តម្លៃស្រូវប្រទេសថៃ កើនឡើង​ដល់​ជាង ៧០០​ដុល្លារ​ក្នុង​មួយ​តោន

  • 2017-06-14 02:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. បាក់​រលំ​អគារ ​៧ជាន់ នៅ​កេនយ៉ា បណ្ដាល​ឲ្យ​មនុស្ស​ជាង​ ១០​នាក់​បាត់ខ្លួន

យ៉ាង​ហោច​ណាស់ មនុស្ស​បាត់​ខ្លួន​ ១៥​នាក់ ត្រូវ​ក្រុម​អ្នក​សង្គ្រោះ​កំពុង​ស្វះស្វែង​រក​មើល បន្ទាប់​ពី​​កើត​មាន​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧ជាន់ កាល​ពី​ប៉ុន្មាន​ម៉ោង​មុន ស្ថិត​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ បើ​តាម​សាក្សី​នៅ​ទី​នោះ​បាន​អះអាង​ថា ការ​បាក់​រលំ​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ស្នាម​ប្រេះ​ជា​ច្រើន​កន្លែង​នៅ​លើ​ជញ្ជាំង​អគារ។

២. តម្លៃ​ស្រូវ​ក្នុង​ប្រទេស​ថៃ​កើន​ឡើង​ដល់​ជាង ៧០០​ដុល្លារ​ក្នុង​មួយ​តោន

តម្លៃ​ស្រូវ​ក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​រំពឹង​ថា នឹង​បន្ដ​កើន​ឡើង​រហូត​ដល់​ចុង​ឆ្នាំ​២០១៧ ដោយសារ​ការ​ស្ដុក​ស្រូវ​របស់​រដ្ឋាភិបាល​ថៃ ត្រូវ​បាន​បញ្ចេញ​លក់ និង​ករណី​គ្រោះធម្មជាតិ​​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក។ តម្លៃ​ស្រូវ​ក្នុង​ប្រទេស​ថៃ បាន​កើន​ឡើង​ដល់ ៦៣៥​ដុល្លារ​ក្នុង​មួយ​តោន កាលពី​ខែ​ឧសភា និង​បាន​បន្ត​កើន​ឡើង​ដល់ ៧១៥​ដុល្លារ​ក្នុងមួយតោន នៅ​ដើម​ខែ​មិថុនា ២០១៧ ខណៈ​តម្លៃ​ស្រូវ​ក្នុង​ប្រទេស​វៀតណាម បាន​កើន​ឡើង​ពី ៤៧៥​ដុល្លារ​ក្នុង​មួយ​តោន ក្នុង​ខែ​ឧសភា និង​បន្ដ​កើន​ដល់ ៤៩៥​ដុល្លារ​ក្នុង​មួយ​តោន ក្នុង​ខែ​មិថុនា ២០១៧។

៣. កូរ៉េខាងជើង ដោះលែង​និស្សិត​អាមេរិក​ម្នាក់

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​ដោះលែង​និស្សិត​អាមេរិក​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ មករា ​ឆ្នាំ ២០១៦ និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៥​ឆ្នាំ លើ​ករណី​លួច​បដា​ឃោសនា​នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង។ ការ​ប្រកាស​ដោះលែង​និស្សិត​អាមេរិក ឈ្មោះ Otto Warmbier ធ្វើ​ឡើង ក្រោយ​អតីត​តារា​បាល់បោះ​អាមេរិក លោក Dennis Rodman បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី១៣ មិថុនា ម្សិលមិញ។

៤. កូរ៉េខាងត្បូង​ចោទ​កូរ៉េខាងជើង​បញ្ជា​​កូន​យន្តហោះ​ដ្រូន លួច​ព័ត៌មាន​ប្រព័ន្ធ​ការពារ​​មីស៊ីល​អាមេរិក

ប្រទេស​កូរ៉េខាងត្បូង បាន​អះអាង​​កាល​ពី​ថ្ងៃ​​អង្គារ​ម្សិលមិញ​ថា ទាហាន​​កូរ៉េខាងត្បូង​បាន​​ប្រទះ​ឃើញ​យន្ត​ដ្រូន​​ឈ្លបការណ៍​មួយ​​មក​ពី​កូរ៉េខាងជើង​ដែល​បាន​ព្យាយាម​​លួច​យក​ព័ត៌មាន​ជុំវិញ​ប្រព័ន្ធ​​ការពារ​មីស៊ីល​​អាមេរិក មុន​ពេល​វា​ធ្លាក់​នៅ​តាម​ជម្រាល​ភ្នំ។

យន្តហោះ​​ដ្រូន ​មាន​បំពាក់​​កាមេរ៉ា បាន​ធ្លាក់​នៅ​ត្រង់​តំបន់​ព្រំដែន​កូរ៉េ​ទាំងពីរ​ដែល​មាន​ការ​ពង្រឹង​សន្តិសុខ​យ៉ាង​​តឹងរ៉ឹង។ សូម​ទស្សនា​​វីដេអូ​បកស្រាយ​របស់​ក្រុម​ការងារ Sabay ដូច​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី