​២៥ ខេត្ត​ក្រុង​នៅ​កម្ពុជា តិច​អត់​ដឹង​ថា មាន​ខេត្ត​មួយ​ សម្បូរ​ប្រពៃណី​ចម្លែក​ៗ​ខុស​គេ

  • 2017-06-12 07:23:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​ប្រពៃណី​វប្បធម៌​ដ៏​សម្បូរ​បែប ​ហើយ​ក៏​ជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​ខ្មែរ​ទាំង​មូល​។ យ៉ាង​ណា​ក្ដី​បើ​ក្រឡេក​ទៅ​មើល​ខេត្ត​រតនគីរី ដែល​ស្ថិត​នៅ​ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា គឺ​មាន​បងប្អូន​ជនជាតិ​ភាគតិច ជា​ច្រើន​កំពុង​រស់​នៅ និង​មាន​ប្រពៃណី​ចម្លែក​មិន​នឹក​ស្មាន​ដល់​ទៀត​ផង​។ ដូច្នេះ​តើ​ប្រពៃណី​ប្លែក​ទាំង​នោះ​មាន​អ្វី​ខ្លះ? ខាង​ក្រោម​នេះ ជា​ប្រពៃណី​មួយ​ចំនួន​របស់​បងប្អូន​ជនជាតិ​ភាគតិច ដែល​ក្រុម​ការងារ​ Sabay ធ្លាប់​បាន​ទៅ​ស្រាវជ្រាវ​ផ្ទាល់​៖​​

១. ដើម​ចេក​ត្រូវ​បាន​ជន​ជាតិ​ភាគ​តិច​គ្រឹង​គោរព​ជា​ព្រះ​អាទិទេព

​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​នៅ​ខេត្ត​រតនគីរី​បាន​គោរព​បូជា​ចំពោះ​សត្វ​ វត្ថុ​ ឬ​ដើម​ឈើ​ផ្សេង​ៗ​គ្នា​​ដូច​ជា​ព្រះ​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​របស់​ពួក​គេ។ ជាក់​ស្តែង​ជន​ជាតិ​ភាគ​តិច​គ្រឹង​​នៅ​ខេត្ត​រតនគីរី​បាន​ចាត់​ទុក​ដើម​ចេក​ជា​ព្រះ​ដែល​ពួក​គេ​គោរព​បូជា​ជា​រៀង​រាល់​ឆ្នាំ​។

លោក​តា​ ​ម៉ា​ លី​ ​អាយុ​៧៥​ឆ្នាំ​នៅ​ភូមិ​តង​កាម៉ាល​ ឃុំ​អូរជុំ​ ស្រុក​អូរជុំ​​ខេត្ត​រតនគីរី​បាន​ប្រាប់​ក្រុម​ការងារ​«ផ្លូវ​ទៅ​ស្រុក​»​ថា​ ជន​ជាតិ​ភាគ​តិច​គ្រឹង​បាន​គោរព​បូជា​​ដើម​ចេក​​ដូច​ជា​ព្រះ។ ​ជា​រៀង​រាល់​ឆ្នាំ​ ​បន្ទាប់​ពី​ចប់​រដូវ​ច្រូត​កាត់​ហើយ​ អ្នក​ភូមិ​ជន​ជាតិ​គ្រឹង​​តែង​តែ​ជួប​ជុំ​គ្នា​ដើម្បី​​រៀប​ចំ​ពិធី​បុណ្យ​បូជា​ចំពោះ​ដើម​ចេក​​ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​ និង​ភាព​សប្បាយ​រីក​រាយ​ភូមិ​។ ចំពោះ​ការ​​គោរព​បូជា​នេះ​​គឺ​គោរព​តាម​ប្រពៃណី​ជន​ជាតិ​គ្រឹង​តាំង​ពីរ​យូរ​លង់​ណាស់​មក​ហើយ​ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពួក​គាត់​ដាំ​ដើម​ចេក​ និង​​ថែ​រក្សា​រហូត​ដល់​សព្វ​ថ្ងៃ។

​ ទី​ស្នាក់​ការ​ជន​ជាតិ​គ្រឹង​ស្ថិត​នៅ​ភូមិ​តង​កាម៉ាល​ ឃុំ​អូរជុំ​ ស្រុក​អូរជុំ​​ ​ខេត្ត​រតនគីរី​​ដែល​មាន​ដើម​ចេក​ និង​​សាលា​រួម​​មួយ​ខ្នង​ដែល​ជា​កន្លែង​សម្រាប់​ពួក​គាត់​ជួប​ជុំ​គ្នា​ និង​រៀប​ចំ​ពិធី​បុណ្យ​ផ្សេង​ៗ ព្រម​ទាំង​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ជន​ជាតិ​គ្រឹង។ បច្ចុប្បន្ន​​នេះ​ ជន​ជាតិ​គ្រឹង​មួយ​​ភាគ​ធំ​​ដែល​ជា​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ច្រើន​ទាំង​​វត្ថុ​ប្រើ​​ប្រាស់​ គ្រឿង​អលង្ការ​ពាក់​ជាប់​ខ្លួន​ និង​សំលៀកបំពាក់​ជា​ដើម។ ទោះ​បី​ជា​យ៉ាង​ណា​ ​ជន​ជាតិ​គ្រឹង​វ័យ​ចំណាស់​ភាគ​ច្រើន​នៅ​តែ​ប្រកាន់​ប្រពៃណី​ពី​ដើម​ដដែល។

២. ប្រពៃណី​ការ​សង់ផ្ទះ​កូន​ក្រមុំ និង​កូន​កំឡោះ​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​ ស៊ុម​ ​សុគន្ធា​ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី​​ថា​ ​ពេល​កូន​ប្រុស​ កូន​ស្រី​ធំ​ពេញ​វ័យ​​ពោល​គឺ​ដល់​វ័យ​មាន​គូស្រករ​ ឪពុក​ម្ដាយ​ និង​ចាស់​ទុំ​ជន​ជាតិ​ភាគ​តិច​ឲ្យ​​ពួក​គេ​​​ដេក​​ផ្ទះ​​ដាច់​ដោយ​ឡែក​គ្រួសារ។ ដូច្នេះ​ឪពុក​ម្តាយ​បាន​ធ្វើ​​ផ្ទះ​ឲ្យ​កូន​ប្រុស​ដេក​ផ្សេង​ និង​កូន​ស្រី​ដេក​ផ្សេង។ ​ពេល​នោះ​​បើ​​កូន​ប្រុស​ពេញ​ចិត្ត​លើ​កូន​ក្រមុំ​​ណា​ម្នាក់​ កូន​ប្រុស​អាច​ចូល​ទៅ​​​ផ្ទះ​​កូន​ក្រមុំ​​​នោះ​​បាន​ ហើយ​បើ​កូន​ក្រមុំ​​ពេញ​ចិត្ត​ នាង​នឹង​នៅ​ស្ងាត់​ស្ងៀម​ ប៉ុន្តែ​បើ​នាង​មិន​ពេញ​ចិត្ត​ នាង​ដេញ​បុរស​នោះ​ចេញ​វិញ។ «នេះ​តាម​ខ្ញុំ​ឮ​ត​ៗ​គ្នា​ វា​អត់​ទាន់​មាន​ឯកសារ​ច្បាស់​លាស់​ទេ។ ដល់​ពេល​កូន​កំលោះ​កូន​ក្រមុំ​នោះ​ត្រូវ​គ្នា​ ចាស់​ៗ​ដឹង​ឮ​ ពួក​គាត់​រៀប​ចំ​ឲ្យ​អ្នក​ទាំង​ពីរ​រៀប​ការ​តែ​ម្តង»។

ពាក់​ព័ន្ធ​នឹង​ការ​លើក​​ឡើង​របស់​លោក​ស្រី​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី​នេះ​ វា​អាច​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា​ ចាស់​ទុំ​ជន​ជាតិ​ភាគ​តិច​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​បាន​ផ្តល់​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​គូស្រករ​​ដល់​កូន​ៗ​ជា​ធំ។ ប្រការ​នេះ​ហាក់​មិន​ខុស​នឹង​សម័យ​បច្ចុប្បន្ន​នេះ​ទេ​ដែល​ភាគ​ច្រើន​ឪ​ពុក​ម្តាយ​ ចាស់​ទុំ​គោរព​តាម​​កូន​ៗ​ជា​អ្នក​សម្រេច​ជ្រើស​រើស​គូស្រករ។ ចំពោះ​​ផ្ទះ​កូន​កំលោះ​ និង​ផ្ទះ​កូន​ក្រមុំ​មាន​លក្ខណៈ​ខុស​គ្នា​បន្តិច​ពោល​គឺ​ផ្ទះ​កូន​កំលោះ​ខ្ពស់​ជាង​ផ្ទះ​កូន​ក្រមុំ។

៣. ការ​ចាក​ចោល​ភូមិ​ឋាន​រាប់​ឆ្នាំ​របស់​ប្រជាជន​គ្រឹង

ពេល​លោក​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ភូមិ​​ជាតិ​ភាគ​តិច​គ្រឹង​នៅ​ខេត្ត​រតនគីរី​ ​លោក​អ្នក​ប្រាកដ​ជា​​ចម្លែក​​អារម្មណ៍​​ភ្លាម​ ដោយ​សារ​តែ​ភូមិ​ទាំង​មូល​មាន​សភាព​ស្ងាត់​ជ្រងំ​ស្ទើរ​​​តែ​រក​មនុស្ស​ម្នា​ម្នាក់​គ្មាន​ ប៉ុន្តែ​​សត្វ​ជ្រូក​តូច​ធំ​ពីរ​បី​ក្បាល​ដើរ​រក​ចំណី​ ខណៈ​​ផ្ទះ​បិទ​ទ្វារ​ចោល។

ស៊ី​ សាវ៉េត ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​នៅ​រតនគិរី បាន​ប្រាប់​​ថា​ ​អ្នក​​ភូមិ​​គ្រឹង​បាន​ចេញ​ចោល​​ផ្ទះ​ទៅ​ធ្វើ​​ស្រែ​ចម្ការ​អស់​ហើយ។ ជាក់​ស្តែង​នៅ​ភូមិ​ឃួន ឃុំកោះ​ពាក្យ​​ ស្រុក​វើនសៃ អ្នក​ភូមិ​បាន​ចេញ​ចោល​ផ្ទះ​អស់​ហើយ​ក្នុង​រយៈ​ពេល​នេះ។ ពួក​គាត់​បាន​ចាក​​ចោល​ផ្ទះ​​​​​ចាប់​ពី​ខែ​​​​កក្កដា​ រហូត​ដល់​ខែ​មករា​ ឬ​កុម្ភៈ​ទើប​ពួក​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ​ក្នុង​រយៈ​ពេល​នេះ​ ​ពួក​គាត់​មិន​ត្រឡប់​មក​មើល​ផ្ទះ​​សម្បែង​ឡើយ​ដោយ​សារ​ក្នុង​ផ្ទះ​របស់​ពួក​គាត់​គ្មាន​អ្វី​ឡើយ​ក្រៅ​ពី​សំបក​ផ្ទះ។ ​ក្រៅ​ពី​​នេះ​ ក៏​មាន​តែ​សត្វ​ជ្រូក​ពីរ​បី​ក្បាល​ដែល​ដើរ​កកាយ​ដី​រក​ចំណី​ស៊ី​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ភូមិ​នីមួយ​ៗ​ស្ងាត់​ឈឹង​គួរ​ឲ្យ​ចម្លែក៕

អត្ថបទ៖ វឌ្ឍនៈ