បាតដៃខ្នងដៃ! កីឡាករ៦រូបដែលនិយាយថាមិនចេញពីក្លឹបតែបែរជាចេញ

  • 2017-08-09 14:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងពិភពបាល់ទាត់ជាពិសេស ក្នុងរដូវកាលដោះដូរកីឡាករ អ្វីៗអាចប្រែប្រួលមិនទៀងមិនទាត់ ហើយជួនកាលការផ្ទេរដែលមិនអាចទៅរួចសោះ ក៏ចុងក្រោយនៅតែអាចទៅរួច។

ជាក់ស្ដែងមានកីឡាករមួយចំនួនដំបូងនិយាយថានឹងបន្តនៅក្លឹបសម្រាប់រដូវកាលថ្មី តែមិនបានប៉ុន្មានផង ពេលមានក្លឹបផ្សេងមួយទៀតទាក់ទង កីឡាករទាំងនោះក៏ចាកចេញ។ ខាងក្រោមគឺកីឡាករ៦រូបដែលនិយាយបាតដៃខ្នងដៃ៖

១. Sol Campbell៖ ខ្សែការពារកណ្ដាល Campbell បានរីកចម្រើនចេញពីថ្នាលយុវជនរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs រហូតក្លាយជាវីរបុរសរបស់ក្លឹប។ ទោះជាសន្យាថានឹងបន្តលេងឲ្យក្លឹប តែពីរសប្ដាហ៍ក្រោយមក កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានផ្ទេរទៅក្លឹបកាំភ្លើងធំ Arsenalដែលជាក្លឹបគូសត្រូវស៊ីសាច់ហុតឈាមរបស់ Spurs កាលពីឆ្នាំ ២០០១។

២. Cesc Fabregas៖ កីឡាករសញ្ជាតិអេស្ប៉ាញ ជាវីរបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal ហើយបានធ្វើជាប្រធានក្រុមនៅឆ្នាំ ២០០៨ ទៀតផង។ ក៏ប៉ុន្តែគ្រាន់តែដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ខ្លួនភ្លាម ខ្សែបម្រើរូបនេះ បានបដិសេធមិនចូលរួមហ្វឹកហាត់ជាមួយក្លឺប Arsenal ហើយបានទាំងធ្វើពុតមានរបួសទៅទៀតដើម្បី ផ្ទេរទៅក្លឹប Barca ក្នុងឆ្នាំ ២០១១។

៣. Fernando Torres៖ ខ្សែប្រយុទ្ធអេស្ប៉ាញត្រូវបានអ្នកគាំទ្ររបស់ក្លឹបហង្សក្រហម Liverpool ចាត់ទុកជាវីរបុរស ដោយសារទម្រង់ស៊ុតទីដ៏ខ្លាំង និងគិតថារូបគេនឹងចង់បន្តលេងឲ្យក្លឹបជើងឯកលីគកំពូលអង់គ្លេស១៨សម័យកាល តែចុងបញ្ចប់ Torres បានសម្រេចចិត្តផ្ទេរចេញទៅក្លឹបតោខៀវ Chelsea ក្នុងខែមករាឆ្នាំ ២០១១។

៤. Robin van Persie៖ ខ្សែប្រយុទ្ធជាតិហូឡង់ ជាកីឡាករដ៏ឆ្នើមរបស់ Arsenal និងបានធ្វើជាប្រធានក្រុមក្នុងរដូវកាល ២០១១-២០១២។ ទោះជាបែបនេះក៏ដោយ កីឡាកររូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបកាំភ្លើងធំ ដែលខ្លួនបានលេងឲ្យតាំងពីឆ្នាំ២០០៤ទៅក្លឹបបិសាចក្រហម Manchester United នៅក្នុងខែកក្កដា ឆ្នាំ ២០១២ ដោយថែមទាំងបោះពាក្យមួយឃ្លាទៀតថា "ខ្ញុំតែងតែស្តាប់តាមកូនចិត្តខ្ញុំ ដែលយំស្រែកចង់ទៅក្លឹប Manchester United”។

៥.Fabian Delph៖ កីឡាករខ្សែស្លាបសញ្ជាតិអង់គ្លេសបានសន្យាថាខ្លួនមានភាពស្មោះត្រង់ចំពោះក្លឹប និងមានមោទនភាពធ្វើជាប្រធានក្រុម Aston Villa ថែមទាំងគ្រោងបន្តលេងឲ្យក្លឹបតទៅទៀត។ ពោលបែបនេះរួច ៨ ថ្ងៃក្រោយមក Delph បានចាកចេញទៅក្លឹបមេឃខៀវ Manchester City កាលពីរដូវកាលទីផ្សារដោះដូរឆ្នាំ២០១៥។

៦.Luis Figo៖ ខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្គាល់ ជាកីឡាករដ៏ឆ្នើម និងសំខាន់សម្រាប់ Barcelona ហើយបានសន្យានឹងក្លឹប និងអ្នកគាំទ្រថានឹងបន្តលេងឲ្យក្លឹប Barca តទៅទៀត។ មិនយូរប៉ុន្មានផង ក្នុងឆ្នាំ ២០០០ កីឡាករឆ្នើមរូបនេះ បានចរចាជាសម្ងាត់ដើម្បីចាកចេញពីក្លឹបអ្នកមានបុណ្យ និងមកចូលរួមជាមួយក្លឹបអធិរាជស Real Madrid ជាក្លឹបគូប្រជែងដ៏សំខាន់របស់ក្លឹប Barca។

ការផ្ទេរនេះធ្វើឲ្យមានការភ្ញាក់ផ្អើលមែនទែនក្នុងពិភពបាល់ទាត់ ព្រមទាំងបង្កការខឹងសម្បាពីសំណាក់អ្នកគាំទ្រក្លឹបអ្នកមានបុណ្យ រហូតដល់ហ៊ានទាំងគប់ក្បាលជ្រូកទៅលើទីលានវាលស្មៅក្នុងជំនួប El Clasico នៅទឹកដី Camp Nou ដើម្បីជានិមិត្តសញ្ញាបញ្ជាក់ពីភាពមិនស្មោះត្រង់របស់ខ្សែស្លាបជាតិព័រទុយហ្គាល់រូបនេះចំពោះពួកគេ៕

ប្រភព៖ 90min   កែសម្រួល៖ ហ៊ីម រស្មី