សូ លីហ្សា ត្រៀម​ធ្វើ​តួឯក​រឿង​ហើយ!

  • 2017-05-16 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង សូ លីហ្សា បាន​បង្ហើប​ឲ្យ​ដឹង​ថា ឆាប់ៗ​ខាង​មុន​នេះ នាង​នឹង​​​គ្រង​តំណែង​តួឯក​​ខ្សែភាពយន្ត​ថ្មី​១រឿង​ទៀត មាន​ចំណង​ជើង​ថា "ម្ចាស់​ព្រែក"។

ស្រី​ស្អាត​រូប​នេះ បញ្ជាក់​ថា នាង​​បាន​ចុះ​កុងត្រា​ជា​មួយ​គ្នា​រួច​រាល់​ហើយ ហើយ​គ្រោង​នឹង​ធ្វើ​ពិធី​ក្រុងពាលី​ចេញ​ថត​ក្នុង​ពេល​ឆាប់ៗ​នេះ។ រឿង "ម្ចាស់​ព្រែក" ដែល​ស្រី​ស្អាត សូ លីហ្សា គ្រោង​នឹង​សម្ដែង​នោះ ជា​ប្រភេទ​រឿង​មនោសញ្ចេតនា សម័យ​លាយ​បូរាណ ​មាន​ទាំង​អស់​ជាង​៥០ភាគ សម្រាប់​ចាក់​បញ្ចាំង​នៅ​លើ កញ្ចក់​ទូរទស្សន៍ CTN។

"ថ្ងៃ​មុន​ខ្ញុំ​បាន​ថត Cover ឲ្យ​គេ​អស់​ហើយ​ គេ​ក្រុងពាលី​ឆាប់ៗ​នេះ រឿង​ហ្នឹង​មាន​តួឯក​២គូ​បង"។ សូ លីហ្សា ថ្លែង​បញ្ជាក់។

តួឯក​ប្រុស​ដែល​ត្រូវ​សម្ដែង​ជា​មួយ​នាង​នោះ មាន​ឈ្មោះ​ថា លោក អ៊ុំ ដាវីត ចំណែក​តួឯក​១គូទៀត ​ឈ្មោះ លោក ផប់ រចនា និង លោក ឃឹម រិទ្ធី ។ តារា​ស្រី​រូប​នេះ​បាន​រៀបរាប់​អត្តចរិត​តួ​ដែល​នាង​ត្រូវ​សម្ដែង​ឲ្យ​ដឹង ក្នុង​នោះ​នាង​ត្រូវ​សម្ដែង​ជា​​តួអង្គ​ប្រុស​ផង​ស្រី​ផង ។ ពេល​ថ្ងៃ​តែង​ខ្លួន​ជា​មនុស្ស​ស្រី​មាន អត្តចរិត ស្លូតបូត ចំណែក​ពេល​យប់ ត្រូវ​តែង​ខ្លួន​ជា​មនុស្ស​ប្រុស ​មាន​ភាព​ក្លាហាន ចេះ​ក្បាច់។

ដោយសារតែ​​ខ្សែ​ភាពយន្ត​មួយ​នេះ តួអង្គ​​របស់​សូ លីហ្សា ត្រូវ មាន​ឈុត​វាយ​តប់​ប្រើ​ក្បាច់​គុន​ផង​​នោះ ដូច​នេះ​​នាង​ត្រូវ​ចេះ​ក្បាច់​គុន​ផង​ដែរ។ ​តារា​ស្រី​រូប​នេះ​លើ​ឡើង​ថា ខ្លួន​គ្រោង​​នឹង​ត្រូវ​ទៅ​ហាត់​ក្បាច់គុន ដើម្បី​ឲ្យ​ការ​សម្ដែង​នោះ កាន់​តែ​ល្អ។

សូ លីហ្សា បាន​បោះ​ជំហាន​ចូល​​សិល្បៈ​នៅ​ដើម​ឆ្នាំ​២០១៥ តាម​រយៈ​ការ​ម្ដាយ​របស់​ខ្លួន ជា​មួយ​អាជីព​ជា​តារា​សម្ដែង។ រយៈ​ពេល​នេះ​នាង ក្រៅ​ពី​ការ​ថត​ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន ​ស្រី​ស្រស់​វ័យ២១ឆ្នាំ​រូប​នេះ ធ្លាប់​បាន​សម្ដែង​រឿង​ខ្ទង់​១០រឿង​មក​ហើយ ក្នុង​នោះ នាង​មាន​ឱកាស​ក្ដាប់​បាន​តំណែង​តួឯក​បាន​ចំនួន​៤រឿង​​ផង​ដែរ បើ​គិត​ទាំង​រឿង​ខាង​​លើ។

រឿង​ដែល​នាង​ធ្លាប់ និង​កំពុងតែ​សម្ដែង​​តួឯក​មាន​ដូច​ជា រឿង"អវសាន​ស្នេហ៍" រឿង"​បំណុល​ស្នេហ៍" កំពុង​តែ​ថត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ជិត​ចប់ និង​រឿង​មួយ​ទៀត​ថត​ឲ្យ TV8HD មិន​ចាំ​ចំណង​ជើង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី