មិនធម្មតា! គំនូររាប់រយផ្ទាំងរបស់វិចិត្រករខ្មែររូបនេះ បញ្ចូលសុទ្ធតែរឿងប្រវត្តិសាស្រ្ត
- 2017-08-11 04:48:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! គំនូររាប់រយផ្ទាំងរបស់វិចិត្រករខ្មែររូបនេះ បញ្ចូលសុទ្ធតែរឿងប្រវត្តិសាស្រ្ត
ចន្លោះមិនឃើញ
វិចិត្រករដ៏ចំណានលោក លាង ស៊ីកន ជ្រើសរើសការគូរគំនូរសហសម័យដើម្បីរៀបរាប់ពីប្រវត្តិសាស្ត្រ ពីជីវិតរស់នៅក្នុងសង្គម និងពីការស្រមើស្រមៃរបស់ខ្លួន ដើម្បីអប់រំខ្លួនឯង និងសម្រាប់ឱ្យពិភពលោកស្វែងយល់។
គំនូររាប់រយផ្ទាំងដែលអ្នកជំនាញខាងគំនូរសហសម័យរូបនេះបានគូរ សុទ្ធសឹងបានបញ្ចូលរឿងប្រវត្តិសាស្ត្រ ក្នុងនោះមានដូចជារៀបរាប់ពីភាពរីកចំរើនក្នុងសម័យអង្គរ សង្គ្រាមជាច្រើនសតវត្សរ៍បានអូសបន្លាយក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយអាមេរិក ចិន បារាំង និងប្រទេសផ្សេងៗទៀត រួមទាំងការបាត់បង់វត្ថុមានតម្លៃជាច្រើនពីប្រទេសកម្ពុជា ហើយត្រូវបានប្រទេសគេប្រគល់មកវិញជាដើម។
វិចិត្រករមកពីគ្រួសារកសិករម្នាក់នេះបានបញ្ជាក់ថា គំនូររបស់លោកភាគច្រើន មិនបង្ហាញន័យត្រង់ឡើយ គឺធ្វើយ៉ាងណាឱ្យអ្នកមើលព្យាយាមស្វែងយល់ពីអត្ថន័យរបស់វា។ ដូចជាការគូររូបព្រះ រូបផ្កា រូបភ្លើង រូបដុំមាស និងរូបអ្វីផ្សេងទៀតនៅនឹងតួខ្លួនមនុស្សជាដើម នេះសុទ្ធសឹងបង្កប់អត្ថន័យ។
“គំនូររបស់ខ្ញុំគូរអំពីបញ្ហាជីវិត បញ្ហាសង្គម គូរពីរឿងបច្ចុប្បន្ននិងអតីតកាល អីចឹងរឿងធំជាងគេគឺរឿងជីវិតហ្នឹងតែម្ដង ទទួលការឈឺចាប់ពីសង្គ្រាម ឬពីអ្វីមួយ តែខ្ញុំចង់នាំចិត្តមនុស្សកុំឱ្យមានការសងសឹក យើងត្រូវសម្រួលអារម្មណ៍ អប់រំខ្លួនឯង”។
វិចិត្រករមកពីខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា ពេលដែលលោកដើរទៅណាមកណា ទោះក្នុងប្រទេសក្ដី ក្រៅប្រទេសក្ដី លោកតែងតែរើសសំរាមមកជានិច្ចឱ្យតែលោកយល់ថាវាអាចមានប្រយោជន៍ដល់គំនូររបស់លោក។ លោកជឿជាក់ថា បើលោកមិនរើសនៅពេលនេះទេ ថ្ងៃក្រោយលោកត្រូវការវានោះមិនប្រាកដថានឹងមានឡើយ ការសន្សំសំរាមនេះហើយជាផ្នែកមួយធ្វើឱ្យគំនូររបស់លោកមានតម្លៃជាសកល។
សូមបញ្ជាក់ថា លោក លាង ស៊ីកន គឺជាវិចិត្រករដែលមានទេពកោសល្យដ៏អស្ចារ្យខាងគំនូរសហសម័យ ស្នាដៃរបស់លោកមានឈ្មោះបោះសំឡេងទាំងលើឆាកជាតិ និងអន្តរជាតិ ក្នុងនោះគំនូររបស់លោកជាច្រើនផ្ទាំងបាន ដាក់លក់ក្នុងវិចិត្រសាលល្បីៗលើពិភពលោក៕