តារា​ចម្រៀង​ហង្ស​មាស​២គូ​នេះ​ ចាប់​ដៃ​គ្នា​អត់​លែង​ឆ្នាំ​២០១៧​នេះ

  • 2017-05-19 02:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រុស​ស្រី​ផលិត​កម្ម​រស្មី​ហង្ស​មាស​២​គូ​កំពុង​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​មាន​ Step នី រតនា រ៉េត ហ្សូសាណា និង ឈិន មានិច្ច​ ​ក្រោយ​ពី​ពួក​គេ​ចាប់​ដៃ​គូ​សម្ដែង និង​ច្រៀង​ជា​មួយ​គ្នា​​ជា​បន្ត​បន្ទាប់​។

ជាក់​ស្ដែង​ថ្មីៗ​នេះ​ Step និង រ៉េត ហ្សូសាណា ត្រូវ​បាន​ផលិត​កម្ម​រស្មី​ហង្ស​មាស​​តម្រូវ​ឲ្យ​ពួក​គេ​ទាំង​ពីរ​ចាប់​ដៃ​គូ​សម្ដែង​ជា​តួ​ឯក​​​លើក​ដំបូង​​​​ជា​មួយ​គ្នា​ក្នុង​ខ្សែ​ភាព​យន្ត​មួយ​ ដោយ​មាន​អ្នក​នាង ពេជ្រ សោភា សម្ដែង​ជា​តួ​បង​ស្រី​ក្នុង​រឿង​នេះ​ផង​ដែរ​។​​​

Step បាន​ប្រាប់​ Sabay ថា​ក្រៅ​ពី​ចាប់​ដៃ​គ្នា​ថត​ខ្សែ​ភាព​យន្ត​ជា​មួយ​ រ៉េត ហ្សូសាណា ​ហើយ​នោះ​លោក​ក៏​មាន​បទ​ចម្រៀង​ត្រៀម​ចេញ​ជា​មួយ​​គ្នា​​សម្រាប់​ឆ្នាំ​២០១៧ផង​ដែរ​ ។ " បាទ​​សម្រាប់​ឆ្នាំ​​នេះ​ខ្ញុំ និង​ សាណា មាន​សាច់​រឿង​សម្ដែង​ជាមួយ​គ្នា​ និង​បទ​ចម្រៀង​ចេញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​បង​។ ចំណែក​រឿង​ដែល​ខ្ញុំ​ថត​ជា​មួយ​គាត់​សុំ​លាក់​ចំណង​ជើង​សិន​បង​​"។ Step ថ្លែង​។

ដោយ​ឡែក​ នី រតនា និង ឈិន មានិច្ច វិញ​​ក្រោយ​ពី​ចេញ​បទ​ "នារី​ក្នុង​សុបិន​បង​គឺ​ជា​អ្នក​ណា​?” និង​ បទ​ "នារី​ក្នុង​សុបិន​បង​គឺ​ជា​អូន​" រួច​មក​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​សម្ដែង​ទៅ​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ ​មើល​ទៅ​ដូច​គូស្នេហ៍​ និង​គ្នា​អញ្ចឹង​។

កន្លង​មក​ ឈិន មានិច្ច បាន​ប្រាប់​ Sabay ថា​ នៅ​ពេល​មាន​កម្ម​វិធី​ប្រគំ​តន្ត្រី​ខន​សឺត​ ទាំង​នៅ​រាជ​ធានី​ភ្នំពេញ​ និង​​នៅ​តាម​បណ្ដា​ខេត្ត​​​ម្ដងៗ​​ទាំង​ម្ចាស់​ក្រុម​ហ៊ុន​ និង​អ្នក​គាំទ្រ​តែង​តែ​សុំ​ឲ្យ​នាង​ និង នី រតនា ចាប់​ដៃ​គូ​ច្រៀង​រួម​គ្នា​ស្ទើរ​តែ​គ្រប់​កម្ម​វិធី​។

"​បន្ទាប់​ពី​បទ​ "នារី​ក្នុង​សុបិន​បង​គឺ​ជា​អ្នក​ណា​?” និង​បទ​ "នារី​ក្នុង​សុបិន​បង​គឺ​ជា​រូប​អូន​" ខ្ញុំ​ និង​គាត់​(​នី រតនា) នឹង​ចេញ​បទ​ច្រៀង​ជា​ច្រើន​បទ​​ទៀត​រួម​គ្នា​ នៅ​ពេល​ខាង​មុខ​នេះ​បង"។ ឈិន មានិច្ច និយាយ​៕​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន