អបអរ​​ទិវា​ឪពុក​មិន​មែន​មាន​​ន័យ​ថា​ឈ្លក់​វង្វេងនឹង​​វប្បធម៌​​បរទេស​ទេ​

  • 2017-06-20 08:53:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​សង្កេត​ឃើញ​ថា​ទិវា​ឪពុក​នៅ​ស្រុក​យើង​ហាក់​ដូច​ជា​មិន​រំជើប​រំ​ជួល​ខ្លាំង​ដូច​ទិវា​ក្ដី​ស្រលាញ់ និង​ទិវា​អ្នក​ម្ដាយ​សោះ ។ ជាក់​ស្ដែង​នេះ​មិនមែន​ជា​វប្បធម៌​របស់​ខ្មែរ​យើង​ទេ ម្យ៉ាង​ទៀត​កូន​ៗ​ភាគច្រើន​ស្និត​ស្នាល​ជា​ម្ដាយ​ជាង​ឪពុក ព្រោះ​ធម្មតា​ឪពុក​តែង​ត្រូវ​រ​វល់​ចេញ​ក្រៅ​ដើម្បី​រកលុយ​ផ្គត់​ផ្គង់​គ្រួសារ​។

​ទោះជា​យ៉ាង​នេះ​ក្តី​ក៏​មិនមែន​មាន​ន័យ​ថា​ប្រជា​ជន​ខ្មែរ​យើង​មិន​ចេះ​នឹកនា​ដល់​គុណ​ឪពុក​នោះ​ទេ តែ​ខ្មែរ​យើង​និយម​បង្ហាញ​ភាព​កតញ្ញូ​នេះ​ក្នុង​រដូវ​បុណ្យទាន​តាម​រយៈ​ការ​ធ្វើ​បុណ្យ​ជូន​ឪពុក​ម្តាយ​ចាស់ៗ ដូចជា បួស​សងគុណ ធ្វើ​ពិធី​ស្រង់​ព្រះ ងូតទឹក​ជូន​ឪពុក​ម្ដាយ​ជាដើម​។ ​ ​ការចូលរួម​អបអរ​ទិវា​ឪពុក​របស់​វប្បធម៌​បរទេស​នេះ ក៏​មិន​មាន​ន័យ​ថា​អាក្រក់​នោះ​ដែរ ហើយ​វា​នឹង​ផ្ដល់​ឱកាស​ឲ្យ​យុវវ័យ​ខ្មែរ​ជំនាន់​នេះ​កាន់តែ​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ភាព​កតញ្ញូ​ចំ​ពោះ​អ្នកមានគុណ ពិសេស​គឺ​ចំពោះ​លោក​ឪពុក​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​​សាស្ត្រា​ចារ្យ សំបូរ មា​ណ្ណា​រ៉ា អ្នក​​​ប្រវត្តិសាស្ត្រ​ខ្មែរ និង​សាស្ត្រា​ចារ្យ​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំ​ពេញ និង​សាកលវិទ្យា​បញ្ញា​សាស្ត្រ​។

​លោក​បន្ត​ថា​៖«​តាម​ពិត​ទៅ​ខ្មែរ​យើង​មាន​ប្រពៃណី​គោរព​មេបា​តាំងពី​បរ​ម​បុរាណ​មក​ម្ល៉េះ ដែល​យើង​ធ្លាប់​មាន​ដូចជា ពិធីបុណ្យ​មេបា បុណ្យ​ព្រះ​កន្លោង ពិធីបុណ្យ​ព្រះ​សេ​វៈ ជាដើម គ្រាន់តែ​យើង​មិន​បាន​ហៅ​វា​ថា​ទិវា​ឪពុក​ដូច​គេ​។ នៅ​ពេល​ដែល​ប្អូន​ៗ​សម័យ​ឥលូវ​ងាក​មក​យកចិត្តទុកដាក់​នឹង​ការ​បង្ហាញ​ក្ដី​ស្រលាញ់​ចំ​ពោះ​ឪពុក ក្នុង​ថ្ងៃ​រំលឹក​គុណ​ឪពុក​បែប​នេះ គឺ​វា​មិន​ខុស​អី​នោះ​ទេ ។ វា​មាន​ន័យ​ថា​យើង​ចេះ​បំលែង​ទំនៀម​ទ​លាប់​វប្បធម៌​ចាស់​ពី​បុរាណ​របស់​យើង​ឲ្យ​វា​ទាន់​សម័យ​ទំនើប​តែ​ប៉ុណ្ណោះ​»។​

​ជាក់​ស្ដែង​សម័យ​បច្ចុប្បន្ន​វា​ពិតជា​ពិបាក​ទ​ប់​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ខ្លាំង​ណាស់​ដោយសារ​បច្ចេកវិទ្យា​វិទ្យា​ទំនើប និង ការ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត​។ តែ​ក្នុងនាម​ជា​យុវវ័យ​ទំពាំង​ស្នង​ឫស្សី​ម្នាក់​គួរ​ចេះ​ថ្លឹងថ្លែង​ស្វែង​យល់​ដោយ​ខ្លួនឯង​ថា​តើ​វប្បធម៌​បរទេស​មួយ​ណា​ដែល​ល្អ​ផូរផង់​គួរ​ប្រតិបត្តិ​តាម ឬ មួយ​ណា​មិន​គួរ ។ ​

អត្ថបទ៖ លីដា