"​ទេ​ទឹក​ពុះ" ​ល្បី​ថា ​ជា​តំបន់​ធម្មជាតិ​នាំ​សំណាង ​និង​អាច​ព្យាបាល​ជម្ងឺគ្រប់ប្រភេទ

  • 2017-08-10 23:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទេទឹកពុះ ជា​តំបន់​ធម្មជាតិ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជា​តំបន់​សក្ដិ​សិទ្ធ​ ការពារ​ដោយ​ពលរដ្ឋ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោរ​ដូន​តី  ​ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់​ ​ចម្ងាយ​ប្រមាណ​ ៦០​គីឡូ​ម៉ែត្រ​ ​ស្ថិត​នៅ​ទិស​ខាង​លិច​នៃ​ទីរួម​ខេត្ត​កំពង់​ស្ពឺ​។

​តាម​ប្រភព​ពី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​ ​តំបន់​ទេ​ទឹក​ពុះ​នេះ​ ត្រូវ​បាន​​ប្រជាជន​ក្នុង​តំបន់​ ដែលជាជនជាតិសួយមាន​ជំនឿ​ថា​ ​ជា​តំបន់​សក្ដិ​សិទ្ធ​ ​អ្នក​ដែល​មក​លេង​នៅ​ទី​នេះ​ហើយ​ ​នឹង​នាំ​សំណាង​ត្រឡប់​ទៅវិញ​ ជា​ពិសេស​អ្នក​មាន​ជម្ងឺ​គ្រប់​ប្រភេទ​ អាច​មក​លុប​លាង​មុខ​ដោយ​ទឹក​ថ្លា​ឈ្វង់​នៅ​ទីនោះ ​នឹង​អាច​ជា​សះ​ស្បើយ​ពី​ជម្ងឺ​ជា​មិន​ខាន​។

តំបន់​ទេ​ទឹក​ពុះ​ ​ជា​តំបន់​ដែល​មាន​សី​តុណ្ហភាព​ខ្ពស់​រហូត​ដល់​ ​៧០​អង្សារសេ​ ​ដែលមានទឹក​ចេញ​មក​ពី​ប្រភព​៦ និង​មាន​ក្លិន​ដូច​ស្ពាន់ធ័រ ​និង​ថ្មកំបោរ។ ​​ផ្ទៃ​ទឹក​ ទំហំ ៨០​ម៉ែត្រ​ការ៉េ​ និង​មាន​ផ្ទៃ​ដី​សរុប​ ៥​ហិកតា​ និង​ពោរពេញ​ដោយ​ស្មៅ​ខ្ពស់ៗ​ កក់(​ប្រភេទ​ត្រែង​ម្យ៉ាង​) ​និង​ថ្ម​ក្រហម​។

បន្ថែម​ពី​លើ​នេះ​ ​ក្រសួង​បរិស្ថាន​ ​បាន​ដាក់​តំបន់​នេះ​ ជាតំបន់​​សហគមន៍​ការពារ​ធម្មជាតិ​ទេ​ទឹកពុះ​ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ឱរ៉ាល់​ ​ខេត្ត​កំពង់​ស្ពឺ ​និង​ជួយ​សាងសង់​ស្តូប​តំណាង​ជនជាតិ​សួយ​ ​ដែលជា​ម្ចាស់​ស្រុក​ ទី​កន្លែង​គោរព​សក្ការៈ​ ​និង​បង្កើត​ទីផ្សារ​បន្លែ​ធម្មជាតិ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ដែល​មក​លេង​កម្សាន្ត​។ ​ការ​កម្សាន្ត​នេះ ​នឹង​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​បាន​ទទួល​ប្រាក់​កម្រៃ​ដែល​ជា​ចំណូល​សម្រាប់​អភិវឌ្ឍន៍​គ្រួសារ​។

ដោយ​ឡែក​សម្រាប់​ប្រិយ​មិត្ត​អ្នក​អាន ​ដែល​មាន​បំណង​ចង់​ទៅ​លេង​តំបន់​កម្សាន្ត​នាំ​សំណាង​នោះ អាច​​ដំណើរ​មក​លេង​ដែល​មាន​ចម្ងាយ​ពីក្រុង​ភ្នំពេញ​ប្រមាណជាង ១០០ ​គីឡូម៉ែត្រ ​អាច​ចំណាយ​ពេល​ ប្រហែល ​៣ម៉ោង​នឹង​ទៅ​ដល់ ​ហើយ​អាចត្រឡប់​មក​វិញ​ពេល​ល្ងាច​បាន​ផង​ដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី