ហេតុ​ផល​ពិសេស​​នេះ​ធ្វើ​ឲ្យ​ទូរទស្សន៍​១​ចុះ​កុង​ត្រា​៣​ឆ្នាំ​ជាមួយ​ ព្រះ កាយច័ន្ទ

  • 2017-08-14 05:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "​ទណ្ឌកម្ម​ស្នេហ៍​" របស់​ទូរទស្សន៍​ប៉ុស្ដិ៍​​លេខ​៥ នៅ​សណ្ឋាគារ​ សូហ្វីតែល​ ព្រឹក​មិញ​នេះ។​ ព្រះ កាយច័ន្ទ ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ខាង​លើ​បាន​រៀប​រាប់​ថា​​នាង​បាន​ចុះ​កុង​ត្រា​ជាមួយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​​៥​ រយៈ​ពេល​៣​ឆ្នាំ​។​​

តួ​ឯក​ស្រី​រូប​នេះ​បន្ត​ថា​ ក្រោយ​ពី​ថត​រឿង​ "ច័ន្ទ​វង្វេង​មេឃ​" ​ចប់​រួច​រាល់​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ​ក៏​បាន​ពេញ​ចិត្ត​​ទៅ​សមត្ថភាព​ និង​ទេពកោសល្យ​​សម្ដែង​របស់​នាង​ ទើប​សម្រេច​ឲ្យ​​ចុះ​កុង​ត្រា​​តែ​ម្ដង​ទៅ​​។ រយៈ​ពេល​៣​ ឆ្នាំ​នៃ​ការ​ចុះ​កុង​ត្រា​ នាង​​​គ្មាន​សិទ្ធ​ថត​ខ្សែ​ភាព​យន្ត​ឲ្យ​ទូរទស្សន៍​ផ្សេង​ក្រៅ​ពី​ប៉ុស្តិ៍​នោះ​ទេ​បើ​គ្មាន​ការ​អនុញ្ញាត​។

“នេះ​ជា​រឿង​ទី​២ របស់​នាង​ខ្ញុំ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បង​បន្ទាប់​ពី​ចុះ​កុង​ត្រា​បាន​កន្លះ​ឆ្នាំ​​ ការ​ចុះ​កុង​ត្រា​នេះ​ ខ្ញុំ​ទទួល​បាន​ជា​ប្រាក់​ខែ​ជា​ប្រចាំ​​ពី​ទូរទស្សន៍​ប៉ុស្តិ៍​ ចំណែក​ឯ​ប្រាក់​ខែ​ដែល​ខ្ញុំ​ទទួល​បាន​ប៉ុន្មាន​សុំ​លាក់​សិន​បង​ តែ​ក្នុង​១​ឆ្នាំ​​ខ្ញុំ​ចេញ​ថត​ឲ្យ​ប៉ុស្តិ៍​​លេខ​៥ ​២​ទៅ​៣ រឿង​បើ​សិន​ជា​យើង​មាន​ពេល​វេលា​" ។ ព្រះ កាយច័ន្ទ​ ថ្លែង​បញ្ជាក់​។

ក្នុង​ពិធី​ក្រុង​ពាលី​នេះ​ដែរ​ លោក ស៊ិន សុផាត ប្រធាន​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​ផ្សាយ​​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​មាន​ប្រសាសន៍​ថា​ រឿង​ "ទណ្ឌកម្ម​ស្នេហ៍​" ជា​ប្រភេទ​រឿង​​បែប​មនោសញ្ចេតនា​ស្នេហា​កាច់​កុង​គ្នា​រវាង​តួ​ឯក​ប្រុស​ស្រី​ទាំង​ពី​រ​។ រឿង​នេះ​មាន​​៣០ ទៅ​៣៥ ភាគ​ នឹង​ចាប់​ផ្ដើម​ចេញ​ថត​នៅ​ថ្ងៃ​ទី​១៥ ខែ​ សីហា ឆ្នាំ ២០១៧ ស្អែក​នេះ​ គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​នៅ​ខែ​ វិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​។

ខ្សែ​ភាព​យន្ត​ភាគ​រឿង​"ទណ្ឌកម្ម​​ស្នេហ៍" ចូល​រួម​សម្ដែង​ដោយ​ លោក សូ ឆានី ព្រះ កាយច័ន្ទ ទឹម រដ្ឋា នៅ ដាណា យូនីស្កូ ឯក សុភារិទ្ធ ហេង ដាវី តូច ស្រីពេជ្រ ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន