កម្ពុជា​ទទួល​បាន​មេដាយ​ មាស ប្រាក់ សំរឹទ្ធិ ៧០ ពីការ​ប្រឡង​គណិតវិទ្យា​យុវ​ជន​អន្តរជាតិ​អូ​ឡាំ​ព្យាដ​

  • 2017-08-16 03:15:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា មាន​កិត្តិ​យស សូម​ជ​ម្រាប​ជូន​សាធារណ​ជន ឱ្យ​បាន​ជ្រាប​ថា ការ​ប្រឡង​គណិតវិទ្យា​យុវ​ជន​អន្តរជាតិ​អូ​ឡាំ​ព្យាដ (IJMO: International Junior Math Olympiad) បាន​រៀបចំឡើង​ដំ​បូ​ង​បង្អស់ នៅ​ទីក្រុង​ភ្នំពេញ នៅ​ខែ​សីហា ឆ្នាំ​២០១៧​។

កម្មវិធី​នេះ គឺជា​ការ​ប្រកួតប្រជែង​គណិតវិទ្យា​អន្តរជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​ជា​រៀងរាល់​ឆ្នាំ នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​។ ចំពោះ​លក្ខខណ្ឌ​ចូលរួម មាន​តែ​ជយលាភី​មេដាយមាស​ពី​ការ​ប្រឡង​ប្រជែង​គណិតវិទ្យា​អូ​ឡាំ​ព្យា​ដ​របស់​ប្រទេស​សឹង្ហ​បុរី​និង​សាលា​ក្នុង​តំ​បន់​អាស៊ាន (SASMO៖ Singapore and Asian Schools Math Olympiad) ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ចូលរួម និង​ត្រូវ​បាន​ជ្រើសរើស ដើម្បី​តំណាង​ឱ្យ​ប្រទេស​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​ជា​រៀងរាល់ឆ្នាំ​។

IJMO មាន​បំណង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស ដើម្បី​ធ្វើ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា ព្រម​ទាំង​ប្រកួតប្រជែង​ជាមួយ​គូប្រកួត​ដែល​មាន​សមត្ថភាព​នៅ​ក្នុង​តំ​បន់​អាស៊ី​។ សិស្សានុសិស្ស​ជាច្រើនមកពី ១៧ ប្រទេស​និង​សាលា​ជាច្រើន បាន​ចូលរួម​កម្មវិធី IJMO នេះ​ជា​លើក​ដំ​បូ​ង​។

ការ​ប្រកួតប្រជែង​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សាកល​វិទ្យា​ល័​យ​ហ្សា​ម៉ាន់ នា​ថ្ងៃទី​១២ ខែ​សីហា វេលា​ម៉ោង ៨​ព្រឹក ដែល​មាន​ការចូលរួម​ដោយ​ប្រទេស​នានា​ដូចជា​កម្ពុជា សិង្ហ​បុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ អ៊ូ​បេគី​ស្ថាន មី​យ៉ាន់​ម៉ា ចិន វៀតណាម ប៊ុលហ្គារី និង​ហុងកុង​។ កម្ពុជា​ទទួល​បាន​មេដាយ​សំរិទ្ធិ​ ៦២ ប្រាក់​៥ និង​មាស​៣​។​

អំឡុង​ពេល​នៃ​ការ​រៀ​ប​ចំ​ការ​ប្រកួត បេក្ខជ​នបរទេស​បាន​ធ្វើ​ទស្សនកិច្ច​ខេត្ត​សៀមរាប ដើម្បី​ស្វែង​យល់​អំពី​ប្រាសាទ​អង្គ​រ​វត្ត​និង​សម្បត្តិ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​។ នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​វប្បធម៌​៕

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហ​ទំព័រ www.ijmo.asia ឬ​ទំព័រ​ហ្វេស​ប៊ុ​ក www.Facebook.com/STEMCambodia ឬ www.facebook.com/SASMOCambodia ។​

ដោយ៖ ថា ម៉ាលីដា