មក​ដឹង​​កន្លែង​កម្សាន្ត​ថ្មី​ ក្នុង​ទឹក​ដីស្រុកត្រាំកក់ ​តាកែវ​មួយ​នេះ

  • 2017-07-14 03:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្ពប​ត្របែក​ជា​ទី​កន្លែង​កម្សាន្ត​ថ្មី​មួយ​ ដែល​ទើប​នឹង​បង្កើត​ឡើង​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​ ឃុំ​អូរសារាយ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ ជា​កន្លែង​កម្សាន្ត​តាម​បែប​ធម្មជាតិ មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ត្រជាក់ មាន​តូប​អង្គុយ ​នៅ​តាម​មាត់​ទឹក​ និង​មាន​ពោង​មុជ​ទឹក​ គយ​គន់​សម្រស់​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ។

បើ​បរិយាយ​ពី​ចំណីចំណុក តំបន់​ទេសចរណ៍​នេះ មាន​លក់​ម្ហូប​អាហារ និង​ភេសជ្ជៈ​ច្រើន​មុខ និង​មាន​​តម្លៃ​​ធូរ​ថ្លៃ។

ងាក​ចេញ​ពី​អាហារ ចូរ​មក​ដឹង​ពី​​តូប​លើ​ទឹក​​វិញ​ម្ដង។ តូប​​អង្គុយ​លេង​១ មាន​តម្លៃ​ចាប់​ពី១ម៉ឺន​រៀល​ ទៅ​២​ម៉ឺន​រៀល សម្រាប់​​ថ្ងៃ​ធម្មតា និង​ថ្ងៃ​បុណ្យ​ទាន ប៉ុន្តែ​ប្រសិន​បើ​ទិញ​​អាហារ​នៅ​ទីនេះ អ្នកលក់​មិន​គិត​ប្រាក់​​ថ្លៃ​តូប​ឡើយ។

មិន​សូវ​ជា​ខុស​នឹង​កន្លែង​កម្សាន្ត​​ផ្សេង​ប៉ុន្មាន​ដែរ ទីនេះ មាន​ពោង​ជួល​មុជ​ទឹក​ មាន​តម្លៃ​ចាប់​ពី​ ២ ៥០០រៀល​ ទៅ​៣ ៥០០​រៀល​តាម​តូច​តាម​ធំ។ ថ្វីបើ​ចំណុច​ខ្លះ​មិន​សូវ​ជា​ខុស​កន្លែង​ផ្សេង ប៉ុន្តែ​អាច​និយាយ​​ថា ខ្ពប​ត្របែក​ទំនើប​គួរ​សម ព្រោះ​មាន​ភ្ញៀវ​អាច​ជិះ​ទូក​ទា ឬ​ទូក​ផ្សេងៗ មើល​ទេសភាព ដោយ​ចំណាយ​ខ្ទង់​ពី ១ ម៉ឺន​ទៅ​២ ម៉ឺន​ប៉ុណ្ណោះ។

អាជីវករ​អ្នក​ស្រី​ ញ៉ ធីតា​ បាន​ប្រាប់​ថា​ ខ្ពប​ត្របែក​នេះ ជា​អាង​ទំនប់​ទឹក​ចាស់​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ទើប​ជាង​មួយ​ឆ្នាំ​នេះ​ទេ ដែល​ប្រជា​ពលរដ្ឋ​ចាប់​ផ្ដើម​សង់​ជា​តូប ដើម្បី​ជួល​ឱ្យ​ភ្ញៀវ​​អង្គុយ​លេង​មាត់​ទឹក និង​ផ្ដើម​លក់​ម្ហូប​អាហារ​នានា។

ប្រិយ​មិត្ត​ដែល​ចង់​ទៅ​កម្សាន្ត អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​៣​ ទៅ​ដល់​ផ្លូវ​បំបែក​អង្គតាសោម បត់​ទៅ​លិច​ត្រង់​តាម​ផ្លូវ​អ៊ុត​កៅស៊ូ​ ចម្ងាយ​ប្រហែល​ជាង ១៥ គីឡូ​ម៉ែត្រ នឹង​ឃើញ​ ខ្ពប​ត្របែក​ នោះ​នៅ​ជាប់​នឹង​ផ្លូវ​តែ​ម្ដង៕

អត្ថបទ៖ សូទ្រី