ពិធី​ការិនី​​អាស៊ី​អាគ្នេយ៍​ប្លែក​អារម្មណ៍​ប៉ះ​ ហង្ស​ សម្បើម​​ស័ក្ដ​ លើក​ដំបូង​

  • 2017-06-16 04:49:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ផលិត​កម្ម​មហា​ហង្ស​បាន​ក្រុង​ពាលី​ខ្សែ​ភាព​យន្ត​ភាគ​របស់​ខ្លួន​រឿង​ "មរតក​ចុក​ឈាម​" នៅ​គេហដ្ឋាន​លោក​ អ៊ិន សុភិន ស្ថិត​នៅ​ភ្នំ​ពេញ​ថ្មី​។ រឿង​ភាគ​ថ្មី​នេះ​ដែរ​ ណាក់ ស្រីណា ពិធី​ការិនី​អាស៊ី​អាគ្នេយ៍​​ប៉ះ​គ្នា​​លើក​ដំបូង​ជាមួយ​ ហង្ស សម្បើម​ស័ក្ត​ ក្នុង​តំណែង​ជា​តួ​ឯក​។

ណាក់ ស្រីណា បាន​ប្រាប់​ Sabay ថា រឿង​ថ្មី​នេះ​​មាន​អារម្មណ៍​​ប្លែក​ជាង​រឿង​មុន​ៗ​ ​ព្រោះ​កន្លង​មក​នាង​ និង​ ហង្ស​ សម្បើម​ស័ក្ត​ មិន​ធ្លាប់​សម្ដែង​ខ្សែ​ភាព​យន្ត​ជាមួយ​គ្នា​ ទោះ​បី​ជា​ស្គាល់​​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្តី​។ "ចាស​នេះ​ក៏​ជា​រឿង​លើក​ទី​១ ដែល​នាង​ខ្ញុំ​ថត​ឲ្យ​ផលិត​កម្ម​មហា​ហង្ស​ រឿង​ "មរតក​ចុក​ឈាម​" នេះ​អត្ត​ចរិត​ខ្ញុំ​ស្លូត​ ហើយ​រង​ទុក្ខ​ខ្លាំង​"។

ខ្សែ​ភាព​យន្ត​​ភាគ​រឿង​ "មរតក​ចុក​ឈាម​" ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​​មនោសញ្ចេតនា​សោក​សង្រេង​ស៊ី​ជម្រៅ​ព្រាត់​ប្រាស់​ឈ្នានីស​​គ្មាន​ទី​បញ្ចប់​​ មាន​​៤៥ ភាគ​ គ្រោង​ថត​រយៈ​ពេល​៤​ ខែ​ ដោយ​ចាយ​ដើម​ទុន​១០ ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​លោក​ អ៊ិន សុភិន បាន​មាន​ប្រសាសន៍​។

អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​រូប​នេះ​បន្ថែម​ថា​៖ "រឿង​នេះ​ក្រោយ​ពី​ថត​បាន​៣​ខែ​ យើង​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បណ្ដើរ​ ចំណែក​ឯ​ទី​តាំង​ថត​វិញ​គឺ​ភ្នំពេញ​ និង​ខេត្ត​ជាប់​រាជ​ធានី​ភ្នំពេញ​នេះ​តែ​ម្ដង​"។

រឿង" មរតក​ចុក​ឈាម​" ចូល​រួម​សម្ដែង​ដោយ​ លោក ហង្ស សម្បើម​ស័ក្ត ណាក់ ស្រីណា ហម ឈរ៉ា សឿន ផាន់ផាភួង ដានី អារីយ៉ា លឹម រដ្ឋា និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន