ខ្លាំង​បាត់! ​ផាន់ ផាត់ណា ប្ដូរ​ពី​កំពូល​តារា​ម៉ូដែល​ទៅ​ជា​ស្រី​ចរិត​ប្រុស

  • 2017-05-25 06:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ដើរ​តួ​ជា​ស្រី​ស្អាត​ដែល​មាន​ចរិត​កាច​​ឆ្នាស​ឆ្នើម ពេល​នេះ​តួ​អង្គ​កំពូល​តារា​ម៉ូដែល​ ដាអ៊ីណា​ ក្នុង​រឿង "​ស្រទន់​មន្ត​ស្នេហ៍" ​ ប្រាប់​ថា​នាង​ត្រៀម​ប្តូរ​ចរិត​លក្ខណៈ​ជា​តួ​​ថ្មី​មួយទៀត​ដែល​នាង​មិន​ដែល​ជួមឆ្លង​កាត់​ពី​មក​គឺ​ ជា​ស្រី​ចរិត​ប្រុស​​ ក្នុង​រឿង​ "មន្ត​ស្នេហ៍​កូន​ថៅកែ​ត្បូង​"។

ផាត់​ ផាន់ណា បន្ត​ថា ​រឿង​នេះ​នាង​នឹង​ដើរ​តួ​ជា​កូន​កំព្រា​ម្ដាយ ​ដែល​មាន​តែ​ឪពុក​ជា​ថៅកែ​ត្បូង​ប្រចាំ​ខេត្ត​ប៉ៃលិន។ "សម្រាប់​រឿង​ហ្នឹង​ខ្ញុំ​ត្រូវ​ដើរ​តួ​ជា​ស្រី​ចរិត​ប្រុស​ ហើយ​ឈ្លើយ​ទៀត​ អ្នក​ប៉ះ​ឬ​មើល​ងាយ​អី​គឺ​មិន​បាន​ដាច់​ខាត មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​នេះ​ខ្ញុំ​ត្រូវ​ចេះ​វ៉ៃ​ទាត់​ធាក់​ទៀត"។ នាង​ បន្ថែម។

ថ្លែង​ពី​ចំណាប់​អារម្មណ៍​ដែល​ស្រាប់​តែ​ប្ដូរ​ពី​ចរិត​ធម្មជាតិ និង​រសជាតិ​តួ​អង្គ​ដែល​ខ្លួន​ធ្លាប់​សម្ដែង​នេះ​ នាង​លើក​ឡើង​ថា៖ "​ខ្ញុំ​ពេញ​ចិត្ត​តួ​អង្គ​នេះ ហើយ​ចង់​ដើរ​តួ​បែប​នេះ​បែប​ លក្ខណៈ​ ក្លាហាន ចេះ​ទាត់​ធាក់​ និង​ ជិះ​ម៉ូតូ​ធំ​បែប​នេះ​​យូរ​ហើយ"។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រូច​ហើយ​សម្រាប់​ការ​ដើរ​តួ​នេះ។ "​រាល់​ខ្ញុំ​ហាត់​តៃក្វាន់ដូ​ដែរ ហើយ​​ខ្ញុំ​គិត​យើង​ជា​តួ​សម្ដែង​យើង​មិន​បាច់​អី​ដល់​ថ្នាក់​ចេះ​ស្ទាត់​នោះ​ទេ​ គ្រាន់​ដឹង​ពី​មូលដ្ឋាន​ខ្លះៗ​ និង​ទេពកោសល្យ​នៃ​ការ​សម្ដែង​ដែល​មាន​ស្រាប់​ទៅ​បាន​ហើយ"។

បញ្ជាក់​ផង​ដែរ​ភាពយន្ត​ភាគ​ "មន្ត​ស្នេហ៍​កូន​ថៅកែ​ត្បូង​" ជា​ស្នាដៃ​និពន្ធ​របស់​ រ៉ា អារុណ ដឹក​នាំ​ដោយ ខុង រតនា ក្នុង​ផលិត​កម្ម​ C-Media របស់​ លោក ជា ឈីម ដែល​នឹង​ចេញ​ថត​នៅ​ដើម​ខែ មិថុនា នេះ​ហើយ។

អត្ថបទ៖ សុខណា