នរណា​ខ្លះ​ដឹង​ថា ​លេខ១១​របស់​វិសាខា ​ជា​​​តារា​ឆ្នើម​​មក​ពី​​ក្រៅ​ប្រទេស​?

  • 2017-05-13 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់ទះ​ឆ្នើម​លេខ១១​ ដែល​លេង​បាន​ល្អ​និង​លេចធ្លោ​ជាង​គេ​នៅ​ក្រុម​វិសាខា​ ការ​ពិត​ទៅ​ជា​ជើង​ខ្លាំង​មក​ពី​ក្រុម​បាល់ទះ​ទ័ព​អាកាស​របស់​ប្រទេស​ថៃ​ ហើយ​កីឡាករ​រូប​នេះ​លេង​បាល់ទះ​រយៈ​ពេល​ ១៥​ ឆ្នាំ​មក​ហើយ​ ឥលូវ​នេះ​ប្រាថ្នា​លើក​ពាន​ស្រាបៀ​ លីអូ​ ជា​មួយ​វិសាខា។​

កីឡាករ Jirayu Raksakaew

លោក​ Jirayu Raksakaew​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ គេ​ពេញ​ចិត្ត​ណាស់​ដែល​បាន​ចូលរួម​ជា​មួយ​ក្រុម​កម្ពុជា​មួយ​នេះ​(វិសាខា)​ ហើយ​គេ​នឹង​ខិតខំ​ជួយ​ក្រុម​មួយ​នេះ​ឲ្យ​ឈ្នះ​ពានរង្វាន់​ស្របៀ​ លីអូ​ នេះ។​ ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ទាំង​ទីលាន​ប្រកួត​និង​ការ​រៀបចំ​ផ្សេង​ទៀតពិតជាល្អ។​

កីឡាករ​កម្ពស់​ ១,៩៤​ សង់ទីម៉ែត្រ​ ម្នាក់​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ បើ​និយាយ​ពី​ការ​ប្រកួត​តាំង​ពី​វគ្គ​ជម្រុះ​មក​ដល់​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ គេ​មើល​ឃើញ​ថា​ ក្រុម​បាល់ទះ​វិសាខា​ហាក់​មាន​កំហុស​ឆ្គង​មួយ​ចំនួន​ដែរ​ គឺ​ត្រង់​ចាប់​សេវា​របស់​ដៃ​គូ​តែ​ម្ដង​និង​បាំង​ក៏​នៅ​ធ្វើ​មិន​ទាន់​បាន​ល្អ​ផង​ដែរ។​ ហេតុផល​ដែល​ក្រុម​របស់​លោក​ឈ្នះ​លើ​ក្រុម​វៀតណាម​នោះ​គឺ​ ពួក​ក្រុម​របស់​លោក​ព្យាយាម​វាយ​សេវា​ទៅ​បុក​អ្នក​ដែល​សំខាន់​ជាង​គេ​របស់​ក្រុម​វៀតណាម​ ហើយ​កីឡាករ​ថៃ​រូប​នេះ​ឡើង​ទៅ​បាំង​យក​ពិន្ទុ។​

ក្រុមវិសាខា

កីឡាករ​ថៃ​រូប​នេះ​ ក៏​ប្រាប់​ពី​ចំណុច​ខ្វះខាត​របស់​ក្រុម​វៀតណាម​ Vinh Long​ ដែរ​ថា​ពួក​គេ​នៅ​ពេល​បាល់​នៅ​ឆ្ងាយ​ពី​ពួកគេ​បន្តិច​គឺ​លែង​រត់​ទៅ​យក​ហើយ​ និង​មួយ​ទៀត​នោះ​ឲ្យ​តែ​បាល់​លេង​យូរ​បន្តិច​គឺ​ពួក​គេ​លែង​សហការ​គ្នា​ជា​ក្រុម​ចំណុច​ទាំង​នេះ​ដែល​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ​ចាញ់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ។​ បើ​និយាយ​ពី​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ល្ងាច​នេះ​កីឡាករ​ថៃ​រូប​នេះ​នៅ​មិន​ទាន់​ហ៊ាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ​ តែ​ដឹង​ថា​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម​វិសាខា​ឈ្នះ​ពាន​រង្វាន់​នេះ។​

ក្រុម​សាលា​ខេត្ត​កំពង់ចាមនិងកង​ពល​ធំ​អន្តរាគមន៍​លេខ​៣

Jirayu Raksakaew​ ជា​កីឡាករ​ជនជាតិ​ថៃ​ បច្ចុប្បន្ន​កំពុង​ជួយ​ក្រុម​បាល់ទះ​វិសាខា​ប្រកួត​ប្រជែង​ពាន​រង្វាន់​ស្របៀ​ លីអូ​ រដូវ​ការ​ទី៦​ ហើយ​គេ​ពាក់​ស្លាក​លេខ​១១​នៅ​ក្នុង​ក្រុម​នេះ​ កីឡាករ​រូប​នេះ​មាន​វ័យ​៣០​ឆ្នាំ​ហើយ​ និង​មាន​កម្ពស់​ ១,៩៤​ សង់ទីម៉ែត្រ។​ ល្ងាច​នេះ​កីឡាករ​ម្នាក់​នេះ​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​បន្ត​ទៀត​ដើម្បី​ជួយ​ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​