នៅ។​ បន្ទាប់​មក​ពូក​គេ​ក៏​សម្រេច​ចិត្ត​មិន​ចង់​ចំណាយ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​ដោយ​ស្នាក់​នៅ​បន្ទប់​មន្ទីរ​ពេទ្យ​​ ហើយ​ក៏​រត់​ចេញ​ លួច​ឡាន​ និង​ជិះ​ទៅ​ដើរ​លេង​នៅ​សមុទ្រ​។ នៅ​តាម​ផ្លូវ​ ពួក​គេ​បាន​ឆ្លង​កាត់​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ ហើយ​ពេល​ខ្លះ​ក៏​ជួប​រឿង​អស់​សំណើច​ផង​ដែរ។ ជា​រឿង​ដ៏​ល្អ​មួយ​ដែល​និយាយ​អំពី​ ជីវិត សេចក្ដី​ស្លាប់ ការ​ស្រមៃ​ និង​ ពេល​វេលា​ក្រោយ​ស្លាប់។

៣. The Green Mile (១៩៩៩)

បុរស​ស្បែក​ខ្មៅ​មាឌ​ធំ​ម្នាក់​ត្រូវ​គេ​ ចោទ​ថា​សម្លាប់​ក្មេង​ស្រី​២នាក់ និង​ត្រូវ​គេ​ដាក់​ទោស​ចូលគុក ត្រៀម​ប្រហារ​ជីវិត។ អ្នក​ទោស​ម្នាក់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​គេ​កត់​សម្គាល់​ដោយ​សារ​រូប​រាង​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ​ លោក​ក៏​មាន​ទេពកោសល្យ​ក្នុង​ការ​ព្យាបាល​យ៉ាង​ស័ក្ដិសិទ្ធិ​ផង​ដែរ។ នៅ​ក្នុង​ថ្នាក់​ហ្វឹក​ហាត់​នៅ​ក្នុង​គុក​​អំពី​ទំនាក់​ទំនង​ អ្នក​ឆ្មាំ​គុក​ចាប់​ផ្ដើម​សង្ស័យ​ថា​លោក​មិន​មាន​កំហុស​ដោយ​សារ​តែ​ចារឹក​លក្ខណៈ​ដ៏​ល្អ របស់​លោក។ រឿង​នេះ​គឺ​ជា​រឿង​ល្អ​បំផុត​មួយ​ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ប្រលោម​លោក​របស់​លោក Stephen King ដែល​និយាយ​ស៊ី​ជម្រៅ​ពី ចិត្ត​សាស្ត្រ​។

៤.​ My Name is Khan (២០១០)

ភាព​យន្ត​ឥណ្ឌា​ភាគ​ច្រើន​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ច្រៀង​រាំ ប៉ុន្តែ​រឿង​នេះ​មិន​មែន​អីចឹង​ទេ។ វា​គឺ​ជា​រឿង​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនោសញ្ចេតនា​និយាយ​អំពី​រឿង​រ៉ាវ​របស់​លោក Rizwan Khan ដែល​កំពុង​តែ​មាន​ការ​ឈឺ​ចាប់​ពី​ជំងឺ មួយ​ប្រភេទ​ដែល​គេ​ហៅ​ថា "Asperger's Syndrome”។ ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ត្រលប់​ទៅ​កាន់​គូ​ស្នេហ៍​វិញ។​ ប្រ​ពន្ធ​លោក​បាន​បោះ​បង់​លោក​ចោល​បន្ទាប់​ពី​ហេតុការណ៍​ភេរវកម្ម ថ្ងៃ​ទី១១ខែ​កញ្ញា​ឆ្នាំ២០០១ ពេល​ដែល​ពិភព​លោក​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ទៅ​កាន់​អ្នក​កាន់​សាសនា​អ៊ីស្លាម។ នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​ លោក​បាន​យក​ឈ្នះ​បេះដូង​មនុស្ស​ជា​ច្រើន​នាក់​ ដោយ​សារ​ទឹក​ចិត្ត​ដ៏​ល្អ​ ស្រលាញ់​សន្តិភាព​ និង​ស្មោះ​ត្រង់​របស់​លោក។

៥. Schindler's List (១៩៩៣)

គឺ​រឿង​ដែល​និយាយ​អំពី​រឿង​រ៉ាវ​របស់​លោក​ Oskar Schindler ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ហើយ​ក៏​ជា​សមាជិក​របស់​គណបក្ស​ឌីសផាស៊ី(Nazi) ដែល​បាន​ជួយ​ជីវិត​ជន​ជាតិ​ជ្វីស​រាប់​ពាន់​អ្នក​ អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី២។ រឿង​នេះ​គឺ​ថត​ឡើង​ក្នុង​បំណង​ផ្ដល់​កិត្តិ​យស​ជូន​លោក​ចំពោះ​​ អំពើ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​ដែល​លោក​បាន​ធ្វើ ព្រម​ទាំង​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទប់​ទឹក​ភ្នែក​ពុំ​បាន​ចំពោះ​សាច់រឿង​ ដែល​ដក​ស្រង់​ពី​រឿង​រ៉ាវ​ដែល​កើត​ឡើង​ពិតៗ។

៦. Rory O'Shea Was Here (២០០៤)

និយាយ​ពី​ជីវិត​​របស់​លោក​​Michael ដែល​មាន​ជំងឺ​សាច់​ដុំ​ពី​កំណើត​មិន​អាច​ដើរ​បាន ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង នៅ​ពេល​ដែល​លោក​បាន​ជួប​អ្នក​ជំងឺ​ម្នាក់​ទៀត​គឺ Rory។ លោក​ Rory គឺ​​អាច​បាន​តែ​អង្គុយ​លើ​រទេះ​រុញ​តែ​ប៉ុណ្ណោះ​ដោយ​សារ​តែ​ ជំងឺ​សាច់ដុំ។ បុរស​វ័យ​ក្មេង​ម្នាក់​នេះ​មិន​ត្រឹម​តែ​មិន​ត្អូញត្អែរ​ពី​ជំងឺ​របស់​ខ្លួន​ និង​ភាព​អយុត្តិធម៌​របស់​ជីវិត​ទេ ប៉ុន្តែ​បង្ហាញ​ពី​ការ​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​ និង​មិន​ខ្វល់​ច្រើន​ពី​ស្ថាន​ភាព​​ខ្លួន។ ហើយ​ក៏​បាន​ជះ​ឥទ្ធិពល​ដល់ Michael ចំពោះ​អាកប្បកិរិយា​ដ៏​វិជ្ជមាន​របស់​ Rory ដែល Rory បាន​បង្ហាញ​លោក​ពី​ឱកាស​ដែល​លោក​អាច​មាន​សេចក្ដី​រីករាយ​ក្នុង​ជីវិត។ រឿង​ដ៏​ល្អ​មួយ​នេះ​ ធ្វើ​ឲ្យ​យើង​រំលឹក​ខ្លួន​ឯង​ពី​ជីវិត​និង​ត្រូវ​ទទួល​យក​នូវ​អ្វី​ដែល​យើង​មាន ដែល​យើង​មិន​ធ្លាប់​គិត​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

៧. Life Is Beautiful (១៩៩៧)

នៅ​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ Guido និង​កូន​ប្រុស​វ័យ​ក្មេង​របស់​លោក បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជំរំ​របស់​ពួក​ណាស៊ីស​សម្រាប់​ជន​ជាតិ​ជ្វីស។ លោក​ចង់​ជួយ​ជីវិត​កូន​​ខ្លួន ដោយ​ប្រាប់​ថា​អ្វី​ដែល​កើត​ឡើង​គឺ​គ្រាន់​តែ​ជា​ល្បែង​ប៉ុណ្ណោះ​មិន​មែន​ជា​ការ​ពិត​ទេ ហើយ​អ្នក​ដែល​លេង​ឈ្នះ​ល្បែង​នេះ​នឹង​ទទួល​បាន​រថក្រោះ​ជា​រង្វាន់។ ដើម្បី​យក​ឈ្នះ អ្នក​លេង​មិន​ត្រូវ​ឲ្យ​ពួក​អ្នក​យាម​ចាប់​ខ្លួន​បាន​ទេ។ ក្មេង​ប្រុស​ម្នាក់​នោះ​ ជឿ​តាម​ឪពុក​ហើយ​ក៏​ចាប់​ផ្ដើម​គេច​ខ្លួន​នៅ​ក្នុង​បន្ទាយ​ដើម្បី​ឲ្យ​មាន​ជីវិត​។ ជា​រឿង​ល្អ​មួយ​ ដែល​ផ្ដោត​ទៅ​លើ​សេចក្ដី​ស្រលាញ់ និង​សប្បុរស​ ធ្វើ​ឲ្យ​សើច​និង​យំ​តាម​សាច់​រឿង។

៨. Seven Pounds (២០០៨)

​​​​​លោក Ben Thomas មិន​អាច​បំភ្លេច​បាន​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដែល​លោក​បាន​សម្លាប់​មនុស្ស​៧​នាក់​ រាប់​បញ្ចូល​ទាំង​គូរ​ដណ្ដឹង​របស់​លោក​ ដោយ​សារ​ការ​ធ្វេស​ប្រហែស។ កំហុស​មួយ​នេះ​បាន​លង​បន្លាច​លោក​ជា​ខ្លាំង ហើយ​ក៏​ខិត​ខំ​រក​មធ្យោបាយ​ដើម្បី​កែ​តម្រូវ​នូវ​កំហុស​ដែល​លោក​បាន​ធ្វើ។ លះបង់​គ្រឿង​ក្នុង​របស់​លោក​ទៅ​ឲ្យ​មនុស្ស​ដែល​មាន​ជំងឺ​ធ្ងន់ លោក​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ជីវិត​រស់​នៅ​ដើម្បី​សង​នឹង​ជីវិត​ដែល​លោក​បាន​ធ្វើ​ឲ្យ​បាត់​បង់​ក្នុង​គ្រោះ​ថ្នាក់​នោះ​។ ប៉ុន្តែ​អ្វីៗ​ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង នៅ​ពេល​ដែល​លោក​បាន​ជួប​នារី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Emily ហើយ​ក៏​បាក់​ចិត្ត​ស្រលាញ់​នាង​។​ គ្មាន​អ្នកណា​ម្នាក់​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ​ ពេល​មើល​រឿង​នេះ​ដែល​បង្ហាញ​ពី​ភាព​ក្ដុកក្ដួល​ នៃ​ការ​ដាក់​ទន្តកម្ម​ខ្លួន​ឯង​របស់​តួ​ឯក​ប្រុស។

៩. Million Dollar Baby (២០០៤)

​​Maggie ស្រមៃ​អាជីព​ជា​អ្នក​ប្រ​ដាល់។ លោក Frankie Dunn គឺ​ជា​គ្រូ​បង្វឹក​ម្នាក់​ដែល​មាន​បញ្ហា​ក្នុង​ជីវិត​ច្រើន​ មិន​មាន​អារម្មណ៍​ល្អ​ក្នុង​បង្ហាត់​សិស្ស​ស្រី​ថ្មី​ម្នាក់​នេះ​ទេ។ ប៉ុន្តែ​ដោយ​សារ​តែ​ឃើញ​ពី​ភាព​ចចេស​ និង​ចង់​ក្លាយ​ជា​អ្នក​លើក​ពាន​របស់​នាង​ លោក​ក៏​យល់​ព្រម​បង្ហាត់​នាង។ រឿង​នេះ​បង្ហាញ​ពី​ការ​តស៊ូ​ដែល​ស្ថិត​នៅ​ខាង​ក្នុង​ខ្លួន អារម្មណ៍ និង​អំពី​ចំណង់​ការ​ចង់​ឈ្នះ​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ដោយ​មិន​គិត​ពី​អ្វី​ទាំង​អស់។

១០. Gladiator (២០០០)

អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​លោក Maximus ដែល​នឹង​ត្រូវ​ក្លាយ​ជា​អ្នក​ឡើង​គ្រង​រាជ្យ​នៅ​អាណាចក្រ​រ៉ូម។ ក្រោយ​ពេល​ដឹង​ដំណឹង​នេះ កូន​ប្រុស​របស់​ស្ដេច​ មាន​បំណង​ចង់​សម្លាប់​លោក។ ប៉ុន្តែ​ក៏​រួច​ពី​ការ​សម្លាប់​នេះ ហើយ​បាន​ក្លាយ​ជា​អ្នក​ប្រកួត​ប្រជែង​ក្នុង​ទី​រេញ​(Gladiator) ដ៏​ខ្លាំង​ពូកែ​ម្នាក់។ ការ​សម្ដែង​របស់ Russell Crowe បាន​ឆក់​យក​បេះដូង​អ្នក​ទស្សនា ដល់​ថ្នាក់​ស្រក់​ទឹក​ភ្នែក​នូវ​ឈុត​ឆាក​ខ្លះ​ៗ​ទៀត​ផង៕ ​​​​

​​​​​​​​

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ