ស្ពាន ​៤កន្លែង ​នៅ​កម្ពុជា​រំលេច​ទេស​ភាព​ស្អាត​បំផុត មិន​ចាញ់​ស្រុក​គេ

  • 2017-06-21 10:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ស្ពាន​ជា​ច្រើន​កន្លែង​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​ពិសេស​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ តាម​រយៈ​ការ​ដឹកជញ្ជូន។ ​ជា​ការ​កត់​សម្គាល់​ មាន​ស្ពាន​មួយ​ចំនួន​ មិន​ត្រឹម​តែ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់​ទាញ​ទៀត​ផង​។ ​ដូច​នេះ​តើ​ស្ពាន​ណា​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា មាន​ទេសភាព​ស្អាត​គួរ​ឱ្យ​ចង់​ទៅ​លេង​កម្សាន្ត​? តោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

១. ​ស្ពាន​សេកុង

ព្រះ​អាទិត្យ​រៀប​អស្ដង្គត​​នៅ​ស្ពាន​សេកុង​ ​ក្រុង​ស្ទឹង​ត្រែង​ ​​បាន​ចាំង​ផ្លាត​នៅ​លើ​ផ្ទៃ​ទឹក​ ​​ប្រៀប​នឹង​គ្រាប់​ពេជ្រ​ រំលេច​ជា​ពណ៌​មាស​ ​គួរ​ឲ្យ​គយគន់​មិន​ជិនណាយ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ ស្បើយ​អស់​ទុក្ខ​កង្វល់។

ស្ពាន​មិត្តភាព​​កម្ពុជា​-ចិន​ - សេកុង ​​​សាង​សង់​នៅ​ឆ្នាំ​២០០៧​ មាន​ប្រវែង​ ១០៥៧​ម៉ែត្រ ​ទទឹង​១១​ម៉ែត្រ ​ឆ្លង​កាត់​ទន្លេ​សេកុង​ ​ពី​ទីក្រុង​ស្ទឹង​ត្រែង​ ​ទៅ​ត្រើយ​ម្ខាង​ទៀត​ លើ​​ផ្លូវ​ជាតិ​លេខ​៧ ​ក្នុង​គោលដៅ​ទៅ​ព្រំដែន​ឡាវ។ ក្រៅ​ពី​បម្រើ​ដល់​ការ​ធ្វើដំណើរ​​របស់​ប្រជាពលរដ្ឋ​​​ឲ្យ​មាន​​ភាព​ងាយ​ស្រួល​ ​ស្ពាន​នេះ​ ​ក៏​ជា​ទី​កន្លែង​ដ៏​ពេញ​និយម​ សម្រាប់​យុវវ័យ​ទៅ​ទស្សនា​ថ្ងៃ​លិច​ ពេល​ល្ងាចៗ​ផង​ដែរ ដើម្បី​រំសាយ​​ភាព​​តានតឹង និង​មើល​ទេសភាព​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ឡើង​វិញ។

២. ស្ពាន​អ្នក​លឿង

ទេសភាព​ដ៏​ស្រទន់​នា​ពេល​សុរិយា​រៀប​អស្ដង្គត បាន​បន្ថែម​សម្រស់​ស្ពាន​ត្សឹបាសា​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មិន​ចាញ់​នៅ​បរទេស​ឡើយ។ ស្ពាន​ដែល​វែង​បំផុត​នៅ​កម្ពុជា​នេះ មាន​ប្រវែង​សរុប ២២១៥​ម៉ែត្រ និង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី០៦ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​សាង​សង់​អស់​ប្រមាណ ១៣០​លាន​ដុល្លារ។

៣. ស្ពានកោះពស់

ស្ពាន​នេះ​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ បាន​រំលេច​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត នៅ​ពេល​ទៅ​ដល់​ទី​នោះ​ហាក់​លង់​នឹង​សម្រស់​ផ្ទៃ​សមុទ្រ​ដាច់​កន្ទុយ​ភ្នែក និង​កម្ពស់​ដ៏​ខ្ពស់​របស់​ស្ពាន​ហាក់​កំពុង​ឈរ​លើ​ទីតាំង​មួយ​ដ៏​អស្ចារ្យ​បំផុត​។ ស្ពាន​កោះពស់​នេះ អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ ដើរ​លេង​កម្សាន្ត​តែ​ក្នុង​ថ្ងៃ​បុណ្យ​ធំ​ៗ​ប៉ុណ្ណោះ ចំពោះ​ថ្ងៃ​ធម្មតា​មិន​បើក​ឱ្យ​ឡើង​នោះ​ទេ​។ ប្រសិន​បើ​ចង់​ទទួល​បាន​ទស្សនីយភាព​ដ៏​អស្ចារ្យ​គួរ​ទៅ​លេង​កម្សាន្ត​ នា​ពេល​ល្ងាច ព្រោះ​អាច​ឃើញ​ព្រះ​អាទិត្យ​ជះ​ពន្លឺ​លើ​ផ្ទៃ​សមុទ្រ​ដ៏​ខៀវ​ស្រងាត់ និង​អាច​ថត​រូប​បាន​ស្អាត​បំផុត។​

៤. ស្ពាន​ឫស្សី​កោះ​ប៉ែន

ស្ពាន​នេះ​មាន​ប្រវែង​​៩០០​ម៉ែត្រ​ និង​មាន​ទទឹង​៣​ម៉ែត្រ។ ​ស្ពាន​ឫស្សី​ដែល​​​ត្រូវ​ប្រើ​ប្រាស់​​ឫស្សី​អស់​ចំនួន​៤​ម៉ឺន​ដើម​អាច​ផ្ទុក​ទម្ងន់​បាន​ពី​៣​ទៅ​៤​តោន។ បន្ទាប់​ពី​​ស្ពាន​មួយ​នេះ ​បាន​​ធ្វើ​រួច​រាល់​ ភ្ញៀវ​ចាប់​ផ្ដើម​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជា​ហូរ​ហែ​​ក្នុង​នោះ​មាន​ទាំង​អ្នក​ដើរ​ ​ជិះ​កង់​ រទេះ​សេះ​ ម៉ូតូ​ និង​រថយន្ត។ ជា​ពិសេស​ពេល​ល្ងាច​ចាប់​ពី​ម៉ោង​៤​ទៅ​សំបូរ​​យុវវ័យ​ជិះ​ម៉ូតូ​ទៅ​លេង​កោះ​ប៉ែន​ណាស់​ ខណៈ​ឆ្នេរ​ខ្សាច់​កំពុង​លេច​ចេញ​ពណ៌​មាស​ជា​បណ្តើរ​ៗ​ ហើយ​កន្លែង​អង្គុយ​​លំហែ​កាយ​​​លើ​ខ្សាច់​មាត់​ទឹក​ក៏​​ត្រូវ​បាន​ធ្វើ​ច្រើន​ហើយ​ដែរ។

ចំពោះ​តម្លៃ​​វិញ​ ​អ្នក​​ដើរ​ត្រូវ​បង់​៥០០​​​រៀល អ្នក​ជិះ​កង់​​តម្លៃ​៥០០​រៀល​ ម៉ូតូតម្លៃ​១០០០​រៀល អ្នក​ជិះ​ម៉ូតូ​ជា​ជន​បរទេស​តម្លៃ​៤០០០​រៀល និង​រថយន្ត​តម្លៃ​១​ម៉ឺន​រៀល​ ​ប៉ុន្តែ​​​ប្រភេទ​រថយន្ត​ដឹក​នាំ​​ទំនិញ​ខ្នាត​តូច​ជា​ដើម​ក៏​គិត​តម្លៃ​​ផ្សេង​ទៀត​៕

អត្ថបទ៖ វឌ្ឍនៈ