បើទៅ​លេងខេត្ត​បាត់​ដំបង​កុំ​ភ្លេច«សង្វាក់» ​

  • 2017-08-02 07:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី ​​«សង្វាក់» ​ប្រជាជន​ខ្មែរ​ភាគច្រើន​ច្បាស់​ជា​នឹក​ដល់​ខេត្ត​បាត់ដំបង ​ដែល​មាន​លក់​​«សង្វាក់» ដ៏​ឆ្ងាញ់​នេះ។ ប្រិយមិត្ត​ប្រហែលជា ធ្លាប់ស្គាល់ និង​ទទួលទាន អាហារ​បែបខ្មែរ ជាច្រើន​មុខ រួចមក​ហើយ ។ ប៉ុន្តែ អាហារ​មួយ​ប្រភេទ ​មាន​ឈ្មោះថា «សង្វាក់» មាន​អ្នក​ទី​ក្រុងភ្នំពេញ ភាគច្រើន អាច​មិន ធ្លាប់ស្គាល់ និង​ភ្លក់​រស​ជាតិ របស់​វាពីមុនមកទេ​។

​ជា​អ្នក​អាំង​«សង្វាក់»លក់​នៅ​ក្បែរ​ផ្សារ​ធំបាត់ដំបង​ អ្នក​ស្រី ​​រស់ ស៊ីណា ​បាន​ឲ្យ​ដឹង​ថា «សង្វាក់» ជា​អាហារ​​ដែល​ពេញនិយម និង មាន​ប្រភព​​នៅ​ក្នុង​ខេត្ត​បាត់ដំបង សង្វាក់ ​គឺជា​ប្រភេទ​សាច់​ត្រី​ស្រស់​បុក​លាយ​គ្នា​ជាមួយ​រំដេង ខ្ទឹមស អំបិល ស្ករ និង​ម្ទេស​បង្កប់​ក្នុង​សាច់​ត្រី ហើយ​ត្រូវ​​បាន​គេ​ខ្ចប់​វា​ដោយ​ស្លឹក​ចេក​ ​រួច​ផ្អាប់​​វា​ទុក​រយៈពេល ២ ថ្ងៃ ទើប​យក​ទៅ​ដាក់​អាំង វាកើត​ឡើង​ពី​គំ​និត​ច្នៃប្រឌិត​របស់​ខ្មែរ​យើង ​។

អ្នក​ស្រី​បន្ត​ថា សង្វាក់​ខុសពី​ណែម​បន្តិច​ត្រង់​ថា​ គេ​យក​វា​មក​អាំង ឬ​ចំហុយ​មុន​បរិភោគ​ ខណៈ​ដែល​ណែម​គេ​ច្រើន​បក​ញ៉ាំ​ឆៅ​តែ​ម្ដង។ សម្រាប់​​សង្វាក់​គេ​ច្រើន​ញ៉ាំ​ជាមួយ​នំ​បញ្ចុក បន្លែ​អន្លក់​ដូច​ជា សាលាដ ជីរ​​គ្រប់មុខ ត្រសក់ ស្លឹក​ស្បៃរឿង ស្ពៃក្តោប និង​ស្លឹក​ជម្ពូ ជាដើម ដោយ​ជ្រលក់​ជាមួយទឹក​ត្រី​ផ្អែម ឬ​ទឹក​តៅ​ហ៊ូ។

​អ្នក​ស្រី​​ ស៊ីណា បន្តទៀត​ថា ​​«ខ្ញុំ​បាន​លក់​អាហារ​សង្វាក់​នៅ​ក្បែរ​ផ្សារ​ធំបាត់ដំបង ​​ជាង​២ឆ្នាំ​មក​ហើយ។ កាល​ពី​មក​លក់​ដំ​បូង​ គឺ​មិន​សូវ​ដាច់​ទេ​ តែ​ឡូវ​នេះ​មាន​មនុស្ស​ម្នា​ចូល​មក​ទិញ​យក​ទៅ​ញុំា​ច្រើន​មិន​ថា ភ្ញៀវ​ទេស​ចរណ៍​ជាតិ​នោះ​ទេ​ សូម្បី​តែ​ភ្ញៀវ​ទេស​ចរណ៍​អន្តរ​ជាតិ​ក៏​ទិញ​ញុំា​ដែរ​​ និយាយ​ទៅ​គឺ​អាំង​សង្វាក់ និង​ដាក់​ឲ្យ​ភ្ញៀវ​ស្ទើរ​តែ​មិន​ទាន់​ផង​​ ​​»។

អ្នក​ស្រី​បាន​ប្រាប់ថា សម្រាប់​តម្លៃ​សមរម្យ​មិន​ថ្លៃ​ទេ​ ការ​លក់​គឺ​គិត​ជា​ឈុត ដោយ​ក្នុងមួយ​ឈុត​មាន​សង្វាក់​ ១០​ រួម​មាន​បន្លែ​គ្រប់​មុខ​ជា​អន្លក់ នំ​បញ្ចុក និង​ទឹក​ជ្រលក់ មាន​តម្លៃ​ត្រឹម​តែ​ ៥​ពាន់​រៀល​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​សង្វាក់​លក់ដាច់​គឺ​​មក​​ពី​វា​មាន​តម្លៃ​ធូរ​ថ្លៃ​ ជា​ប្រភេទ​អាហារ​រហ័ស មិន​រង់ចាំ​យូរ​ អាច​ជំ​នួយ​ដល់​សុខភាព​ព្រោះ​មាន​បន្លែ​ច្រើន​ មួយ​ទៀត​គឺ​អា​ស្រ័យ​នឹង​រសជាតិ​របស់​សង្វាក់ផង​ដែរ​។

កញ្ញា ហូយ​ ស្រី​ណែត ដែល​បាន​ទៅ​លេង​ខេត្ត​បាត់​ដំ​បង​​ បាន​និយាយ​ថា ​«ពេល​ត្រឡប់​មក​ភ្នំ​ពេញ​វិញ​ខ្ញុំ​បាន​ទិញ​សង្វាក់​​យក​មក​​ផ្ទះ​ ព្រោះ​​​វា​ឆ្ងាញ់​ជាប់មាត់​ពេល​ញុំា​វា​នៅ​បាត់ដំបង​ ហើយ​គិត​ថា ​ចង់​ញុំា​វា​ទៀត​ក៏​ទិញវា​យក​មក​ដើម្បី​ធ្វើ​ញុំា​ជុំ​បង​ប្អូន​នៅ​ផ្ទះ​​​ »។ កញ្ញា ​​បន្ត​ថា ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់​ចំ​ពោះ​រស​ជាតិ​របស់​សង្វាក់នេះ​ពេល​ញុំា​រួច​ហើយ​ចង់​តែ​ញុំាម្តង​ទៀត ព្រោះ​វាឆ្ងាញ់​ និង​មាន​រស​ជាតិ​ប្លែក​​៕

អត្ថបទ៖ ហេង ស្រីនាង (ccj)

អត្ថបទថ្មី