ប៉ះ​តារា​សម្ដែង​៣​ប្រទេស កម្ពុជា-ថៃ-ឡាវ ​ប៉ុន្តែ ខាត់ វ៉ៃហាំង​ នៅ​តែ​គ្រង​តំណែង​តួ​ឯក​

  • 2017-07-30 02:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នេះ​ផលិត​កម្ម​មហា​ហង្ស​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ដោយ​មាន​វត្ត​មាន​តារា​សម្ដែង​៣​ប្រទេស​ចូល​គ្នា​តែ​ក្នុង​នោះ​​ ខាត់ វ៉ៃហាំង​ បាន​គ្រង​តំណែង​តួ​ឯក​​ប្រុស​ដដែល​។

ខាត់ វ៉ៃហាំង ជាមួយតួ​ឯក​ស្រី​ថៃ​

លោក អ៊ិន សុភិន អគ្គនាយក​ផលិត​កម្ម​មហា​ហង្ស​បាន​មាន​ប្រសាសន៍ថា ​​​នេះ​គឺ​​ជា​ស្នា​ដៃ​ទី​១​​ ដែល​ផលិតកម្ម​លោក​បាន​​សហការ​ផលិត​​រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ជាមួយ​៣​ ប្រទេស​​រួម​គ្នា​ក្នុង​តំបន់​អាស៊ី​មាន​ប្រទេស​ កម្ពុជា ថៃ ឡាវ ។​ភាព​យន្ត​ខ្នាត​ធំ​នេះ​ ខាត់ វ៉ៃហាំង ចាប់​ដៃ​គូ​សម្ដែង​ជា​តួ​ឯក​ជាមួយ​តារា​សម្ដែង​ថៃ​នាង​ ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត ។

អគ្គនាយក​ផលិត​កម្ម​ខាង​លើ​បន្ថែម​ថា​៖​ " បាទ​រឿង "​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ" ​គឺ​ជា​រឿង​ថ្មី​មួយ​ប្លែក​ បែប​​រ៉ូ​មែន​ទិក​ សប្បាយ​ៗ​ ដែល​មាន​កំប្លែង​៥០ ភាគរយ​ ភាគ​ច្រើន​រឿង​ហ្នឹង​ពាក់​ព័ន្ធ​អនុស្សាវរីយ៍​ ហើយ​រឿង​នេះ​ដែរ​ រឿង​ដំបូង​ដែល​ផលិតកម្ម​មហាហង្ស​សហការ​ថត​៣ ប្រទេស​ មាន​ខ្មែរ​ ថៃ​ ឡាវ សម្ដែង​ចូល​គ្នា​ តែ​ក្នុង​នោះ​ ​ វ៉ៃហាំង គាត់​សម្ដែង​ជា​តួ​ឯក​ជាមួយ​តារា​ស្រី​ថៃ​"។

ចំណែក​ឯ​ ខាត់ វ៉ៃហាំង​ វិញ​បាន​លើក​ឡើង​ថា រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" នេះ​គឺ​ជា​រឿង​មួយ​ដែល​ពិសេស​​ខ្លាំង​បំផុត​សម្រាប់​រូប​លោក​ ព្រោះ​ជា​រឿង​ដំបូង​ដែល​មាន​ឱកាស​សម្ដែង​ជា​តួ​ឯក​ជាមួយ​តារា​សម្ដែង​ប្រុស​ស្រី​៣​ប្រទេស​ចូល​គ្នា​ ។ ចំពោះ​ទីតាំង​ថត​ក៏​ជ្រើស​រើស​កន្លែង​ទាំង​៣ ប្រទេស​ខាង​លើ​នេះ​ដែរ​។

“ខ្ញុំ​គិត​ថា​រឿង​នេះ​ មិន​ពិបាក​ណាស់​ណា​សម្រាប់​ខ្ញុំ​នោះ​ទេ​ ព្រោះ​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​​ធ្វើ​ការ​ជាមួយ​ផលិត​ករ​ថៃ​ដែរ​ ហើយ​ក្រុម​ការ​ងារ​ខាង​ថៃ​ក៏​ធ្លាប់​ស្គាល់​ខ្ញុំ​ដែរ​ ។ រឿង​ដែល​ខ្ញុំ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​តួឯក​​ស្រី​ថៃ​នេះ​ដែរ​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ ពី​ទស្សនិកជន​ នៅ​ពេល​ចាក់​បញ្ចាំង​នៅ​រោង​កុន​ ដោយ​សារ​តែ​រឿង​នេះ​ផ្ដិត​យក​ទិដ្ឋភាព​ ៣ ប្រទេស​"។ កំលោះ​សង្ហា​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​បញ្ជាក់​។

គួរ​បញ្ជាក់​ថា​ រឿង​ " អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" នេះ​ចាយ​ដើម​ទុន​ក្នុង​ការ​ផលិត​ខ្ទង់​ ៣០ ម៉ឺន​ដុល្លារ​​គ្រោង​នឹង​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ចំពោះ​ការ​ចាក់​បញ្ចាំង​វិញ​ នឹង​ដាក់​បញ្ចាំង​៣​ ប្រទេស​រួម​គ្នា​ក្នុង​ខែ វិច្ឆិការ ឆ្នាំ​ ២០១៧ ខាង​មុខ​ មាន​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ី​៕​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន