ដឹងច្បាស់ទេ អ្វីទៅជាចំណងទាំង ៥ ប្រការ ?
- 2017-08-06 08:08:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ទេ អ្វីទៅជាចំណងទាំង ៥ ប្រការ ?
ចន្លោះមិនឃើញ
ការរៀបការ គឺជារឿងមួយដែលបុរស និងស្ត្រីទាំងអស់ក្នុងលោកតែងតែជួបប្រទះ ហើយនៅពេលបុរស និងស្ត្រីសម្រេចចិត្តរៀបការជាមួយគ្នាហើយនោះ ជីវិតអាពាហ៍ពិពាហ៍នេះនឹងប្រែក្លាយជីវិតរបស់បុគ្គលពីររូបអោយទៅជាជីវិតរួមគ្នាមួយ។ ចាស់ៗសម័យបុរាណ លោកតែងតែប្រដៅកូនចៅថា គ្រប់មនុស្សទាំងអស់ ដែលកើតមក គឺនឹងត្រូវជាប់ចំណង ៥ ប្រការ។
លោកតា លុន ជាអាចារ្យស្នាក់នៅកុដ៍មួយ ក្នុងវត្តសន្សំកុសលបានពន្យល់ថា៖
ចំណងទី១ គឺរូបសម្បត្តិ ស្ត្រីជាភរិយាថ្វីដ្បិតតែមិនសូវស្អាតពីធម្មជាតិក៏ដោយ ប៉ុន្តែយើងគួរចេះកែច្នៃលម្អឲ្យបានស្អាតសមរម្យ។ ព្រោះបុរសជាស្វាមីគ្រប់រូបតែងចង់បានភរិយាដែលមានរូបសម្រស់ស្អាតល្មមសមគួរចូលក្នុងចំណោមនឹងគេចុះកុំឲ្យស្វាមីខ្មាសគេ។
ចំណងទី២ គឺបុត្រ ជាការពិតណាស់ ពាក្យចាស់តែងពោលថា «ពេលនៅកំលោះស្រឡាញ់ឪពុកម្ដាយខ្លាំងជាងគេ តែពេលមានប្រពន្ធស្រឡាញ់ប្រពន្ធខ្លាំងជាងគេ លុះពេលមានកូនស្រឡាញ់កូនខ្លាំងគេ»។ ដូច្នេះភរិយាទាំងឡាយត្រូវបង្កើតកូន និងអប់រំថែទាំកូនឲ្យបានឆ្លាតស្អាតល្អគួរជាទីអាណិតទាក់ចិត្តស្វាមី កុំឲ្យដាច់ចិត្តចុះចោល ឬទៅលួចមានប្រពន្ធស្រីក្រៅ។
ចំណងទី៣៖ គឺទ្រព្យសម្បត្តិ មិនមែនគ្រប់បុរសទាំងអស់សុទ្ធតែទាមទារទ្រព្យសម្បត្តិនោះទេ ប៉ុន្តែការមានទ្រព្យសម្បត្តិនេះ គឺជាចំណងចិត្តស្វាមីដ៏រឹងមាំមួយផ្នែកដែរសម្រាប់ភរិយា។ ដូច្នេះ ស្ត្រីទាំងឡាយគួរតែខិតខំប្រឹងប្រែង ឈ្លាសវៃក្នុងការរៀនយកជំនាញសម្រាប់ការងារអាជីពច្បាស់លាស់ និងស្វះស្វែងរកទ្រព្យ ថែទាំទ្រព្យសម្បត្តិឲ្យបានច្រើនទាំងក្នុងពេលកំពុងរួមរស់នៅជាមួយស្វាមី ឬមុនពេលមានស្វាមី ព្រោះភាពក្រីក្រជាប្រភពនៃអមិត្តភាព និងអរិភាព។
ចំណងទី៤ គឺញាតិមិត្ត ចំណងអាពាហ៍ពិពាហ៍ ឬទំនាក់ទំនងគ្រួសារនឹងស្ថិតស្ថេរគង់វង្សបានប្រសិនបើញាតិមិត្តទាំងសងខាង នៃភាគីទាំងពីរ (ប្ដីប្រពន្ធ) មានសភាពល្អប្រសើរ។ ពេលខ្លះទោះបី អ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នានៅក្នុងជីវិតគូស្រករក្ដី ប៉ុន្តែដោយសារការមានទំនាក់ទំនងល្អរវាងសមាជិកគ្រួសារទាំងពីរ វានឹងជួយជំរុញឲ្យភាពរកាំរកូសរបស់ប្ដីមានទឹកចិត្តទោរទន់ អាឡោះអាល័យមិនដាច់ចិត្តចោលប្រពន្ធ។
ចំណងទី ៥ គឺសីល ឬចរិយាសម្បត្តិ ចំណុចចុងក្រោយនេះសំខាន់ណាស់ បើស្ត្រីជាភរិយាទាំងឡាយមានគុណសម្បត្តិទាំង៤ខាងលើហើយ ប៉ុន្តែខ្វះចរិយាសម្បត្តិគឺសេចក្ដីថ្លៃថ្នូរ ប្រព្រឹត្តរៀបរយល្អ មានសុជីវធម៌ ចេះដឹងខ្ពស់ទាបទាំងសម្ដីសំដៅកាយវិការ ចេះរៀបចំទុកដាក់ទ្រព្យសម្បត្តិដែលរកបាន ជាពិសេស គឺស្គាល់ឪពុក-ម្តាយ បងប្អូន ញាតិមិត្តទាំងសងខាង។
លោកតាអាចារ្យខាងលើ ក៏បានបញ្ញាក់ថា ក្រុមគ្រួសារ សាច់សារ លោហិត ញាតិមិត្ត បងប្អូន កូនចៅ ប្រពន្ធ ប្ដី បើមានធុរៈត្រូវជួយមើលថែរក្សាគ្នា បើឃើញ ញាតិមិត្ត ឬ សមាជិកគ្រួសារ ជួបទុក្ខលំបាក យើងក៏ស្ម័គ្រចិត្តចូលទៅជួយសម្រាលគ្នា ចេះរស់នៅជុំគ្នា ចេះមើលថែរក្សាគ្នា គិតពីប្រយោជន៍រួម និង សុខទុក្ខ ទាំងអស់គ្នា៕